តុលា​ការមិន​អនុញ្ញាត​ឱ្យមាន​ការជួប​លោក​ កឹម​ សុខា​ ក្នុង​ពន្ធនាគារ​ទេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 January, 2018 ក+ ក-

​ភ្នំពេញ ៖ លោក​គី​ឫទ្ធី​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​មិន​អនុញ្ញាតឱ្យ​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចូលជួប​លោក​កឹម​សុខា​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង នោះទេ​។​

​លោក គី ឬ​ទ្ធី អះអាងថា​”​ដោយសារ​សំណុំរឿង​កំពុង​ស្ថិតក្រោម​ចំណាត់ការ​ស៊ើបសួរ​និង​ស្រាវជ្រាវ​ប្រមូល​ភស្តុតាង​នានា ហេតុនេះ​ការចូល​ជួប​ឬ​សួរសុខទុក្ខ​ឱ្យ​បានតែ​មេធាវី​និង​ក្រុមគ្រួសារ​ជន​ត្រូវ​ចោទ​ដែល​មិន​ទាក់ទង​ក្នុង​សំណុំរឿង​តែប៉ុណ្ណោះ​។ សម្រាប់​អ្នកដទៃ​ផ្សេងទៀត ការចូល​សួរសុខទុក្ខ​អាច​អនុញ្ញាត​ឱ្យបាន​ក្រោយពី​ចៅក្រម​បាន​បំពេញ​កិច្ច​ចាំបាច់​មួយចំនួន​រួចរាល់​សិន​”​។​

​លិខិត​លោក​ម៉ៅ មុនី​វណ្ណ បញ្ជាក់ថា រូបលោក រួមទាំង អតីត​តំណាងរាស្ត្រ​៤​រូប​ទៀត មាន​លោក​អ៊ូ ច័ន្ទ​រ័ត្ន​លោក​ជាម ច​ន្នី​លោក​កង​គឹម​ហាក់ និង​លោកស្រី តែ ច័ន្ទ​មុនី រួមទាំង​សហការី​១០​រូប​ទៀត បាន​ស្នើសុំ​ការអនុញ្ញាត​ដើម្បី​ចូលជួប​សួរសុខទុក្ខ​លោក​កឹម សុខា​នៅ​ព្រឹក​ថ្ងៃទី​១៩ មករា ឆ្នាំ​២០១៨ ខាងមុខ​។​

​ជាការ​កត់សម្គាល់ ការស្នើសុំ​ចូលជួប​សួរសុខទុក្ខ​លោក​កឹម សុខា ពេលនេះ ធ្វើឡើង​បន្ទាប់ពី មាន​តម្រុយ​ពី​ភាព​ប្រេះស្រាំ​ផ្ទៃក្នុង​នៃ​ក្រុម​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បន្ទាប់ពី​លោក​សម រង្ស៊ី ប្រកាស​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​ដោយ​មិន​ឆ្លង​យោបល់​ពី​លោក កឹម សុខា​៕