ថៅកែ​រណ្តៅ​ដី​ក្នុង​ឃុំ​ស្វាយ​រលំ រង​ការចោទប្រកាន់ថា បាញ់​គំរាម​សមត្ថកិច្ច​ពេល​ចុះ​ពិនិត្យ​រណ្តៅ​ដី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 January, 2018 ក+ ក-

​កណ្តាល ៖ ថៅកែ​រណ្តៅ​ដី​ឈ្មោះ រឿង សំអាង ហៅ​ពៅ ទំនង​គេច​មិន​ផុតពី​សំណាញ់​ច្បាប់​ទេ បើទោះបី​មន្ត្រី PM ឈ្មោះ លី ចាន់​សុខុម ដែលជា​កូនចៅ​ថៅកែ​រណ្តៅ​ដី​រូបនេះ បាន​ឆ្លើយ​បង្វែរ​រឿង​ថា ថៅកែ របស់ខ្លួន​មិនមែនជា​អ្នកបាញ់​ក៏ដោយ ពោលគឺ​ចង់​បង្វែរ​រឿង​ពី​ខ្មៅ​ទៅ​ជាស ។ បញ្ហា​នេះ អធិការ​ស្រុក​ស្អាង​ក៏បាន​ព្រមាន​ថា​អ្នក​ព្យាយាម​ផ្តល់ព័ត៌មាន​មិន​ពិត​ក៏ត្រូវ​មានទោស​ព្រហ្មទណ្ឌ​ដែរ ។​

បើតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា កាលពី​ល្ងាច​ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៨ បានលឺ​ស្នូរ​កាំភ្លើង​ជាច្រើន​គ្រាប់​លាន់​យ៉ាងខ្លាំង​ចេញពី​ទីតាំង​កន្លែង​រណ្តៅ​ស្ថិតនៅ​ភូមិ​លេខ​៣​ឃុំ​ស្វាយ រលំ ស្រុក​ស្អាង នៅ​ចំ​ពី​ខាងក្រោយ​បន្ទាយ​សឹក​រង​ខេត្តកណ្តាល ។ ប្រភព​បាន​សង្ស័យថា ជនបង្ក ឈ្មោះ រឿង សំអាង ហៅ​ពៅ ជា​ម្ចាស់​រណ្តៅ​ដី​នោះ​។ ករណីនេះ មិនទាន់​ទទួល​ការបំភ្លឺ​ពី​ឈ្មោះ រឿង សំអាង ហៅ ពៅ​នៅឡើយ​ទេ ដោយសារ​ទូរស័ព្ទ​រប​ស់​ថៅកែ​រូបនេះ ទាក់ទង​មិន​ចូល​នៅ​រសៀល​ថ្ងៃទី ១៩ មករា នេះ ។​

លោក សេង សុជាតិ អធិការនគរបាល​ស្រុក​ស្អាង ឱ្យដឹងថា ពាក់ព័ន្ធ​ករណីនេះ​សមត្ថកិច្ច​បាន​ហៅ​ឈ្មោះ លី ចាន់​សុខុម អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ដី​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ជា​មេការ​រណ្ដៅ​ដី​ឈ្មោះ រឿង សំអាង ហៅ ពៅ ដោយ​ជននេះ​បាន​ព្យាយាម​ឆ្លើយ​បង្វែងដាន បើ​ទោះ​សមត្ថកិច្ច​សួរ នាំ យ៉ាងណាក៏ដោយ​។​

លោក សេង សុជាតិ បញ្ជាក់ថា ការឆ្លើយបំភ្លឺ​របស់​មេ​ការ​រូបនេះ ប្រសិនបើ​ឆ្លើយបំភ្លឺ​បង្វែរ រឿង ពិត​នោះ ប៉ុន្តែ​បើសិនជា​នគរបាល​ធ្វើការ​ស្រាវជ្រាវ​រកឃើញ​ថា ថៅកែ​របស់ខ្លួន​ជា​អ្នកប្រព្រឹត្តិ បាញ់ រហូតដល់​២០​គ្រាប់​នោះ ឈ្មោះ លី ចាន់​សុខុម នេះ​គឺ​ត្រូវ​ជាប់ទោស ពីបទ​លាក់​បំបាំង​ការពិត ត្រូវ ទទួលទោស​តាមផ្លូវ​ច្បាប់ ហើយ​ឈ្មោះ រឿង សំអាង ហៅ ពៅ​នេះ​ក៏​មិនអាច​គេចផុត ពី​ច្បាប់​ផ្តន្ទា ទោស ផងដែរ ៕