គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ​ដំបូង​គេ​នៅ​កម្ពុជា ប្រកាស​លក់​ជា​ផ្លូវការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 January, 2018

 

​ភនមំពេញ ៖ ក្រោយពេល​បើក​ការដ្ឋាន​សាងសង់​គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ សម្រាប់​អ្នក​ចំណូល​ទាប និង​មធ្យម និង​មន្ត្រីរាជការ ជិត​មួយឆ្នាំ គម្រោង​នេះ​ហាក់​មាន​ភាពស្ងប់ស្ងាត់ និង​បាន​ពន្យារពេល​បើក​លក់​ជា​បន្តបន្ទាប់ តែ​រហូតមក​ដល់ពេលនេះ​គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ​ដំបូង​គេ​នេះ បានប្រកាស​លក់​ជា​ផ្លូវការ​ហើយ ដូច្នេះ​ប្រជាពលរដ្ឋ​អ្នកមាន​ចំណូល​ទាប និង​មធ្យម ក៏ដូចជា​មន្ត្រីរាជការ ដែល​បាន​ចុះឈ្មោះ​ទិញ​គម្រោង​កាលពីមុន​នោះ អាច​ទៅពិនិត្យ​ឈ្មោះ​និង​ដាក់​ប្រាក់​កក់​ជាមួយ​។

​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោង​លំនៅឋាន​នេះ បានអោយដឹងថា ក្រុមហ៊ុន​នឹង​បិទ​ឈ្មោះ​អតិថិជន​ដែលមាន​លក្ខណៈសម្បត្តិ​អាច​ទទួលបាន​សិទ្ធិ​ទិញ​គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ នៅ​ទីតាំង​គម្រោង​ផ្ទាល់ គឺ​នៅ​ភូមិ​កោះគរ ឃុំរ​ការ​ខ្ពស់ ស្រុង​ស្អាង ខេត្តកណ្ដាល នៅ​ថ្ងៃទី​២៣ ខែមករា​នេះ ហើយ​អតិថិជន​ត្រូវ​ទៅ​មើល​ឈ្មោះ និង​ចំណាំ​លេខ​រៀង​របស់ខ្លួន​អោយបាន​ច្បាស់​ដើម្បី​ទៅ​ចុះឈ្មោះ និង​ដាក់​ប្រាក់​កក់ នៅ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៨ នៅ​ការិយាល័យ​លក់ ស្ថិតនៅ​ដីឡូត៍​លេខ​៦៤៤​បេ ភូមិ​ទួល​រការ សង្កាត់​ចាក់អង្រែ​ក្រោម ខ័​ណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ។

​នៅក្នុង​សេចក្តីជូនដំណឹង​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​បានបញ្ជាក់​ផងដែរ​ថា អតិថិជន ទាំងអស់​ត្រូវ​ភ្ជាប់​ជាមួយ​នូវ​ឯកសារ​មួយចំនួន ដើម្បី​ផ្ទៀងផ្ទាត់ ដូចជា ១ ពាក្យស្នើសុំ​ទិញ​លំនៅឋាន​តម្លៃ​សមរម្យ​ជាមួយនឹង​ក្រុមហ៊ុន ២. អត្តសញ្ញាណ​សញ្ជាតិ​ខ្មែរ និង​ប័ណ្ណ​សំគាល់​មន្ត្រីរាជការ និង​ទី​៣ សំបុត្រអាពាហ៍ពិពាហ៍ ឬ​សៀវភៅ​ស្នាក់នៅ និង​សៀវភៅ​គ្រួសារ បើសិន​ជាមាន ។

​បើតាម​លោក​ឧកញ៉ា សៀ រឹទ្ធី ម្ចាស់​គម្រោង​លំនៅឋាន​នេះ បានអោយដឹងថា បន្ទាប់ពី​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ ក្រុមការងារ​បាន​សង់​ហេដ្ឋារចនាសម្ព័ន្ធ​អោយ​រួចរាល់​សិន ទើប​ចាប់ផ្ដើម​សាងសង់​ផ្ទះ​ជា​បន្តទៀត ។ គម្រោង​លំនៅឋាន​នេះ នឹងត្រូវ​ប្រគល់​ផ្ទះ​ជូន​អតិថិជន​ជា​បណ្ដើរៗ​នៅ​ចុងឆ្នាំ ២០១៨​នេះ បើទោះបីជា​មិនបាន​ប្រគល់​ទាំងអស់​ព្រម​គ្នា​ក៏ត្រូវ​ប្រគល់​គម្រោង​ផ្ទះ​ណា​ដែល​សង់​រួច​ដែរ ។

​គួរ​បញ្ជាក់ថា លក្ខខណ្ឌ​សម្រាប់​អ្នក​ដែលមាន​បំណង​ទិញ​គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ​មួយ​នេះ​រួមមាន ជា​អ្នក​ដែល​រៀប​អាពាហ៍ពិពាហ៍​រួចហើយ , ចំណូល​ខ្ពស់បំផុត​ត្រឹម ៥០០​ដុល្លារ​អាមេរិក ក្នុង​មួយខែ និង​ជា​អ្នក​ដែល​មិនទាន់មាន​លំនៅឋាន​សម្រាប់​ស្នាក់នៅ​ផ្ទាល់ខ្លួន ជាដើម​៕