កំពង់ផែ​ធំទាំងពីរនៅកម្ពុជា​រកចំណូល បាន​ជាង ៥២​លាន​ដុល្លារ ក្នុងឆ្នាំ​២០១៧
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 January, 2018 ក+ ក-

​ភ្នំពេញ ៖ ចំណូល​ពី​ការដឹកជញ្ជូន​ទំនិញ​តាម​កំពង់ផែ​ស្វ័ត​ភ្នំពេញ និង ក្រុងព្រះសីហនុ ក្នុង​ឆ្នាំ​២០១៧​មានការ​កើនឡើង ខណៈដែល​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​បង្កើន​សមត្ថភាព​កំពង់ផែ​ទាំងពីរ​នេះ​បន្ថែមទៀត ក្នុង​ឆ្នាំ​២០១៨ នេះ​។​

​ចំណូល​នៃ​ការដឹកជញ្ជូន​របស់​កំ​ពង់​ផែ​ស្វយ័ត​ភ្នំពេញ ក្នុង​ឆ្នាំ​២០១៧ មានការ​កើនឡើង​១៤% ដែល​ទទួល​ថវិកា​ចំណូល​សរុប​បាន​ជាង ៧៥​ពាន់ ១១០​លាន​រៀល ស្មើនឹង​ជាង ១៨​លាន​៥​សែន​ដុល្លារ​អាមេរិក ខណៈដែល ចំណូល​របស់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ក្នុង​ឆ្នាំ​២០១៧ កើនឡើង​១៦,៨% ដែល​ទទួលបាន​ថវិកា​ចំណូល​សរុប​ជាង ៥២​លាន ១​សែន (៣៥៧៣០) ដុល្លារ​អាមេរិក​។

នេះ​បើ​យោងតាម​របាយការណ៍​បូកសរុប​ថវិកា​ចំណូល​ប្រចាំឆ្នាំ​២០១៧ នៃ​កំពង់ផែ​ស្វយ័ត​ទាំងពីរ​នេះ ធៀប​នឹង​ឆ្នាំ​២០១៦ ។ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ប្រចាំឆ្នាំ​២០១៧ នា​ព្រឹក​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៨ បាន​ថ្លែងថា កំពង់ផែ​ស្វយ័ត​ភ្នំពេញ មាន​ទំនិញ​ឆ្លងកាត់​ប្រមាណ ២​លាន​៧​សែន​៥៧៦៦១​តោន គឺ​កើនឡើង ១៤% ធៀប​នឹង​ឆ្នាំ​២០១៦​។ ចំណែក នាវា​ឆ្លងកាត់​សរុប​មាន ១៦៧២​គ្រឿង ថយចុះ ១,១៨%! អ្នកដំណើរ​បរទេស និង​ទេសចរណ៍​ឆ្លងកាត់ មាន ២៦៧១៥​នាក់ កើនឡើង​៦%! កុងតឺន័រ​ឆ្លងកាត់ មាន​ចំនួន ១៨​ម៉ឺន​៤៨៩៥ ទូ (TEUs) កើនឡើង ២២%! ។ ចំណែក​កំពង់ផែ​ស្វយ័ត​ព្រះសីហនុ លោកទេសរដ្ឋមន្ត្រី បាន​ឲ្យ​ដឹង ថា​មាន​ទំនិញ​ឆ្លងកាត់​សរុប ៤​លាន ៣​សែន​៥​ពាន់​តោន គឺ​កើនឡើង ៦,៥៥%​ធៀប​ឆ្នាំ​២០១៦​។ ចំណែក​នាវា​ឆ្លងកាត់ សរុប​មាន ១៣០០​គ្រឿង ថយចុះ ១,៦៦%! កុងតឺន័រ​ឆ្លងកាត់ ៤​សែន​៥​ម៉ឺន​៤៥៩២ ទូ (TEUs) កើនឡើង ១៤%​។ ជាមួយគ្នានេះ​លោក ស៊ុន ចាន់ថុល បាន​បង្ហាញថា សម្រាប់​ឆ្នាំ​២០១៨ ក្រសួង​នឹងដាក់​ទិសដៅ សម្រាប់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ដោយ​បន្ត​ពង្រីក​ការផ្តល់សេវា ដល់​អ្នកប្រើប្រាស់​កំពង់​ផែ តាមរយៈ​ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ​ចំណត់​ផែ​រណប និង​បង្កើត​សេវាកម្ម​លើកដាក់​នៅតាម​ដង​ទន្លេ ដើម្បី​ជំរុញ​ឲ្យ​មានការ​ប្រើប្រាស់ ការដឹកជញ្ជូន​ផ្លូវទឹក​ឲ្យ​កាន់​មាន​ភាព​មមាញឹក​។ ទន្ទឹមនេះ ក្រសួង​នឹង​បញ្ចប់​គម្រោង​អភិវឌ្ឍន៍​ចំណត​ផែ​កុងតឺន័រ LM 17 ជំ​ហ៊ាន​ទី​២ ដើម្បី​ពង្រីក​សមត្ថភាព​ផែ​បន្ថែមទៀត ។

ដោយឡែក ក្នុងឆ្នាំនេះ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នឹង​បង្កើន​ទំនិញ​ឆ្លងកាត់ ឲ្យ​ច្រើនជាង​ឆ្នាំ​២០១៧ តាមរយៈ​ការជំរុញ​ឲ្យ​មានការ​វិនិយោគ​កាន់តែច្រើន​ថែមទៀត នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​! និង​ស្វែងរក​ប្រភព​ថវិកា​បន្ថែម សម្រាប់​គម្រោង​អភិវឌ្ឍន៍​ចំណត់​ផែ​កុងតឺន័រ​ថ្មី និង​បន្ត​សាងសង់​ចំណត​កំពង់ផែ​កុងតឺន័រ ប្រវែង ៣៥០​ម៉ែត្រ ដែលមាន​ជម្រៅ​ទឹក ១៤,៥​ម៉ែត្រ​៕