កម្ពុជា​-​វៀតណាម សង់​ផ្សារ​គំរូ​ក្នុងស្រុក​មេមត់ ព្រំដែន​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​តៃនិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 January, 2018 ក+ ក-

​ត្បូងឃ្មុំ ៖ ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​-​វៀតណាម លើកដំបូង​ដែលមាន​ឈ្មោះថា ផ្សារ​ដា មាន​ទីតាំង​ស្ថិតនៅក្នុង​ស្រុក​មេមត់ ជាប់​ព្រំដែន​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​តៃនិញ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៨ ក្រោម​គណៈ​អធិបតីភាព លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង លោក វ៉ូ ហ្គុ​ង​មិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ប្រចាំ​នៅ​កម្ពុជា​។​
​ផ្សារ​គំរូ​ព្រំដែន​ដំបូង​គេ​មួយ​នេះ នឹង​ក្លាយជា​កន្លែង​ដោះដូរ​ទំនិញ​ដ៏​សំខាន់​រវាង​កម្ពុជា និង​វៀតណាម ហើយ​វា​ក៏​ជា​ចំណែក​មួយ​អាចជួយ​អោយ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​រីក​ធំធាត់​ឡើង ទៅតាម​គោលដៅ​នៃ​ប្រទេស​ទាំងពីរ ។​

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​ថ្លែងថា ផ្សារ​គំរូ​ព្រំដែន​នេះ​នឹង​ជួយ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​នៅតាម​ព្រំដែន និង​លើកកម្ពស់​ជីវភាព​ប្រជាជន​កម្ពុជា​-​វៀតណាម​អោយ​កាន់តែ​ប្រសើរ​ជាង​មុន ។ លើសពីនេះ លោក​រដ្ឋមន្ត្រី​ក៏បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​វៀតណាម ជាពិសេស​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម ព្រមទាំង​ភាគី​ពាក់ព័ន្ធ ដែល​បាន​ជួយ​សម្របសម្រួល​គម្រោង​សាងសង់​ផ្សារ​នេះ ដើម្បី​ទុកជា​និម្មិត​រូប និង​ជា​សមិទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំងពីរ​។

​លោក​បន្តថា ការបង្កើត​ផ្សារ​គំរូ​នេះ គឺជា​ការចាប់ផ្តើម​ទំព័រ​សករាជ​ថ្មី​មួយទៀត នៃ​ការពង្រឹង​កិច្ចសហការ និង​សម្រួល​ពាណិជ្ជកម្ម​នៅតាម​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ ឱ្យ​កាន់​តែមាន​ភាពងាយស្រួល និង​ជិត​ប្រជាពលរដ្ឋ ជាពិសេស​ឈានទៅ​សម្រេច​ឲ្យ​បាន​នូវ​ទំហំ​ពាណិជ្ជកម្ម​ចំនួន ៥​ពាន់​លាន​ដុល្លារ តាម​ផែនការមេ​ដែល​បាន​គ្រោងទុក​ក្នុងពេល​អនាគត​។​ឯកឧត្តម សង្ឃឹមថា​ផ្សារ​នេះ នឹង​បម្រើ​អត្ថប្រយោជន៍​ប្រជាពលរដ្ឋ​កម្ពុជា និង​សម្រាប់​ដាក់លក់​ទំនិញរ​បស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ជាពិសេស​រួមចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម និង​របាំង​ពាណិជ្ជកម្ម​នានា ដែល​តែ​តែង​រាំងស្ទះ​ដល់​ការធ្វើ​ចរាចរណ៍​ទំនិញ និង​ផលិតផល​នៅតាម​ព្រំដែន​កម្ពុជា និង​វៀតណាម​។​

លោក​វ៉ូ ហ្គុ​ង​មិញ ឯកអគ្គរដ្ឋទូត​វៀត​ណា​ម​ប្រចាំ​កម្ពុជា បាន​គូសបញ្ជាក់ថា ការសាង់សង់​ផ្សារ​គំរូ​មួយ​នេះ នឹង​នាំមក​នូវ​ក្តីសង្ឃឹម​ថ្មី​សម្រាប់​ប្រជាជន​កម្ពុជា និង​វៀតណាម ហើយនឹង​ក្លាយជា​គំរូ​នៃ​ការអភិវឌ្ឍ និង​ការពង្រីក​កិច្ចសហការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នៅតាម​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​នៅ​ថ្ងៃ​អនាគត ប្រកបដោយ​ជោគជ័យ​។

​គួរ​រំលឹក​ដែរ​ថា គម្រោង​សាងសង់​ផ្សារ​នេះ ត្រូវបាន​អនុម័ត​លើកដំបូង​កាលពី​ឆ្នាំ​២០១៣ ហើយ​ត្រូវបាន​បន្ត​អនុវត្ត​ឡើងវិញ​នៅ​ឆ្នាំ​២០១៦ នៅលើ​ផ្ទែ​ដី​ទំហំ ១៩.៦២៨​ម៉ែត្រការ៉េ ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ថា​រី​ត្បូងឃ្មុំ ជាមួយ​ទុនវិនិយោគ​សរុប​ចំនួន ប្រមាណ​ជិត ២ លាន​ដុល្លារ​អាមេរិក ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​វៀតណាម​។

គួរបញ្ជាក់​ផងដែរ​ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​វៀតណាម មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។ តាម​របាយការណ៍​រប​ស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា គិត​ត្រឹម​រយ​:​ពេល​១១​ខែ នៃ​ឆ្នាំ​២០១៧ ប្រទេស​ទាំងពីរ​សម្រេច​បាន​ទំហំ​ពាណិជ្ជកម្ម ៣.៤៣៨​លាន​ដុល្លារ ពោលគឺ​បាន​កើនឡើង ៣១,៥% បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ដែលមាន​ចំនួន​ត្រឹមតែ ២.៩២៦​លាន​ដុល្លារ ប៉ុណ្ណោះ​៕​