លោក គង់ គាំ ៖​ខកចិត្ត​នឹង​លោក សម រង្ស៊ី ករណី​មិន​ប្តូរ​សមាជិក​ព្រឹទ្ធសភា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 March, 2015 ក+ ក-

ភ្នំពេញ​ប្រធាន​គណបក្ស សម រង្ស៊ី លោក គង់ គាំ បង្ហាញ​ការខកចិត្ត​នឹង​លោក សម រង្ស៊ី ដោយ​ចោទថា​មិន​គោរព​កិច្ចសន្យា ពី​ការផ្លាស់ប្តូរ​សមាជិក​ព្រឹទ្ធសភា ពាក់កណ្តាល​អាណត្តិ​រប​ស់លោក​ស្រី ថាក់ ឡា​នី ។​

តាម​លិខិត​មួយ​សន្លឹក​ដែលទទួលបាន​នៅ​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៥​នេះ ដោយមាន​ចំណារ​លោក គង់ គាំ សរសេរថា លោក​ប្រធាន សម រង្ស៊ី ក្រឡាស់សម្តី កាលពី​នៅ​ប៉ារីស អំពី​ករណី​លោកស្រី ថាក់ ឡា​នី ដែល​ថាបើ​ប្រកាន់​សច្ចៈ​គឺ​ត្រូវ​ប្តូរ​ពាក់កណ្តាល​អាណត្តិ ។​
​លោក គង់ គាំ អះអាងថា ខ្លឹមសារ​លើ​លិខិត​បែកធ្លាយ​នោះ ពិតជា​ចំណារ​របស់លោក​មែន ។

ប៉ុន្តែ​លោក​បញ្ជាក់​បែបនេះ មិន​បង្ហាញ​ពី​ជម្លោះផ្ទៃក្នុង​រវាង​គណបក្ស សម រង្ស៊ី និង​លោក សម រង្ស៊ី ដែល​ទៅធ្វើជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ ។ លោក​ថា «​ចង់ បញ្ជាក់ជូន​គណៈកម្មកា​រ​អចិន្ត្រៃយ៍ ព្រោះ​គណៈកម្មការ​អចិន្ត្រៃយ៍​ម្តង​បានឮ​ពី​ខ្ញុំ​ថា និង​លោក​ប្រធាន​សម រង្ស៊ី សម្រេច​ថា​ប្តូរ​ពាក់កណ្តាល​អាណត្តិ ម្តង​ទៅ​ឮ​ពី​ខាង​សមរង្ស៊ី ថា​គាត់​រក្សា​ដដែល ដូច្នេះ​ខ្ញុំ​ក៏ត្រូវ​ធ្វើជា​លាយ​លក្ខ​អក្សរ​ដើម្បី​ឲ្យ​ទាំងអស់គ្នា ជឿជាក់ថា ខ្ញុំ​និយាយ​ផ្ទាល់មាត់​ពីមុនមក​នោះ មិនបាន​មួលបង្កាច់ ឬ​ភូតកុហក​អី​ទេ​» ។​

មិនអាច​រក​ការបញ្ជាក់​ពី លោក សម រង្ស៊ី បានទេ​នៅ​ថ្ងៃ​អង្គារ​នេះ ។ ចំណែក​តំណាងរាស្ត្រ​មួយរូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្និទ្ធ​នឹង​លោក សម រង្ស៊ី គឺ​លោក អេង ឆៃអ៊ាង បដិសេធ​ទាំង​ប្រយ័ត្នប្រយែង ថា​ទំនងជា​មិនមាន​កិច្ចសន្យា​ណា​សម្រេច​ដូច​ការលើកឡើង​នេះ​ទេ ។ លោក​បញ្ជាក់ថា «​ខ្ញុំ​ចាំ កាល​ដែលមាន​ទាក់ទង​នឹង​សេចក្តីសម្រេច​កាលដែល​នៅ គណបក្ស​សមរង្ស៊ី កាលពី​ឆ្នាំ​២០១០ ដែល​ខ្ញុំ​នៅ​គណបក្ស​សមរង្ស៊ី​ដែរ គឺ​គណបក្ស​អត់​មាន​ធ្វើ​សេចក្តីសម្រេច​ពាក់កណ្តាល​អាណត្តិ​ព្រឹទ្ធសភា​ទេ អត់​មាន​ទេ ក្រោយមក​ខ្ញុំ​អត់​ដឹង​ទេ​» ។​

ទោះជា​យ៉ាងណា លោក គង់ គាំ បន្ថែមថា តាម​ការព្រមព្រៀង​ពី​ដើមទី គឺ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី ទាំង​១១​រូប គឺមាន​តែ​៣​រូប​ទេ ដែល​ត្រូវ​នៅ​ដល់​ចប់​អាណត្តិ​ទី​៣ ដែលមាន​រយៈពេល​៦​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១២ រួមមាន រូបលោក ( គង់ គាំ ) លោក ទាវ វ​ណ្ណុល និង​លោក ហុង សុខ​ហួរ ។ ចំណែក​សមាជិក​ព្រឹទ្ធសភា​ផ្សេងទៀត បាន​កំណត់ថា ត្រូវ​ផ្លាស់ប្តូរ​ត្រឹម​ពាក់កណ្តាល​អាណត្តិ នៅ​ដើមឆ្នាំ​២០១៥​នេះ ៕

kongkoimលោក គង់ គាំ ប្រធាន​គណបក្ស​សម រង្ស៊ី (​រូបថត​ពី​៖ ហ្វេ​ស​ប៊ុ​ក​)