លោក កឹម សុខា ប្រកាស​មិន​ចូលរួម​ក្នុង​ចលនា​សង្គ្រោះ​ជាតិ របស់លោក សម រង្ស៊ី ទេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 January, 2018 ក+ ក-

​ភ្នំពេញ​៖ លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ត្រូវបាន​ឃុំខ្លួន នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង បានប្រកាស​ជំហរ​របស់លោក​ថា លោក​មិន​ចូលរួម​ជាមួយ​ចលនា​សង្គ្រោះ ជាតិ ដែល​បង្កើតឡើង​ដោយ លោក សម រ​ង្ស៉ី នោះទេ​។ នេះ​បើតាម​ការអះអាង​របស់​លោក ផែង ហេង មេធាវី​របស់លោក កឹម សុខា ដែល​បាន​ជួប លោក កឹម សុខា កាលពី​ថ្ងៃទី​១៩ មករា ឆ្នាំ ២០១៨ ។​

​លោក ផែង ហេង បាន​ប្រាប់​បណ្តាញ​ព័ត៌មាន ក្នុងស្រុក កាលពី​ម្សិលមិញ​នេះ​ថា លោក កឹម សុខា បានបញ្ជាក់​ប្រាប់​លោក​ថា គាត់​មិន​ចូលរួម​ជាមួយ​ចលនា​ណា ហើយក៏​មិនបង្កើត​ចលនា​ថ្មី ទៀត​ដែរ គាត់​បន្ត​នៅ​ជាមួយ​ប្រជាពលរដ្ឋ ដែល​បោះឆ្នោតឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​»​។​

​លោក​បញ្ជាក់ថា លោក កឹម សុខា បានដឹង អំពី​ការបង្កើត​ចលនា​សង្គ្រោះ​ជាតិ តាមរយៈ ភរិយា​របស់លោក ដែល​បាន​ចូល​សួរសុខទុក្ខ​លោក​ញឹកញាប់ ហើយ​លោក​បានប្រកាស​ជំហរ របស់លោក​យ៉ាងច្បាស់​ថា លោក​មិន​ចូលរួម​ជាមួយ​ចលនា​សង្គ្រោះ​ជាតិ​នោះទេ​។​

​ការប្រកាស​ជំហរ​របស់ លោក កឹម សុខា បានធ្វើ​ឡើង​ស្រប​ពេលដែល​ក្រុម​អ្នកគាំទ្រ​របស់ លោក​ជាច្រើន​នាក់ ក្នុងនោះ​មាន លោក យ៉ែម បុញ្ញឫទ្ធិ ផង​បាន​ជំទាស់ និង​មិន​ចូលរួម​ជាមួយ «​ចលនា​សង្គ្រោះ​ជាតិ​» ដែល​បង្កើតឡើង​ដោយ លោក សម រ​ង្ស៉ី​, លោកស្រី មូ សុខ​ហួរ និង លោក អេង ឆៃអ៊ាង កាលពី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៨ កន្លងទៅ​នេះដែរ​។​

​ក្រុម​អ្នកគាំទ្រ លោក កឹម សុខា និង​អ្នកវិភាគ​មួយចំនួន បាន​លើកឡើងថា ការបង្កើត​ចលនា សង្គ្រោះ ជាតិ​នេះ គ្រាន់តែ​ដើម្បី​ដណ្តើម អំណាច​ពី​លោក កឹម សុខា តែប៉ុណ្ណោះ ហើយ​ចលនា​នេះ អាចជា​បន្ទុក​មួយ​ថ្មី​ដែល​លោក សម រង្ស៊ី និង​អ្នកគាំទ្រ​លោក​បង្កើតឡើង ដើម្បី​បន្ថែម​បន្ទុក​ទោស កំហុស​ដល់ លោក កឹម សុខា ដែល​កំពុង​ជាប់ចោទ​អំពី​រឿង​ក្បត់ជាតិ នៅក្នុង​ប្រទេស​កម្ពុជា ប៉ុណ្ណោះ​៕