ឆ្នាំ​២០១៧ កម្ពុជា​ប្រមូល​ពន្ធអាករ និង​ពន្ធគយ​បាន​ជាង ៣​ពាន់​៨​រយ​លាន​ដុល្លារ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 January, 2018 ក+ ក-

ភ្នំពេញ ៖ អគ្គនាយក​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ បានបង្ហាញ​ទិន្នន័យ​ជា​ផ្លូវការ អំពី​ប្រាក់ចំណូល​ពន្ធដារ​រប​ស់​កម្ពុជា ដែល​នៅក្នុង​ឆ្នាំ​២០១៧ ប្រមូលបាន​ចំនួន ១​ពាន់​៩​រយ​៣០​លាន​ដុល្លារ គឺ កើនឡើង ៣០ ភាគរយ ធៀប​នឹង​ឆ្នាំ ២០១៦​។ ចំណែក​ការប្រមូល​ថវិកា​ពន្ធគយ មាន​ចំនួន​១​ពាន់​៩​រយ​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៧ គឺ​កើនឡើង ១០,៤ ភាគរយ​ផងដែរ ធៀប​នឹង​ឆ្នាំ ២០១៦ ។

ដូចនេះ ប្រសិនបើ​បូក​បញ្ចូល​ប្រាក់ចំណូល​ពន្ធអាករ និង​ប្រាក់ចំណូល​ពន្ធគយ​រួមគ្នា​ក្នុង​ឆ្នាំ​២០១៧ ប្រាក់ចំណូល​ដែល​រាជរដ្ឋាភិបាល ប្រមូលបាន​សរុប​មាន​ជាង ៣​ពាន់​៨​រយ​លាន​ដុល្លារ​អាមេរិក​។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ​លោក  គង់ វិបុល បានបញ្ជាក់​ប្រាប់​បណ្តាញ​សារព័ត៌មាន​នាពេល​ថ្មីៗ​នេះ​ថា ការសម្រេចបាន​ការប្រមូល​ចំណូល​ពន្ធអាករ ជិត​២​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៧ គឺ​ច្រើនជាង​ផែនការ​ដែល​បានកំណត់​ក្នុង​ច្បាប់​ថវិកាជាតិ​ឆ្នាំ ២០១៧ រហូតដល់ ១៣ ភាគរយ​។ ក្នុង​អាត្រា​កំណើន​នេះ គឺ​ដោយសារ​ការប្រមូល​ពន្ធ​លើ​ប្រាក់ចំណូល​បាន​កើនឡើង ៣១ ភាគរយ​! ការប្រមូល​ពន្ធ​លើ​តម្លៃបន្ថែម VAT បាន​កើនឡើង ៣១ ភាគរយ​! ការប្រមូល​ពន្ធ​លើ​អចលនទ្រព្យ​កើនឡើង ១២ ភាគរយ និង​ការប្រមូល​ពន្ធ​លើ​ប្រាក់ខែ កើនឡើង ១០ ភាគរយ​។

លោក គង់ វិបុល បាន​ចាត់ទុកថា កំណើន​នេះ​ជាការ​ឆ្លុះបញ្ចាំង​ពី​ប្រសិទ្ធភាព​នៃ​ការកែទម្រង់​លើ​ប្រព័ន្ធ​ពន្ធ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​ចាប់តាំងពី​ចុងឆ្នាំ​២០១៥​មក អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​លុបចោល​របប​ពន្ធ​ម៉ៅ​ការដែល​គ្រប់គ្រង​មិន​បានល្អ​របស់ខ្លួន និង​ប្តូរ​ទៅជា​ការដាក់​អ្នក​ជាប់ពន្ធ​ទាំងអស់​នៅក្នុង​របប​ពិត​កាន់តែ​តឹងរ៉ឹង​ជំនួស​វិញ​។

ម្យ៉ាងវិញទៀត នៅពេល​បច្ចុប្បន្ន ម្ចាស់​សហគ្រាស​នានា ក៏​ចាប់ផ្តើម​មាន​ឆន្ទៈ​ក្នុង​ការគោរព និង​ប្រកាស​ដោយផ្ទាល់​អំពី​ការបង់ពន្ធ​ជូន​រដ្ឋ ដែល​ធ្វើ​ឲ្យ​ប្រាក់ចំណូល​ពន្ធ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ៕