ព្រឹក​នេះ នាយករដ្ឋមន្ត្រី សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ត​ភ្ជាប់​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តកំពង់ចាម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 February, 2018 ក+ ក-

​ត្បូងឃ្មុំ ៖ ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ថ្មី​មួយ​ខ្សែ​ទៀត ត្រូវបាន​បើក​ការដ្ឋាន​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ។​នេះ​ជា ស្ពាន​ឆ្លងទន្លេ​មេគង្គ​ថ្មី​ដែល​ត​ភ្ជាប់​គ្នា​រវាង​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ ក្រោម​អធិបតីភាព​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​

​ការសាងសង់​ស្ពាន​នេះ គ្រោង​ចំណាយ​ថវិកា​សរុប​ជិត ៥៧​លាន​ដុល្លារ ដែលជា​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន រួមជាមួយ​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ដោះស្រាយ​ផលប៉ះពាល់ និង​បោសសម្អាត​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​។​

​គួរ​រំឭក​ផងដែរ​ថា បច្ចុប្បន្ន ខេត្តកំពង់ចាម មាន​ស្ពាន​ធំៗ​ចំនួន​២ ឆ្លងកាត់​ទន្លេមេគង្គ គឺ​ស្ពាន “​គី​ហ្ស៊ូ​ណា​” ដែលជា​ជំនួយ​របស់​ជប៉ុន និង​ស្ពាន “​កោះ​មិត្ត​” ឬ​ហៅថា​ស្ពាន “​កោះ​ប៉ែន​” ដែល​ចំណាយ​ថវិកា​របស់​ជាតិ​។​

សូមជម្រាបថា គម្រោង​សាងសង់​ស្ពាន​នេះ នឹង​ចាប់ផ្តើម​ពី​ត្រើយ​ខាងលិច​ស្ថិតនៅ​ត្រង់ចំណុច​ភូមិ​បឹង​ដែង ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់​ទន្លេមេគង្គ ទៅ​ត្រើយ​ខាងកើត ស្ថិតនៅ​ភូមិ​ក្តុល​លើ ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​។ ស្ពាន​នេះ​មាន​ប្រវែង​សរុប ១១៣១​ម៉ែត្រ និង​ទទឹង ១៣,៥០​ម៉ែត្រ ជា​ប្រភេទ​ស្ពានបេតុង​សរសៃដែក​៕