ខេត្តកោះកុង ៖បន្ទាប់ពីមានការផ្លាស់ប្តូរប្រធានប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារ អន្តរជាតិចាំយាមកាលពី ខែមិថុនា ឆ្នាំ២០១៤ គឺលោកវរសេនីយ៍ឯក សួស សុខដារ៉ា ត្រូវផ្លាស់ចេញ ហើយដាក់លោកវរសេនីយ៍ត្រី កៅ សារ៉ាណា ដែលជាមេប៉ូលិសវ័យក្មេងមកជំនួសវិញ នោះច្រកមួយនេះបានលេចឮនូវព័ត៌មានអាស្រូវជាបន្តបន្ទាប់ សំខាន់មានការចោទប្រកាន់ទៅលើលោក កៅ សារ៉ាណា ថាអសកម្មការងារ និងអសមត្ថភាពការងារតែម្តងដែលបង្កឲ្យបាត់បង់ប្រាក់ចំណូល និងទំនាក់ទំនងល្អជាមួយអាជ្ញាធរថៃ ។
ប្រភពពីមន្ត្រីស្នាក់ការច្រកទ្វារអន្តរជាតិចាំយាមបានទម្លាយ ឱ្យដឹងថា ចាប់តាំងពីមេប៉ូលិសវ័យក្មេងខាងលើចូលកាន់តំណែងពេលណាមក ក្នុងនាមស្នាក់ការដែលតំណាងឱ្យអាជ្ញាធរខេត្តទទួលការងាររួមលើ ស្ថាប័នទាំង៣តាមអនុក្រឹត្យលេខ៦៤ វាហាក់ដូចជាមានការលំបាកដោយសារតែការអនុវត្តការងារផ្ទៃក្នុងសម្រាប់ ច្រកទ្វារអន្តរជាតិមួយនេះមិនបានពិគ្រោះយោបល់គ្នា ព្រោះតែមេប៉ូលិសវ័យក្មេងខាងលើ អវត្តមានហើយអត្រាគ្រប់គ្រងការងាររបស់គាត់ក្នុងរយៈពេលមួយខែឈរជើង បានតែ៥-៦ ថ្ងៃប៉ុណ្ណោះ។ ប្រភពដដែលបានបញ្ជាក់ថារាល់ការកោះប្រជុំម្តងៗ របស់ស្នាក់ការ គឺគ្មានវត្តមានរបស់គាត់ចូលរួម ឡើយដែល ជាហេតុធ្វើឱ្យការពង្រឹងទំនាក់ទំនងរវាងភាគីថៃ និងស្ថាប័នពាក់ព័ន្ធធ្លាក់ដល់កម្រិតសូន្យតែម្តង ។ មិនតែប៉ុណ្ណោះ ប្រធានប៉ូលិសអន្តោប្រវេសន៍រូបនេះ ថែមទាំងបានអនុវត្តផ្គើននិងបទបញ្ជារបស់ថ្នាក់លើថែមទៀត ជាពិសេសប្រមុខរាជរដ្ឋាភិបាល ។
ជាក់ស្តែងដូចជាការកោះប្រជុំផ្ទៃក្នុងបក្សជាមួយអាជ្ញាធរខេត្ត ក៏គាត់មិនទទួលចូលដែរគ្រាដែល រថយន្តចង្កូតស្តាំដែលប្រមុខរាជរដ្ឋាភិបាលហាមមិនឱ្យចូល មេប៉ូលិសរូបនេះទិញរថយន្តចង្កូតស្តាំពាក់ស្លាកលេខថៃយកមកជិះ ធ្វើជាគំរូអាក្រក់ដល់ថ្នាក់ក្រោម ធ្វើឱ្យផ្ទៃក្នុងអង្គភាពប៉ូលិសប្រើមនុស្សជំនិតរបស់ខ្លួនតែ២-៣នាក់ ឱ្យនៅទទួលការងារជំនួស និងរកប្រាក់ក្រោមតុទុកឱ្យខ្លួន ដែលដើរតែស៊ីផឹកយ៉ាងអាវ៉ាសែ ។
ប្រភពមន្ត្រីប៉ូលិសជាច្រើននៅក្នុងអង្គភាពខាងលើបានទម្លាយ ពត៌មានថា ក្រៅពីប្រាក់ចំណូលការងារក្នុងមួយថ្ងៃៗ លោកប្រធានវ័យក្មេងរូបនេះ បានកំណត់ឱ្យបង់ប្រាក់ប្រចាំថ្ងៃឱ្យរូបគាត់ជាច្រើនរយដុល្លារ ហើយប៉ុស្តិ៍ទាំងឡាយ ត្រូវតម្កល់ប្រាក់ក្នុងមួយថ្ងៃ ១លាន២សែនរៀល សម្រាប់ជួយការងារបក្ស ប៉ុន្តែចាប់ពីពេលដែលលោកប្រធានប៉ុស្តិ៍រូបនេះ មកកាន់កាប់ពេលណាគឺថវិកាសម្រាប់ជួយការងារបក្ស ត្រូវបានគាត់ដកយកចាយតែម្នាក់ឯង មិនតែប៉ុណ្ណោះ គាត់បានគាបសង្កត់ឱ្យបង់លុយបក្សឱ្យគាត់ក្នុងមួយថ្ងៃ៥០០បាត និងបានដាក់កំណត់ឱ្យប៉ូលិសផ្នែកផ្តល់ទិដ្ឋាការ (ViSA) បង់ប្រាក់ឱ្យគាត់ក្នុងមួយថ្ងៃ៥០០បាតបន្ថែមទៀត ជាហេតុធ្វើឲ្យមន្ត្រីក្រោមឱវាទត្រូវតែបង្វំចិត្តយកថ្លៃលើស ការកំណត់របស់រដ្ឋនិងជាសកម្មភាពពុករលួយផងដែរ។
លោកវរសេនីយ៍ គឹម រតនា នាយរងប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិចាំយាម បានទទួលស្គាល់ថា ប្រធានប៉ុស្តិ៍ពិតជាបានកំណត់ឱ្យកូនចៅបង់ប្រាក់៥០០បាតបន្ថែមលើ ប្រាក់សម្រាប់ជួយការងារបក្សក្នុងមួយថ្ងៃៗជាប្រចាំប្រាកដមែន ។
ទាក់ទងការចោទប្រកាន់នោះលោកវរសេនីយ៍ត្រី កៅ សារ៉ាណា ប្រធានប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិចាំយាម មិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេ ព្រោះលោកអវត្តមានពីកន្លែងធ្វើការងារជាប្រចាំ៕