ភ្នំពេញះ អ្នកកាសែតកម្ពុជា ជាច្រើននាក់ នៅថ្ងៃទី៣០ មីនា មានការភ្ញាក់ ផ្អើល និងសោកស្ដាយជាខ្លាំង ដោយបានទទួលដំណឹងថាអគ្គនិពន្ធនាយក កាសែតរស្មីកម្ពុជា លោក ប៉ែន សមិទ្ធិ បានទទួលមរណភាព នៅព្រឹកថ្ងៃទី ៣០ មីនា ឆ្នាំ២០១៥ ដោយរោគាពាធ។
ក្រៅពីមានមុខតំណែងនៅកាសែតរស្មីកម្ពុជា លោក ប៉ែន សមិទ្ធិ មានមុខតំណែងជា អគ្គនិពន្ធនាយកកាសែតគេហទំព័រ (អនឡាញ) ឈ្មោះ ខាំបូឌ៊ា អ៊ិចប្រេសញូវ (Cambodia Express News=CEN) និងជាប្រធានក្លឹបអ្នកកាសែតកម្ពុជា។
ប្រភពសាច់ញាតិ និងអ្នករួមការងារបានឲ្យដឹងថា លោក ប៉ែន សមិទ្ធិ មានអាយុ ៥៥ ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម និងជាមនុស្សម្នាក់មានការស្រឡាញ់រាប់អាន ពីសំណាក់មនុស្សជាច្រើន ដែលជាមិត្តភ័ក្ដិ និងអ្នកធ្វើការជាមួយ។ លោក ប៉ែន សមិទ្ធិ បានទទួលមរណភាព ដោយបន្សល់ទុកភរិយា និងកូនចំនួន២នាក់។
នៅថ្ងៃទី៣០ មីនា មានមិត្តភ័ក្ដិ កូនសិស្ស អ្នករួមការងារជាមួយលោកជាច្រើននាក់ បានសរសេរនៅក្នុងទំព័រហ្វេសប៊ុក (Facebook) របស់ពួកគេ ដោយសម្ដែងក្ដីសោកស្ដាយចំពោះដំណឹងស្ដីពី មរណភាពរបស់ លោក ប៉ែន សមិទ្ធិ។
ពួកគេចាត់ទុកថា ការស្លាប់របស់លោក គឺជាការបាត់បង់អ្នកកាសែតមានវិជ្ជាជីវៈ មានបទពិសោធន៍ មានសីលធម៌ និងបានបូជាជីវិតខ្លួន ក្នុងមុខរបបជាអ្នកកាសែត ដើម្បីផ្សព្វផ្សាយព័ត៌មាននានា ទៅដល់ប្រជាពលរដ្ឋទូទាំងប្រទេស។
លោកហក់ចូលក្នុងវិស័យសារព័ត៌មាន ចាប់តាំងពីរបបខ្មែរក្រហមបានដួលរលំ គឺចាប់ពីឆ្នាំ ១៩៨០ ដល់១៩៩៣ លោកបានធ្វើការនៅកាសែតភ្នំពេញ។ ចាប់ពីឆ្នាំ១៩៩៣ មកទល់ថ្ងៃទទួលមរណភាព លោកធ្វើការនៅកាសែតរស្មីកម្ពុជា ដោយមានមុខតំណែងជាអគ្គនិពន្ធនាយក។
ក្នុងរយៈពេលធ្វើការនៅកាសែតរស្មីកម្ពុជានេះ លោកបានបង្កើតគេហទំព័រព័ត៌មានមួយ ឈ្មោះ ខាំបូឌ៊ា អ៊ិចប្រេសញូវ និងបានរួមជាមួយអ្នកកាសែតមួយចំនួន បង្កើតក្លឹបអ្នកកាសែតកម្ពុជា(ក.អ.ក) ដោយលោកជាប់ឆ្នោតជាប្រធានក្លឹប៕
លោក ប៉ែន សមិទ្ធិ ប្រធានក្លឹបអ្នកកាសែតកម្ពុជា ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃច័ន្ទ ទី០៩ ខែមិថុនា ឆ្នាំ២០១៤។