រឹបអូស​ឈើ​ជិត​១​រយ​ម៉ែត្រ​គីប ដែល​លាក់ទុក​ក្នុងព្រៃ​ខាងក្រោយ​ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 January, 2018 ក+ ក-

​ខេត្តក្រចេះ ៖ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង ចំណុះឱ្យ​ផ្នែក​រដ្ឋបាល​ព្រៃ​ក្រចេះ បានឱ្យ ដឹង​នៅ​ថ្ងៃទី​១៩​ខែមករា នេះ ថា មាន​ឈើ​អារ​លេខ​១​ឈ្លីក មាន​ចំនួន​រាប់រយ​កំណាត់ ត្រូវបាន​ក្រុម មន្ត្រីសង្កាត់​រុករក​ឃើញ នៅក្នុង​ព្រៃ​ខាងក្រោយ​ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ ។​

​លោក កែវ ចំណាន នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង បាន​បន្តទៀតថា ជាមួយ និង​ការ ចុះបង្ក្រាប​ឈើ​ល្មើសច្បាប់​ជាច្រើន​គំនរ ដែល​ក្រុម​ឈ្មួញ​លាក់ទុក​នៅក្នុង​ព្រៃ​នេះ គឺមាន​ការចូល រួម ពី​កម្លាំង​អាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​លេខ​៩១០ និង​កម្លាំង​នគរបាល​សេដ្ឋកិច្ច​ខេត្តក្រចេះ ។​

លោកនាយ​សង្កាត់​បន្តថា ជាមួយនិង​យុ​ទ្ឋ​នា​ការ​ពេញ​មួយ​ថ្ងៃទី​១៨​ខែមករា នេះ ក្រុមមន្ត្រី ជំនាញ បាន​រកឃើញ​ឈើ​អារ​លេខ​១​ឈ្លីក មាន​ចំនួន​២៦៩​ដុំ នឹងត្រូវ​ចាប់​បង្ក្រាប​រឹបអូស​ទាំងស្រុង រួច​នាំមក​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ ដើម្បី​ចាត់វិធានការ និង​វាស់វែង​។​

ជាមួយនឹង​ការបង្ក្រាប​ឈើ​ល្មើសច្បាប់​រាប់រយ​កំណាត់ នឹង​ជាច្រើន​ម៉ែត្រ​គីប ពី​សំណាក់ កម្លាំង ចម្រុះ របស់​មេព្រៃ​អូរ​គ្រៀង​នា​ថ្ងៃនោះ គឺ​សមត្ថកិច្ច​មិនបាន​បញ្ជាក់ថា ឈើ​ល្មើសច្បាប់ ទាំង នេះ ជា​របស់​មេ​ឈ្មួញ​រូប​ណា​នោះទេ ដោយ​សមត្ថកិច្ច​អះអាងថា ឈើ​ទាំងនេះ​គឺ​ក្រុម​ឈ្មួញ ដឹក យក មក​លាក់ទុក​ជាច្រើន​គំនរ​នៅក្នុង​ព្រៃ ខាងក្រោយ​ភូមិ​អូរ​គ្រឿង ស្រុក​សំបូរ ដើម្បី​រក ឱកាស​ដឹក ចេញ​។​

នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ អូរ​គ្រៀង លោក កែវ ចំណាន បានបញ្ជាក់​ឱ្យដឹងថា ឈើ​ទាំង នេះ​សុ​ទ្ឋ​សឹង​ជា​ឈើ​អារ​លេខ​១​ឈ្លីក មាន​ចំនួន​២៦៩​ដុំ​ធំៗ និង​បាន​វាស់វែង​ឃើញថា មាន បរិមាណ ស្មើរ​និង​ជិត​១​រយ​ម៉ែត្រ​គីប និង​បាន​រក្សាទុក​បណ្តោះអាសន្ន ក្នុង​សង្កាត់រដ្ឋបាល​ព្រៃឈើ អូរ​គ្រៀង ហើយ​កម្លាំង​ជំនាញ​និង បន្ត​ស្រាវជ្រាវ​ស្វែងរក​ជន​ជា​ម្ចាស់​ឈើ​ឱ្យចូល​ខ្លួន​មក​ដោះស្រាយ តាមច្បាប់​ស្តីពី​ព្រៃឈើ ៕