អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ ថា ការទន្ទ្រាន​កាន់កាប់​បឹង​តា​មោគ មាន​អ្នក​នៅ​ពីក្រោយ​ខ្នង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 January, 2018 ក+ ក-

​ភ្នំពេញ ៖ ក្នុងឱកាស​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ការទន្ទ្រាន​កាន់កាប់​បឹង​តា​មោគ នា​ថ្ងៃទី​១៨ ខែមករា​នេះ លោក សុខ សម្បត្តិ ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ព្រែក​ព្នៅ បាន​បញ្ជាក់ថា​ការទន្ទ្រាន​កាន់កាប់​ផ្ទៃ​បឹង​នេះ​រដ្ឋបាល​ខណ្ឌ ព្រែក​ព្នៅ​បានដាក់​កំណត់ និង​មានការ​យល់ព្រម​ពីសា​ម៉ី​ខ្លួន​ផង ថា​រុះរើ​សំណង់​ដែល​សង់​រំលោភ​ទ​ន្រា្ទ​ន លើដី​បឹង​តា​មោគ​នោះ​ចេញ​តែ​ក្នុង​រយៈពេល​២​ថ្ងៃ​ប៉ុណ្ណោះ ។​ប៉ុន្ដែ​មកទល់ពេលនេះ​រយៈពេល​២​សប្ដាហ៍​ហើយ សំណង់​ទាំងនោះ​ពុំទាន់​បាន​រុះរើ​នៅឡើយ ហាក់ដូច​ជាមាន​អ្នក​នៅ​ពីក្រោយ​ខ្នង​។​

លោក សុខ សម្បត្តិ បាន​បញ្ជាក់ថា បើតាម​ព៌​ត​មាន​ពី​អាជ្ញាធរ​សង្កាត់ សំរោង និង​ពី​ភា្ន​ក់​ងារ​របស់​យើង អ្នក​ដែល​នៅ​ពី​ក្រោយខ្នង​នោះ​គឺ ជា​អ្នកមាន​ឋានន្ដរៈស័ក្ដិ​ថែមទៀត​ផង សមត្ថកិច្ច​ខណ្ឌ​កំពុង​ស្រាវជ្រាវ បន្ថែមទៀត​ឲ្យ​បាន ច្បាស់លាស់ ។

លោក​អភិ​បាន​ខណ្ឌ​បាន​សំណូមពរ​ដល់​បងប្អូន​ទាំងនោះ សូមកុំ​លូកដៃ ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​អាជ្ញាធរ ត្រូវ​យល់ថា នេះ​ជា​ដី​របស់​រដ្ឋ ជា​បឹង​របស់​រដ្ឋ អាចធ្វើ​អាជីវ​កម្មបាន​ក្នុង​ក​ម្រឹត​១ ដោយ​ការ​ដាក់មង ចងសន្ទូច ក្នុង​លក្ខណៈ​គ្រួសារ ប៉ុន្ដែ​មិន​អនុញ្ញាតិ អោយ​សាងសង់​សំណង់​ទាំងឡាយ ដែល​បម្រុង​កាន់កាប់​ធ្វើជា​កម្ម​សិទ្ធ​របស់ខ្លួន ឡើយ​។ សូមកុំ​លូកដៃ ត្រូវ​ដកខ្លួន​ឲ្យ​ឆ្ងាយ​ចៀសវៀង​នូវ​ភាព​ប្រឈម​ដោយ​ប្រកា​រណា​១ ដើម្បី​ទុក​ឲ្យ​រដ្ឋបាល​ខណ្ឌ បំពេញការងារ​របស់​ខ្លួន ប្រកបដោយ​ប្រសិទ្ធភាព ។ ប្រសិនបើ ក្នុងករណី​នៅតែ​បន្ដ​លូកដៃ បែបនេះ អាជ្ញាធរ​ខណ្ឌ និង​ចាត់វិធានការ​រដ្ឋបាល ឬ​វិធានការ​ច្បាប់​ហើយ ។

ជាមួយនេះ សម្រាប់​ប្រជាពលរដ្ឋ​ដែល​មិនទាន់​រុះរើ សូម​រុះរើ នៅថ្ងៃនេះ​ជា​កំហិត ព្រោះ​សមត្ថកិច្ច​បាន​ទុកពេល​ឲ្យ​យូរហើយ តែ​ពួកគាត់​មាន​ចេតនា មិន​ព្រម​រុះរើ ដោយសារ​មាន​អ្នក​នៅ​ពី​ក្រោយខ្នង ។ ចំពោះ​ស៊ង​ត្រី អាជ្ញាធរ​ទុកពេល​ឲ្យ​៤​ខែ ដើម្បី​ធ្វើការ​រុះរើ​។​

ទោះជា​យ៉ាងណា​អាជ្ញាធរ​សំណូមពរ​យ៉ាងទទូច​សូម​ឲ្យ​បងប្អូន​រុះរើ​ដោយ​ខ្លួនឯង និង ឈប់​រំលោភ ទន្ទ្រាន​កាន់កាប់​ដី​ដោយ​ខុស​ច្បាស់ តទៅទៀត ។ ក្នុងករណី​មិន​ព្រម​រុះរើ​រដ្ឋបាល​ខណ្ឌ​នឹង​ប្រើ​កម្លាំង​របស់ខ្លួន ដើម្បី​រុះរើ ដោយ​មិន​ទទួលខុសត្រូវ​ចំពោះ​ការបាត់បង់​ឬ​ខូចខាត​សម្ភារៈ របស់​បងប្អូន​ឡើយ​។​គួរ​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ មករា​នេះ សមត្ថកិច្ច​ចម្រុះ ខណ្ឌ​ព្រែក​ព្នៅ​ដែលមាន​កម្លាំង​សរុប​ប្រមាណ​ជាង​១០០​នាក់ បាន បង្ក្រាប​ដកហូត និង​ទប់ស្កាត់​សកម្មភាព រំលោភ​យក​ផ្ទៃ​បឹង​តា​មោគ​មក​ធ្វើជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន ស្ថិតក្នុង​ភូមិសាស្ដ្រ សង្កាត់​ព្រែក​ព្នៅ និង សង្កាត់​សំរោង ដែល​ការទន្ទ្រាន​កាន់កាប់ នេះ អ្នកខ្លះ​បានធ្វើ​ស៊ង​ចិញ្ចឹម​ត្រី​មាន​អ្នកខ្លះ​បោះបង្គោល ធំៗ ដើម្បី​កាន់កាប់ អ្នកខ្លះ​បានធ្វើ​ស៊ង​ចិញ្ចឹម​ត្រី ជា​លក្ខណៈ​គ្រួសារ និង​ជា​លក្ខណៈ​អាជីវកម្ម​ទ្រង់ទ្រាយ​ធំ និង​មាន​សង់​ជា​សំណង់​ស្នាក់នៅ​ថែមទៀត​៕