អាមេរិក បង្កើន​អំណាច​យោធា​ក្នុង​ឧបទ្វីប​កូរ៉េ អំឡុង​ការប្រកួត​អូឡាំពិក​រដូវរងារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 January, 2018 ក+ ក-

​អាមេរិក ៖ សហរដ្ឋអាមេរិក បង្កើន​កម្លាំង​ជុំវិញ​ឧបទ្វីប​កូរ៉េ អំឡុង​ការប្រកួត​អូ​ឡាំ​ពិ​ច​រដូវរងារ​ក្នុងប្រទេស កូរ៉េខាងត្បូង ពីថ្ងៃ​ទី 9 ដល់ 25 ខែកុម្ភៈ ដោយ​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ និង នាវា​ពិឃាត​បន្ថែមទៀត ទៅកាន់​ដែនទឹក​ឧបទ្វីប​កូរ៉េ ។ សកម្មភាព​នេះ​ធ្វើឡើង​ស្រប​ពេលដែល​មន្ត្រី​កូរ៉េ​ទាំងពីរ ជួបគ្នា​ជាច្រើនលើក និង បន្ទាប់ពី សហរដ្ឋអាមេរិក ព្រមព្រៀង​ផ្អាក​សមយុទ្ធ​យោធា​ជាមួយ កូរ៉េខាងត្បូង រហូតដល់​បញ្ចប់​កីឡា​អូ​ឡាំ​ពិ​ច ។​

​មន្ត្រី សហរដ្ឋអាមេរិក និយាយថា ទោះជា​មន្ត្រី​កូរ៉េ​ទាំងពីរ​បាន​ជួបគ្នា ប៉ុន្តែ​ស្ថានភាព​នៅតែ​តានតឹង ទាមទារ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ។ កងទ័ពអាកាស អាមេរិក ប្រចាំ​មហាសមុទ្រ​ប៉ាស៊ីហ្វិក បាន​បញ្ជូន​នាវា រួម​ជាមួយនឹង​យន្តហោះ​ទម្លាក់​គ្រាប់បែក B-2 “Spirit” និង​យន្តហោះ​ចម្បាំង​ជំនាន់​ថ្មី F-35 ជាច្រើន​គ្រឿង ទៅកាន់​មូលដ្ឋាន​យោធា​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ។ អ្វីដែល​ថ្មី​គឺមាន​ការបន្ថែម​យន្តហោះ​ទម្លាក់​គ្រាប់បែក នុយក្លេអ៊ែរ B-2 ដែលមាន​អនុភាព​ខ្លាំង​ជាង B-1B ព្រោះ​វា​អាច​នាំយក​គ្រាប់បែកនុយក្លេអ៊ែរ អាច​ជ្រៀតចូល​ទៅក្នុង​ដី បំផ្លាញ​រូង​ក្រោម​ដី និង​សំណង់​ក្រោម​ដី ដែល​គេ​ជឿថា កូរ៉េខាងជើង បាន​សាងសង់​ដើម្បី​ផលិត​គ្រាប់បែកនុយក្លេអ៊ែរ ។​

​នាវា​ផ្ទុក​យន្តហោះ USS Ronald Reagan ចេញពី​មូលដ្ឋាន Yokosuka ប្រទេស ជប៉ុន បាន​ទៅដល់​ដែនទឹក​ក្បែរ​ឧបទ្វីប​កូរ៉េ មុនពេល​នាវា​ផ្ទុក​យន្តហោះ USS Carl Vinson ចេញដំណើរ​ពី​មូលដ្ឋាន​យោធា​រដ្ឋ វ៉ា​ស៊ី​ង​តុ​ន ។ ចំណែក​នាវា​ប្រយុទ្ធ USS Wasp មាន​សមត្ថភាព​ប្រយុទ្ធ និង​ផ្ទុក​យន្តហោះ​ជំនាន់​ក្រោយ F-35B បាន​ទៅដល់​ដែនទឹក​ភាគខាងត្បូង​ប្រទេស ជប៉ុន ជាមួយនឹង​យន្តហោះ F-35 ច្រើនជាង 30 គ្រឿង ។ គណបក្សកាន់អំណាច កូរ៉េខាងជើង ចេញ​សេចក្ដីថ្លែងការណ៍​ថា ទង្វើ​របស់ សហរដ្ឋអាមេរិក មានបំណង​ញុះ​ញ៉​ង់​ដល់​កិច្ចប្រឹងប្រែង​ធ្វើ​ឲ្យ​ប្រសើរ​ដល់​ទំនាក់ទំនង​រវាង​កូរ៉េ​ទាំងពីរ ហើយ​ជាការ​បង្កហេតុ​យោធា​ដែល​មិនអាច​អត់ឱន​ឲ្យ​បាន ៕