អភិបាលខេត្ត​បញ្ជា​ឱ្យ​ស្ថាបនា​ឡើងវិញ​សួនច្បារ​ទ្រូងផ្លូវ ដែល​អភិបាលក្រុង​គាស់​បើកផ្លូវ​ចូល​សណ្ឋា​គារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 January, 2018 ក+ ក-

​រតនគិរី ៖ បន្ទាប់ពី​មានការ​រិះគន់​ចំៗ​ពី​មជ្ឈដ្ឋាន​ទូទៅ រហូត​ភ្ញាក់ផ្អើល​ដល់​អាជ្ញាធរខេត្ត ពី​ករណី​ម្ចាស់​សណ្ឋាគារ សុវណ្ណ​គី​រី គាស់កកាយ​សួនច្បារ​ទ្រូងផ្លូវ​សាធារណៈ ក្រោម​ការព្រមព្រាង​ពី​លោក​អភិបាលក្រុង និង​ប្រធាន​មន្ទីរ​សាធារណៈ​ការណ៍​ខេត្ត​នោះ នៅ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៨ នេះ ចន្លោះ​សួនច្បារ​ទ្រូងផ្លូវ ត្រូវគេ​ជួសជុល​ឡើងវិញ​ហើយ​។​
លោក ថង សាវុន អភិបាលខេត្ត​រតនគិរី បញ្ជា​ឲ្យ​អាជ្ញាធរ​ក្រុង និង​មន្ទីរ​សាធារណ​ការណ៍​ខេត្ត ស្ថាបនា​សួនច្បារ​ទ្រូងផ្លូវ​ឡើងវិញ បន្ទាប់ពី​លោក​ទទួលបាន​ដំណឹង ពី​ករណី​អាជ្ញាធរ​ក្រុង និង​ប្រធាន​មន្ទីរ​សាធារណការ ព្រមព្រៀងគ្នា​អនុញ្ញាត​ឲ្យ​ម្ចាស់​សណ្ឋាគារ សុវណ្ណ​គី​រី កាយ​បំផ្លាញ​សួន​បើកផ្លូវ​ខាងមុខ​សណ្ឋាគារ​។​
លោក ញែ​ម សំអឿន អភិបាលរង​ខេត្ត បាន​ឲ្យ​ក្រុម​អ្នកសារព័ត៌មាន​នៅ​រសៀល​ថ្ងៃទី​២៧ ខែមករា នេះ​ថា ការព្រមព្រាង​ឲ្យ​ម្ចាស់​សណ្ឋាគារ​សុវណ្ណ​គី​រី គាស់កកាយ​សួនច្បារ បើកផ្លូវ​កាត់​ទ្រូងផ្លូវ នៅមុខ​សណ្ឋាគារ​សុវណ្ណ​គី​រី របស់​អាជ្ញាធរ​ក្រុង និង​មន្ទីរ​សាធារណៈការ​នោះ អាជ្ញាធរខេត្ត​មិនបាន​ដឹង​ទេ ក៏ប៉ុន្តែ​ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ អាជ្ញាធរខេត្ត​ចុះ​ពិនិត្យឃើញថា ករណីនេះ​មិន​សមស្រប លោក​អភិបាលខេត្ត ក៏បាន​ឲ្យ​ស្ថាបនា​ឡើងវិញ​ឲ្យ​បាន​ដូចដើម​។​
គួរ​បញ្ជាក់ថា ម្ចាស់​សណ្ឋាគារ សុវណ្ណ​គី​រី បានគាស់​កាយ​សួនច្បារ​ទ្រូង​ផ្លូ​ង​សាធារណៈ ដើម្បី​សម្រួល​ដល់​ភ្ញៀវ ងាយស្រួល​ចេញចូល​សណ្ឋាគារ កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ តាម​ដងផ្លូវ​ជាតិ​លេខ​៧៨ ស្ថិត​ក្នុងភូមិ​៧​មករា ក្រុង​បាន​លុង ខេត្តរតនគិរី ត្រង់ចំណុច​ខាងមុខ សណ្ឋាគារ សុវណ្ណ​គី​រី ។​
បច្ចុប្បន្ន សួនច្បារ​ទ្រូងផ្លូវ ដែល​រង​នូវ​ការ​គាស់​កាយ បំផ្លាញ​ពី​សំណាក់​ម្ចាស់​សណ្ឋាគារ​ខាងលើ ត្រូវបាន​មន្ទីរ​សាធារណៈការ​ខេត្តរតនគិរី កំពង់ធ្វើការ​ស្ថាបនា​ជួសជុល​ឡើងវិញ​ហើយ​៕