រោងចក្រ​ផលិត​ស៊ីម៉ង់ត៍​ធំជាងគេ​នៅ​ខេត្តកំពត សម្ពោធ​ដាក់​ដំណើរការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 February, 2018 ក+ ក-

​កំពត ៖ នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​រោងចក្រ​ផលិត​ស៊ីម៉ង់ត៍​ដ៏​ធំ​មួយ នៅ​ខេត្តកំពត នា​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត្ត៍​នេះ សម្តេច​តេ​ជោ បាន​គូសបញ្ជាក់ថា ការដឹកនាំ​ប្រទេស​ជាង​៣០​ឆ្នាំ​មកនេះ គឺ​សម្តេច​ក្នុងតួនាទី​ជា​នាយករដ្ឋមន្ត្រី​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ស្ថានភាព​របស់​កម្ពុជា ដូចនេះ​សម្តេច​តេ​ជោ​ប្តេជ្ញា​ថា​នឹង​បន្ត​ដឹកនាំ​ប្រទេស​យ៉ាងហោចណាស់​១០​ឆ្នាំ​ទៀត ដើម្បី​បន្តដំណើរ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ។​

ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ​ជាង​៧​ពាន់​នាក់ ដែល​បាន​ចូលរួម​នៅក្នុង​ពិធី​សម្ពោធ​រោងចក្រ​ផលិត​ស៊ីម៉ង់​ត៍របស់​សាជីវកម្ម ជីបម៉ុង អ៊ិន​ស៊ី ស៊ី​មេន នៅក្នុង​ស្រុក​ទូក​មាស ខេត្តកំពត នា​ព្រឹក​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​សម្តែង​ការ​អរគុណ​ចំពោះ​ប្រជាជន​កម្ពុជា ដែល​តែង​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​គាំទ្រ​សម្តេច ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី ក្នុង​រយៈពេល​ជាង​៣០​ឆ្នាំ​មកនេះ​។ តាមរយៈ​បទពិសោធ​ន៌​ដឹកនាំ​ប្រទេស​ជាង​៣០​ឆ្នាំ​មកនេះ សម្តេច​តេ​ជោ ហ៊ុន សែន ប្តេជ្ញា​ថា នឹង​បន្ត​តំណែង​នេះ​យ៉ាងហោចណាស់​១០​ឆ្នាំ​ទៀត ដើម្បី​ដឹកនាំ​ប្រទេស​កម្ពុជា អោយមាន​ការអភិវឌ្ឍ​ន៌​ទៅតាម​ផែនការ ។

​សូមបញ្ជាក់ថា ក្នុងប្រទេស​កម្ពុជា​នេះ បើទោះបី​ការខុស រឺ​ត្រូវ គឺជា​ការទទួលខុសត្រូវ​របស់​ហ៊ុន សែន តែ​គេ​ត្រូវ​ថ្លឹងថ្លែង​ក្នុងការ​ដឹកនាំ​រយៈពេល​៣៣​ឆ្នាំ​មកនេះ​….. នៅពេលដែល​ប្រទេស​មួយចំនួន​ប្រើប្រាស់​សេដ្ឋកិច្ច​ផែនការ​…​ពេលនោះ​កម្ពុជា​អនុវត្ត​សេដ្ឋកិច្ច​ទីផ្សារ ដែល​បើក​ឳ​កាស​អៅ​យ​វិស័យ​ឯកជន​មានការ​រីកចម្រើន​ឡើង ខណៈដែល​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ពន្យល់ថា ការដឹកនាំ​សេដ្ឋកិច្ច​តាមបែប​សេដ្ឋកិច្ច​ទីផ្សារ ដែល​បាន​ជម្រុញ​អោយ​វិស័យ​ឯកជន​មានការ​ចូលរួម​ច្រើន ហើយ​រដ្ឋ​គ្រាន់តែ​ជា​សេដ្ឋវិទូ​ត្រួសត្រាយ​គោលនយោបាយ សម្តេច​តេ​ជោ ក៏បាន​ចាត់​ថា ការប្រើប្រាស់​សេដ្ឋកិច្ច​បែប​ទីផ្សារ​របស់​កម្ពុជា នាពេល​កន្លងមក គឺ​រឿង​ជោគជ័យ​មួយ​សម្រាប់​កំណើន សេដ្ឋកិច្ច ដែល​បាន​បើកចំហរ​ទីផ្សារ និង​ទាក់ទាញ​អ្នកវិនិយោគ​ពី​ក្រៅប្រទេស​ចូលមក​កម្ពុជា​។

