លោក ហ៊ុន សែន ស្នើ​លោកស្រី មី​ហ្សែ​ល អូ​បា​ម៉ា ជួយ​សិស្ស​ក្រីក្រ​ខ្មែរ​ឲ្យ «​ចប់​ចុង​ចប់​ដើម​»
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 March, 2015 ក+ ក-

​ភ្នំ​ពេ​ញះ​ប្រមុខរដ្ឋ​ភិ​បាល​កម្ពុជា​ស្នើ​ឲ្យ​ភរិយា​ប្រធានាធិបតី​អាមេរិក​លោកស្រី មី​ហ្សែ​ល អូ​បា​ម៉ា បន្ត​ជួយ​ក្មេងស្រី​ក្រីក្រ​ក្នុង​កម្មវិធី Let Girls Learn របស់លោក​ស្រី​ឲ្យ​បាន​រៀន​ដល់​ថ្នាក់ បរិញ្ញាបត្រ ដែល​តាម​គម្រោង​ពួកគេ​នឹងត្រូវ​បាន​ជួយ​គាំទ្រ​ត្រឹម​បញ្ចប់​ថ្នាក់ វិទ្យាល័យ​ប៉ុណ្ណោះ ។​

​ថ្លែង​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​គរុ​និស្សិត​ជំនា​ន់ទី​១៩ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា លោក​ទើបតែ​ដឹងថា​គម្រោង Let Girls Learn របស់​ស្ត្រី​ទី​១​អាមេរិក លោកស្រី Michelle Obama គឺ​មិនបាន​ជួយ​ក្មេងស្រី​ក្រីក្រ​ទាំងនោះ​ឲ្យ​បាន​រៀន​ចប់​ថ្នាក់ មហាវិទ្យាល័យ ។​

​លោក ហ៊ុន សែន មានប្រសាសន៍ថា ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​អាមេរិក (USAID) បានធ្វើការ​ជ្រើសរើស​សិ​ស្ស​ក្រីក្រ​ចំនួន​១០​នាក់​នៅក្នុង​ខេត្តសៀមរាប និង​បានផ្តល់​អាហារូបករណ៍​ដល់​ពួកគេ​រយៈពេល​៦​ឆ្នាំ​ដើម្បី​បញ្ចប់​កម្រិត វិទ្យាល័យ ។ លោក​ថា លោក​បានដឹង​រឿងនេះ នៅពេលដែល​រដ្ឋមន្ត្រីក្រសួង​អប់រំ លោក ហង់ ជួន ណា​រ៉ុ​ន បានស្នើ​មក​រូបលោក​ឲ្យ​ជួយផ្តល់​អាហារូបករណ៍​ដល់​សិស្សស្រី​ទាំង​១០​នាក់ ឲ្យ​បាន​ចូលរៀន​នៅ​សាកលវិទ្យាល័យ​រដ្ឋ ជួយ​រក​កន្លែង​ស្នាក់នៅ និង​ផ្តល់ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​។​

លោក ហ៊ុន សែន ថ្លែងថា​«​កុំ​លេង​ដើរ​បំផើម​ចោល​ពាក់កណ្តាល ហោចណាស់ …​បើ​ថា​រើស​១០​នាក់មក​អញ្ចឹង​រុញ​អា​១០​នាក់​ហ្នឹង​តាំងពី​វិទ្យាល័យ រហូតដល់​ឲ្យ​ចប់​មហាវិទ្យាល័យ​តែម្តងទៅ​…​សំណាង​អានេះ​គាត់​រើស​បាន​១០ នាក់ ចុះបើ​គាត់​រើស​បាន​៥០០​នាក់​ឲ្យ​យើង វា​មិន​ស្លាប់​»​។​

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានសម្រេច​ផ្តល់​អាហារូបករណ៍​ដល់​សិស្សស្រី​ទាំង​១០​នាក់​នោះ​ឲ្យ​រៀន​នៅ សាកលវិទ្យាល័យ​រដ្ឋ កន្លែង​ស្នាក់នៅ និង​ផ្តល់​ជា​ប្រាក់ឧបត្ថម្ភ​១៥០០​ដុល្លារ​ក្នុង​១​ឆ្នាំ ។ លោក​ក៏បាន​ស្នើ​ឲ្យ​លោកស្រី Michelle Obama ក៏ដូចជា​អង្គការ USAID ជួយ​ដល់​សិស្សស្រី​ក្រីក្រ​ដែល​ភ្នាក់ងារ​នេះ​ជ្រើសរើស ឲ្យ​បាន​រៀន​ដល់​មហាវិទ្យាល័យ ។​

​លោក ហ៊ុន សែន ថ្លែងថា «​សូម​ផ្តាំ​ទៅ​លោកជំទាវ Michelle Obama​ផង ថា​ខ្ញុំ​ដោះស្រាយ​ហើយ ជំទាវ​ប៊ុន រ៉ានី​ហ៊ុនសែន ដោះស្រាយ​ហើយ​។ អញ្ចឹង​គាត់​បានមក​ត្រឹម​រើស​មនុស្ស បោះ​ឲ្យ​ក្រសួង​អប់រំ​ដដែល​…​យុទ្ធនាការ​គាត់​ល្អ តែ​ខ្ញុំ​គ្រាន់តែ​សុំ​ឲ្យ​គាត់​ជួយ​ឲ្យ​ចប់​ចុង​ចប់​ដើម​»​។​

គួរ​រំ​ឮ​កថា លោកស្រី Michelle Obama បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​៣​ថ្ងៃ គឺ​នៅ​ថ្ងៃទី​២០-២២ ខែមីនា ឆ្នាំ​២០១៥ ដែលជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​កម្មវិធី Let Girls Learn Initiative «​ឲ្យ​ក្មេងស្រី​រៀន​» ។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោកស្រី​ក៏បាន​ជួប​ជាមួយ​សិស្សស្រី​ឆ្នើម​១០​នាក់​មកពី​គ្រួសារ​ក្រីក្រ រៀន​នៅ​វិទ្យាល័យ​ហ៊ុន សែន ប្រាសាទបាគង ដោយមាន​ការ​អមដំណើរ​ដោយ​ភរិយា​នាយករដ្ឋមន្ត្រី​កម្ពុជា លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ផងដែរ ។ នៅក្នុង​ឱកាស​នោះ លោកស្រី ប៊ុន រ៉ានី បានស្នើ​ឲ្យ​លោកស្រី មី​ហ្សែ​ល ជួយ​សិស្ស​ទាំង​១០​នាក់​បាន​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក បន្ទាប់ពី​ពួកគេ​ប្រឡង​ជាប់​ថ្នាក់​ទី​១២ តែ​ពុំមាន​ការឆ្លើយតប​ពី​លោកស្រី មី​ហ្សែ​ល​នោះទេ ៕

hunsen_150325-2015-03-25