កម្មករ​រោងចក្រ​ផលិត​ស្បែកជើង​ហ្ល​យ​វីន ប្រមូលផ្តុំ​ទាមទារ​ថៅកែ​សម្រាក​ថ្ងៃបុណ្យ​ភ្ជុំ​៧​ថ្ងៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 September, 2014 ក+ ក-

ភ្នំពេញ​៖ កម្មករ​-​កម្មការិនី​បម្រើ​ការងារ​នៅ​រោងចក្រ​ផលិត​ស្បែកជើង ហ្ល​យ​វីន ជាង​៣០០​នាក់ បាន​ប្រមូល​ផ្ដុំគ្នា​ឈរ​តវ៉ា​ទាមទារ​សុំ​ឈប់សម្រាក​ចំនួន​៧​ថ្ងៃ​នាឱកាស​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ​តែ​ខាង​ក្រុមហ៊ុន​អនុញ្ញាត​ឱ្យតែ​៣​ប៉ុណ្ណោះ​។​
​ការតវ៉ា​ទាមទារ​បានកើត​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​១២​កញ្ញា​នេះ​ស្ថិតនៅក្នុង​បរិវេណ​រោងចក្រ ហ្ល​យ​វីន​ផលិត​ស្បែកជើង​តាមផ្លូវ​លំ ភូមិ​អង្គ​ត្រគៀត សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

កម្មករ​រោងចក្រ​ខាងលើ​មួយរូប​ដែល​មិន​ប្រាប់​ឈ្មោះ បាន​ឲ្យ​ដឹងថា រោងចក្រ​ខាងលើ មាន​កម្មករ​សរុប​ចំនួន​ជាង​៣០០​នាក់ ក្នុងនោះ​មាន​បុរស​ចំនួន​៦០​នាក់ ហើយ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា​នេះ កម្មករ​បាននាំគ្នា​ប្រមូលផ្តុំ​ធ្វើការ​តវ៉ា​ទាមទារ​ពី​ថៅកែ​រោងចក្រ​ឈប់សម្រាក​នា​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ចំនួន​៧​ថ្ងៃ ដោយ​អះអាងថា បងប្អូន​កម្មករ​មួយចំនួន​គាត់​មាន​ទីលំនៅ​ស្រុក​ឆ្ងាយៗ​ជួប​ការលំបាក​ក្នុងការ​ធ្វើដំណើរ​ទៅមក ម្ល៉ោះហើយ​ទើប​សុំ​ឈប់​រហូតដល់​ទៅ​៧​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​២១ ខែកញ្ញា រហូតដល់​ថ្ងៃទី​២៧ ខែកញ្ញា លុះ​ថ្ងៃទី​២៨ ទើប​ចូលធ្វើការ​ជាធម្មតា​វិញ​។ ហើយ​រយះពេល បងប្អូន​កម្មករ រោងចក្រ​ខាងលើ ឈប់​នេះ​ទៀតសោត ស្នើរ​សុំ​ឲ្យ​ភាគី​រោងចក្រ​កុំ​កាត់លុយ​ឈ្នួល​ពី​កម្មករ​។​

បើ​តាម​តំណាង​រោងចក្រ​ខាងលើ​បាន​លើកឡើងថា យោងទៅតាម​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវ​: លេខ​២៨៣ បក​/​ប្រក​. ចុះ​ថ្ងៃទី​០៧ ខែ​វិ​ខ្ឆិ​កា ឆ្នាំ​២០១៣ ស្តីពី​ការឈប់​ថ្ងៃបុណ្យ ដែល​ត្រូវបាន​ប្រាក់​ឈ្នួល ហើយ​ក្រសួង​ក៏បាន​ចេញ​សេចក្តីជូនដំណឹង​ផងដែរ​សម្រាប់​ឈប់​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ ឆ្នាំ​២០១៤​នេះ មាន​៣​ថ្ងៃ គឺ​ថ្ងៃទី​២២-២៤ ដោយ​មិន​កាត់​ប្រាក់​ឈ្នួល​របស់​កម្មករ​ឡើយ​។​
​ប៉ុន្តែ​កម្មករ​រោងចក្រ ហ្ល​យ​វីន វិញ សុំ​ឈប់​រហូតដល់​ទៅ​៧​ថ្ងៃ​ឯនោះ ហើយ​មិន​ឲ្យ​កាត់​ប្រាក់​ឈ្នួល​ទៀត ដែល​ធ្វើ​ឲ្យ​ភាគី​ខាង​រោងចក្រ មិន​ទទួលយកបាន តែបើ​ក្នុងករណី ឈប់​លើសពី​៣​ថ្ងៃ ដែល​ក្រសួង​ការងារ​កំណត់​នោះ ខាង​ក្រុមហ៊ុន​កាត់​ប្រាក់​ឈ្នួល​៥០​ភាគរយ​។​

ទោះបី​ភាគី​ខាង​រោងចក្រ ប្រកាន់​នូវ​ជំហរ​សុំ​កាត់លុយ​៥០​ភាគរយ កាលបើ​កម្មករ​ឈប់សម្រាក​ពី​ការងារ លើសពី​៣​ថ្ងៃ នាឱកាស​ថ្ងៃបុណ្យ​ភ្ជុំ តែ​ភាគី​ខាង​កម្មករ មិន​យល់ស្រប នៅតែ​ទាមទារ​ឈប់​រហូតដល់​៧​ថ្ងៃ និង​មិន​កាត់​ប្រាក់​ឈ្នួល​។​
​តាម​សម្តី​បុរស​ម្នាក់ មិន​ប្រាប់​ឈ្មោះ ដែល​តាំងខ្លួន ជា​តំណាង​សហជីព តែ​មិន​ប្រាប់​ឈ្មោះ បាន​លើក ឡើង​យ៉ាងខ្លី​ថា គេ​ដឹកនាំ​បងប្អូន​កម្មករ​រោងចក្រ​ខាងលើ ធ្វើការ​ទាមទារ នូវ​ថ្ងៃ​ឈប់​បុណ្យ​ភ្ជុំ ចំនួន​៧​ថ្ងៃ មិន​កាត់​ប្រាក់​ឈ្នួល​ពី​ថៅកែ​រោងចក្រ​។​ការទាមទារ របស់​កម្មករ​ខាងលើ​អស់​រយៈពេល​១​ព្រឹក នៅតែ​មិនទាន់មាន​ដំណោះស្រាយ​ណាមួយ​នៅឡើយ​៕