កាស៊ីណូ​ចំនួន​៥ ខ្មែរ​ចូល​លេង​ច្រើន ជាងបរទេស កម្មករ​អូស​រទេះ​ក៏អាច​ចូល​លេង​ដោយ​សេរី​ដែរ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 January, 2018 ក+ ក-

ប៉ោយប៉ែត ៖ ទីតាំង​ល្បែងស៊ីសង​របស់​កាស៊ីណូ​ចំនួន​៥ នៅ​ចំណុច​រង្វង់​មូលនៃ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ដែល​ស្ថិត​ក្រៅ​តំបន់​គ្រប់គ្រង​របស់​អន្តោ​ប្រវេ​ស្ដ៏ គេ​ឃើញ​មាន​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ប្រមាណ​៩០% នៃ​ចំនួន​ភ្ញៀវ​ចូល​លេង​យ៉ាង​គគ្រឹកគគ្រេង ដោយ​គ្មាន​ចំណាត់ការ​អន្តរាគមន៍​បង្ក្រាប​ពី​សមត្ថកិច្ច​ថ្នាក់​ឡើយ ចំណែក​អាជ្ញាធរ​មូលដ្ឋាន​ក៏​មិន​អើ​ពើក​នឹង​ករណី​នេះដែរ​។ នេះ​បើតាម​ការ​បង្ហើប​ប្រាប់​ពី​មន្ត្រី​ច្រកទ្វារ​អន្តរជាតិ​ម្នាក់​។​

​មន្ត្រី​ដដែល​នេះ បានឱ្យដឹងថា ក្នុងនោះ ហ្គា​យ ដែលជា​អ្នក​នាំ​ភ្ញៀវ​នៅ​ច្រកទ្វារ​ក​៨ នាំគ្នា​ចូល​លេងល្បែង​ផងដែរ មិន​តែ​ប៉ុ​ណ្នោះ​សួ​ម្បី​កម្មករ​អូរ​រទេះ​ក៏​នាំ​គ្នាំ​ចូល​លេង​យ៉ាង​អនាធិបតេយ្យ​ដែរ​។ ម្យ៉ាងទៀត​កាស៊ីណូ​ខាងលើនេះ​បាន​បើក​នៅ​ខាងក្រៅ​បារាស់​ធ្វើ​ឧ្យ​សមត្ថកិច្ច​ពិបាក​គ្រប់គ្រង ដែល​ភ្ញៀវ​មួយចំនួន​តូច បាន​យក​កាស៊ីណូ​ជា​សំអាង រួចហើយ​ចូលក្នុង​ផ្ទៃ​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់ តែម្ដង​។​

ប្រជាពលរដ្ឋ បាន​លើកឡើងថា ការវិនិយោគ​លើ​វិស័យ កាស៊ីណូ នេះ ត្រូវបាន​រាជរដ្ឋាភិបាល​កំណត់​ឲ្យ​តែ​ជនបរទេស​ប៉ុណ្ណោះ​ទើប​អាច​ចូល​លេង ។ ប៉ុន្តែ​សម្រាប់​កាស៊ីណូ​ចំនួន​៥ នៅ​ចំណុច​រង្វង់​មូល​ប៉ោយប៉ែត​នេះ ដូចជា​កា​សី​ណូ រី​ច (Rich) ,​កាស៊ីណូ​ឡាក់​គី (LUCKY/​កាស៊ីណូ​Poipet VEGAS/, កាស៊ីណូ​ឡា​ហ្គ្រ​ន់ វី​ប​តូ​រី​, កាស៊ីណូ​ប៉ោយប៉ែត Palace plus ខេត្ត​បន្ទាយ​មាន ជាដើម គឺ​បើក​ឱ្យ​ពលរដ្ឋ​ចូល​លេង​ដោយ​សេរី​បំពាន​ទៅលើ​បទបញ្ញត្តិ​ច្បាប់​ជា​ធរមាន​របស់​ប្រទេស​។​
​ប្រភព​ដដែល បាន​បន្តថា ហេតុ​ដូច្នេះហើយ ទើប​ធ្វើ​ឲ្យ​ភាព អនាធិបតេយ្យ នៃ​ការ​ចែកចាយ​គ្រឿងញៀន រួមទាំង​អំពើចោរកម្ម ឆក់​ប្លន់ និង​បទល្មើស ឆ្លងដែន​ជាច្រើន​បានកើត​ឡើងជា​បន្តបន្ទាប់ ព្រោះ​ល្បែងស៊ីសង និង​គ្រឿងញៀន ជា​ប្រភព​បង្កឱ្យមាន​បទល្មើស អស្ថិរភាព​សង្គម ។​

​ជាក់ស្ដែង​កាស៊ីណូ​ដែល​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ រហូតដល់​ថ្នាក់​កម្មករ​អូស​រទេះ ក៏​អាច​ចូល​លេងល្បែង​បាន​ដោយ​សេរី​បែបនេះ តើ​អាច​ធានា​សុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​តាម​គោលនយោបាយ ភូមិ​ឃុំ​មាន សុវត្ថិភាព ដែល​សម្រេច​ដាក់​ឲ្យ​អនុវត្ត​ដោយ​ក្រសួងមហាផ្ទៃ និង​ប្រមុខ រាជរដ្ឋាភិបាល បានដែរ​ឬទេ​។​

​ជុំវិញករណី ទីតាំង​ល្បែងស៊ីសង​របស់​កាស៊ីណូ​ចំនួន​៥ ដែល​បើក​ឲ្យ​ពលរដ្ឋរ​ចូល​លេង​ភ្នាល់​លុយ​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​សំណូមពរ​ដល់​លោក​អភិបាលខេត្ត​មេត្តា​ចាត់វិធានការ​ត្រួតពិនិត្យ​ផង ហើយ​បើ​ខុសច្បាប់​គួរតែ​បង្ក្រាប​មិនត្រូវ​ទុក​ឲ្យ​លេង​យ៉ាងនេះ​ទៀត​នោះទេ ព្រោះថា​បាន​ប៉ះពាល់​ដល់​សុខ​សុវត្ថិភាព​ដល់​ពួកគាត់​យ៉ាងខ្លាំង​។​
​នៅ​រសៀល​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៨ នេះ ភ្នាក់ងារ​ព័ត៌មាន​មេគង្គ​ប៉ុស្តិ៍ មិនទាន់​អាច​សុំ​ការពន្យល់​ពី​លោក អភិបាល​ថ្មី​នៃ​ក្រុង​ប៉ោយប៉ែ បាន​នៅឡើយ​ទេ ចំណែក​ទូរស័ព្ទ​របស់លោក អភិបាលខេត្ត​បន្ទាយមានជ័យ ជាប់រវល់​ជា​ញឹកញាប់​មិនអាច​ភ្ជាប់​ប្រព័ន្ធ​បានទេ​៕