នាំ​ស្រី​ស្នេហ៍​ចូល​ផ្ទះសំណាក់ ត្រូវ​នាង​ចាក់​ជាង​១០​កាំបិត​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 January, 2018 ក+ ក-

​ខេត្តកណ្តាលៈ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​ភ្នាក់ងារ​ការ​សែត​សម្លេង​ប្រជាជន ត្រូវ​ស្រី​ស្នេហ៍​ចាក់​ចំនួន​១៧​កាំបិត បណ្តាលឱ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម គ្រា​ដែល​បុរស​រូបនោះ នាំ​ស្រី​ស្នេហ៍​ជា​ឃាតក ចូលទៅ​ក្រេប​ទឹកឃ្មុំ​នៅក្នុង​ផ្ទះសំណាក់​មួយកន្លែង នៅ​ស្រុក​អង្គស្នួល ។ ក្រោយ​ចាក់​សម្លាប់​រួច ស្ត្រី​ដៃដល់​បាន​ជិះ​ម៉ូតូ​របស់​ជនរងគ្រោះ​គេចខ្លួនបាត់​តែម្ដង ។

ហេតុការណ៍​នេះ បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង ជាង​៦​ល្ងាច ថ្ងៃទី ២១ ខែមករា ឆ្នាំ​២០១៨ នៅក្នុង​បន្ទប់​លេខ​១១ ផ្ទះសំណាក់​យីហោ «​សំណាង​ណាស់​» ស្ថិត​ក្នុងភូមិ​ត្រពាំង​សុ​ក្រំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

​ប្រភព​ព័ត​មាន​ពី​មន្ត្រីប៉ូលិស​មូលដ្ឋាន​បានឱ្យដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ នួន សុភាព អាយុ​៥៨​ឆ្នាំ មាន​របរ​បើកហាង​កោស​ជប់ និង​ម៉ាស្សា ហើយ ក៏​ជា​អ្នកសារព័ត៌មាន​សំឡេង​ប្រជាជន​ផងដែរ មាន​ទីលំនៅ​ក្នុងភូមិ​ស្រែអំពិល សង្កាត់​ស្នោរ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

ប្រភព​ដដែល​បន្តថា ជនរងគ្រោះ​ត្រូវបាន​ស្រី​ស្នេហ៍​ចាក់​ប្រហារ​ចំនួន​១៧​កាំបិត ចំ​ត្រង់​ត្រង់​ពោះ​,​ចង្អុល​ដៃស្ដាំ ខ្នងដៃ​ខាងឆ្វេង ,​បាតដៃ​ខាងឆ្វេង​,​និង​ភ្លៅ​ស្ដាំ ។ ករណីនេះ​នៅ​មិនទាន់​ដឹងថា ជា​អំពើ​ប្លន់​សម្លាប់​ឬក៏​ជា​រឿង​គំនុំ​នៅឡើយ​ទេ ប៉ុន្តែ​ឃាតករ​បាន​យក​ម៉ូតូ​របស់​ជនរងគ្រោះ​១​គ្រឿង​ទៅ​បាត់​។

​ប្រភព​ដដែល​បាន​បញ្ជាក់ថា នៅនឹងកន្លែង​កើតហេតុ​នគរបាល​បាន​ប្រទះឃើញ​មាន ភួយ​ពណ៌​ផ្កាឈូក​១, កន្សែង​ពណ៌​ក្រហម ប្រឡាក់​ឈាម​១, ខ្នើយ​គ្រប​សង្កត់​លើ​មុខ​ជនរងគ្រោះ​១, កម្រាលពូក ពណ៌​ផ្កាឈូក​ប្រឡាក់​ឈាម​១,​ខោ​លី​អូរ ពណ៌​ក្រហម​នៅលើ​ពូក​ផ្នែក​ចុងជើង​១, វ៉ែនតា​ខ្មៅ​១, ស្រោមអនាម័យ​មិនទាន់​ប្រើ​២, ច្រាស់​ដុសធ្មេញ​មិនទាន់​ប្រើ​២, សាប៊ូ​២​ដុំ​,​ទឹក​សុទ្ធ​១​ដប​,​ជើងមាន់​ឆ្អិន​១​កញ្ចប់​. ,​វិទ្យុទាក់ទង​ម៉ាក​ម៉ូតូ​រ៉ូ​ឡា​១​គ្រឿង ,​ខោជើងវែង​ពណ៍​ត្រេ​អី​១, អាវយឺត​ដៃ​វែង​ពណ៍​សលាយ​ខ្មៅ​និង​ខៀវ​១, អាវ​យឺ​វាល​ឃ្លៀក​ពណ៍​ខ្មៅ​១ ,​ស្រោមជើង​មនុស្ស​ស្រី​១​គូ​ពណ៍​ខ្មៅ , មួក​សុ​វត្ថ​ភាព​១, ខ្សែក​១​ខ្សែ​, កាំបិត​ចុង​ស្រួច​ប្រឡាក់​ឈាម​១ និង​សម្ភារៈ​មួយចំនួនទៀត ៕