រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ចុះ​ពិនិត្យ​ការងារ​ផ្ទាល់ នៅ​ច្រកព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 February, 2018 ក+ ក-

​ព្រៃវែង ៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ​បាន​ចុះ​ពិនិត្យ​ផ្ទាល់​លើ​សកម្មភាព​ពាណិជ្ជកម្ម​នៅ​ច្រកព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី ខេត្តព្រៃវែង កាលពី​ព្រឹក​ថ្ងៃទី​៥ ខែកុម្ភៈ ២០១៨ និង​បានបង្ហាញ​មោទនភាព ចំពោះ​សកម្មភាព​បំពេញការងារ​របស់​ស​ម​ត្ថ​កិច្ច​ចម្រុះ ប្រចាំ​ច្រកព្រំដែន​អន្តរជាតិ​នេះ ដែល​បាន​ប្រឹងប្រែង​ទប់ស្កាត់​រាល់​កម្ម​ភាព​នាំ​ទំនិញ​ចូល​ខុសច្បាប់ ដើម្បី​ការពារ​អត្ថប្រយោជន៍​ពាណិជ្ជករ និង​ធុរជន​ក្នុងស្រុក ជាពិសេស​ធានាបាន​នូវ​ការធ្វើ​ពាណិជ្ជកម្ម​ដោយ​សមធម៌ ស្របតាម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​នៅក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​កោត​ស​សើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការបំពេញភារកិច្ច​រប​ស់​សមត្ថកិច្ច​ចម្រុះ និង​បាន​លើកទឹកចិត្ត​មន្ត្រី​ទាំងអស់ បន្ត​ពង្រឹង​កិច្ចសហការ​ល្អ​ជាមួយគ្នា​ថែមទៀត ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព​ការងារ​កាន់តែ​ខ្ពស់ និង​ទាក់ទាញ​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​កាន់តែច្រើន ជាពិសេស​ពាណិជ្ជករ ផលិតករ និង​ធុរជន ដែល​ប្រកប​ធុរកិច្ច​នៅក្នុង​ខេត្តព្រៃវែង​។​

​សូមបញ្ជាក់ថា ដើម្បី​ពង្រឹង​សកម្មភាព​ពាណិជ្ជកម្ម​ក្នុងប្រទេស ជាពិសេស​គាំទ្រ​ការអភិវឌ្ឍ​វិស័យ​ឯកជន និង​ធានាបាន​នូវ​ការធ្វើ​ពាណិជ្ជកម្ម​ប្រកបដោយ​សមធម៌ ក្រសួងពាណិជ្ជកម្ម​បា​ដាក់ចេញ​នូវ​គោលនយោបាយ​កំណែទម្រង់​សំខាន់ៗ ជាមួយ​សកម្មភាព​ជាច្រើន​។ បច្ចុប្បន្ន ក្រសួង​បាន​កំពុង​រៀបចំ​សេចក្តីព្រាង​ច្បាប់​មួយចំនួន ដើម្បី​ដាក់​ឆ្លង​ទីស្តីការគណៈរដ្ឋមន្ត្រី និង​រដ្ឋសភាជាតិ ហើយ​ច្បាប់​ឧបាស្រ័យ​ពាណិជ្ជកម្ម ដែលមាន​គោលដៅ​ការពារ​អត្ថប្រយោជន៍​ពាណិជ្ជករ និង​ធុរជន​ជាតិ ទប់ស្កាត់​ការហូរចូល​ដោយ​គំហុក​នូវ​ទំនិញ​បរទេស និង​ការលក់​បង្ខូច​តម្លៃ ក៏​ត្រូវបាន​ព្រះមហាក្សត្រ ឡាយ​ព្រះ​ហ​ស្ថ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧ ផងដែរ​។

​យោងតាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹងថា ការនាំ​អង្ករ​ចេញ​របស់​កម្ពុជា ក្នុង​ឆ្នាំ​២០១៧ មាន​ចំនួន ៦៣៥,៦៧៩​តោន​។ សម្រាប់​នៅក្នុង​ខែមករា ឆ្នាំ​២០១៨​នេះ កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន ៦២,៦២៣​តោន ទៅកាន់​ទីផ្សារ​សំខាន់ៗ​ជាង ៦០ ទូទាំង​ពិភពលោក​។ ដោយឡែក សម្រាប់​ច្រកព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី កាលពី​ឆ្នាំ​២០១៧ កម្ពុជា​បាន​នាំចេញ​ស្រូវ​ទៅកាន់​ប្រទេស​វៀតណាម ចំនួន​ជាង ៣៧​ម៉ឺន​តោន​៕