ឆ្នាំ​២០១៧ បង្ក្រាប​គ្រឿងញៀន​ជាង ៨​ពាន់​ករណី ឃាត់ខ្លួន​មនុស្ស​ជិត ១​ម៉ឺន​៨​ពាន់​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 January, 2018 ក+ ក-

ភ្នំពេញ ៖ ក្នុង​យុទ្ធនាការ​នៃ​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ឆ្នាំ​២០១៧ សមត្ថកិច្ច​បង្ក្រាប​ករ​ណី​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​បាន ៨​ពាន់ ១៥១​ករណី ឃាត់ខ្លួន​មនុស្ស ១៧​ពាន់ ៨៧៧​នាក់​។​

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បានចាត់ទុក​ការរង​គ្រោះ​ដោយសារ ឥទ្ធិពល​គ្រឿងញៀន​ថា​ជា​គ្រោះមហន្តរាយ​មួយ​ដែល​បង្កឡើង​ដោយ​កត្តា​មនុស្ស ព្រមទាំង បានបង្ហាញ​នូវ​របាយការណ៍​ប្រចាំឆ្នាំ​២០១៧​កន្លងទៅនេះ​ថា ក្នុង​យុទ្ធនាការ​នៃ​ការប្រយុទ្ធ ប្រឆាំង​គ្រឿងញៀន​ឆ្នាំ​២០១៧ សមត្ថកិច្ច​បង្ក្រាប​ករ​ណី​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​បាន ៨​ពាន់ ១៥១​ករណី ឃាត់ខ្លួន​មនុស្ស​បាន ១៧​ពាន់ ៨៧៧​នាក់ ព្រមទាំង​បាន​រឹបអូស​គ្រឿង ញៀន​គ្រប់​ប្រភេទ មធ្យោបាយ​ប្រើប្រាស់​រួមទាំង​អាវុធ​វែង​ខ្លី​មួយចំនួន ក្នុងនោះ​អ្នកញៀន​ថ្នាំ មួយចំនួនធំ​ត្រូវ​បញ្ជូនទៅ​ទទួល​ការព្យាបាល​នៅតាម​មណ្ឌល​សុខភាព​នានា​ទូទាំងប្រទេស​។​

បើ​យោងតាម​ការលើកឡើង របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នាពេល កន្លងទៅ​ថា កម្ពុជា​មិនមែនជា​ប្រទេស​ដែល​ផលិត​គ្រឿងញៀន​ទេ ប៉ុន្តែ​ឈ្មួញ​ទុច្ចរិត​បាន​ប្រើ ប្រាស់​ជាទី​តាំង​ដើម្បី​ដឹកជញ្ជូន​បន្តទៅ​កាន់​ប្រទេស​ទី​៣ ដែល​សមត្ថកិច្ច​បានធ្វើ​ការត្រួតពិនិត្យ និង​ចាប់​បានជា​បន្តបន្ទាប់​នាពេល​កន្លងមក ហើយ​ក្នុងនេះ​បណ្តា​ខេត្ត​នៅ​ភូមិភាគ​ឦសាន​នៅ តែ​ប្រឈម​នឹង​សកម្មភាព​លួច​ចរាចរ​នាំចូល​គ្រឿងញៀន​ឆ្លងដែន​ខុសច្បាប់ ទោះបី​សមត្ថកិច្ច បាន​បង្ក្រាប និង​កាត់ផ្តាច់​ខ្សែរយៈ​ទាក់ទង​ជាច្រើន​ក៏ដោយ ដែលនាំអោយ​យុទ្ធនាការ​ប្រយុទ្ធ ប្រឆាំង​គ្រឿងញៀន​នឹងត្រូវ​អនុវត្ត​បន្តទៀត ដោយសារតែ​ការប្រើប្រាស់​សារធាតុ​ញៀន​បាន បន្ត​រាលដាល​ដល់ទី​ជនបទ ហើយ​ការបង្ក្រាប​បទល្មើស​ក៏មាន​ការកើនឡើង​លើស​ឆ្នាំ​កន្លង មក​។ ជា​លទ្ធផល​នៃ​ការបង្ក្រាប​បានធ្វើអោយ​បទល្មើស​ព្រហ្មទណ្ឌ​មានការ​ថយចុះ និង​ជះ ឥទ្ធិពល​វិជ្ជមាន​ដល់​បរិយាកាស​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ជាទូទៅ និង​បាន​ជួយ​កាត់បន្ថយ ទុក្ខលំបាក និង​ក្តីបារម្ភ​របស់​ប្រជាពលរដ្ឋ​ក៏ដូចជា​អាណាព្យាបាល​ក្នុង​មូលដ្ឋាន​៕