ទន្ទឹមនឹង​ការអនុវត្ត​តាម​គោលនយោបាយ ទីផ្សារ​បើកចំហរ និង​សេរី​ភា​វូ​នី​យ៌​កម្ម សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់ថា កម្ពុជា មិន​គាំទ្រ​ចំពោះ​គោលនយោបាយ​គាំពារ​និយម​នោះទេ ដោយ​សម្តេច​ជឿជាក់ថា គោលនយោបាយ​គាំពារ​និយម​នោះ នឹង​មិនអាច​ទទួលជោគជ័យ​ទេ ខណៈដែល​ដំណើរការ​សេដ្ឋកិច្ច​របស់​ប្រទេស​នីមួយៗ​ត្រូវការ​ចាំបាច់ កិច្ចសហការ​នាំចេញ នាំចូល​រវាង​គ្នា​ទៅវិញទៅមក​។

​ដោយឡែក ចំពោះ​ខេត្តកំពត សម្តេច​តេ​ជោ បាន​សំលឹង​មើលឃើញថា កំពុងមាន​សក្តានុពល​ជាច្រើន សម្រាប់​ចូលរួម​កំណើន​សេដ្ឋកិច្ចជាតិ ដូចជា ការផលិត​អំបិល រោងចក្រ​វា​រី​អគ្គិសនី ជាពិសេស តាមរយៈ​ការបង្កើត​រៀង​ចក្រ​ផលិត​ស៊ីម៉ង់​ត៏​ថ្មី​បន្ថែមទៀត​នាពេលនេះ នឹង​អាច​បង្កើន​សមត្ថភាព​ការនាំចេញ ស៊ីម៉ង់​ត៏​ពី​កម្ពុជា​ទៅ​ក្រៅប្រទេស និង​សម្រាប់​ប្រើប្រាស់​ក្នុងប្រទេស​បាន​គ្រប់គ្រាន់​។

សូមបញ្ជាក់ថា បើតាម លោក​ឧកញ៉ា លាង ឃុន ដែលជា​ម្ចាស់​ភាគហ៊ុន​ធំ នៃ​សាជីវកម្ម ជីបម៉ុង អ៊ិន​ស៊ី ស៊ី​មេន បានអោយដឹងថា រោងចក្រ​ផលិត​ស៊ីម៉ង់ត៍ ដែល​ធំជាងគេ ក្នុងស្រុក​ទូក​មាស ខេត្តកំពត បាន​ចំណាយ​ទុនវិនិយោគ ២៦២​លាន​ដុល្លារ អាមេរិក ដែល​រោងចក្រ​នេះ​អាច​ផលិត​ស៊ីម៉ងត៍ បាន​៥​ពាន់​តោន​ក្នុង​មួយថ្ងៃ​។ ជាងនេះទៀត ដោយសារ ការប្រើប្រាស់​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​មកពី​ប្រទេស​ចិន អា​លឺ្ល​ម៉​ង់ ស៊ុយអែត និង​អ៊ីតាលី នឹងធ្វើ​ឲ្យ​ការបញ្ចេញ​ឧស្ម័ន​កាបូន​កាបូ​និ​ច​ចេញពី​រោងចក្រ​នេះ មាន​កម្រិត​ទាប​បំផុត និង​មាន​បទដ្ឋាន​បរិស្ថាន​ល្អ កម្រិត​អន្តរជាតិ​៕