​លោក កឹម សុខា នឹងត្រូវ​នាំមក​ចូលរួម​សវនាការ​នៅ​សាលាឧទ្ធរណ៍​ថ្ងៃទី​១​កុម្ភៈ នេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 January, 2018 ក+ ក-

​ផ្នំ​ពេញ ៖ ឆ្មាំ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ នឹង​នាំ​លោក កឹម សុខា មកដល់​សាលាឧទ្ធរណ៍​នាទី​ក្រុងភ្នំពេញ នៅ​ម៉ោង​ប្រមាណ​៨​ព្រឹក ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្អែក​នេះ ដើម្បី​ចូលរួម​សវនាការ​តាម​បណ្តឹងសុំ​នៅក្រៅ​ឃុំ​។ នេះ​បើតាម​លើកឡើង​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​របស់លោក នៅ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៨ នេះ​។​

​សូមបញ្ជាក់ថា សវនាការ​នៅ​ថ្ងៃស្អែក​នេះ ធ្វើឡើង​តាម​ពាក្យបណ្តឹង​របស់​ក្រុម​មេធាវី​លោក កឹម សុខា ដែល​បានដាក់​ពាក្យបណ្តឹង​ទៅ​សាលាឧទ្ធរណ៍​កាលពី​ថ្ងៃទី ១៨ មករា បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ច្រានចោល​ពាក្យ​បណ្ដឹងសុំ​ឲ្យ​លោក កឹម សុខា បាន​នៅក្រៅ​ឃុំ​។​

​សូម​រំលឹកថា លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​យប់​រំលងអធ្រាត្រ ឈានចូល ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ បន្ទាប់ពី​មានការ​បែកធ្លាយ​វីដេអូ​មួយ​ដែលថា លោក​អនុវត្តតាម​ការបង្គាប់​បញ្ជា​របស់​បរទេស ក្នុង​គោលបំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​។ បន្ទាប់មក លោក កឹម សុខា ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ “​ក្បត់ជាតិ​”​ហើយ​នៅ​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៧ បាន​បញ្ជូនទៅ​ឃុំខ្លួន បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ ៕