ភ្នំពេញ ៖ ដើម្បីអបអរសាទរទិវាបុណ្យចូលឆ្នាំថ្មីឆ្នាំ ចរ ជាឆ្នាំនេះជាធាតុឈើ តាមប្រពៃណីជនជាតិចិន និងអាចជាប្រយោជន៍ខ្លះក្នុងការសម្រាប់ការស្វែងរកជោគលាភ និងទប់ស្កាត់នូវភាពចង្រៃឧបទ្រពផ្សេងៗកុំឲ្យកើតមានដល់លោកអ្នក និងក្រុមគ្រួសារនោះ លោក មឿន ញាណ ការីនិពន្ធរបាយការណ៍ពិសេស កាសែតភ្នំពេញប៉ុស្តិ៍ បានជួបសម្ភាសន៍ជាមួយលោកព្រឹទ្ធាចារ្យ ចាំង ហាំងឡុង ជាគ្រូទាយចិនសែល្បីល្បាញនៅរាជធានីភ្នំពេញ ដើម្បីប្រមើលមើលពីជោគជតារាសីទាំង ១២ ឆ្នាំ សម្រាប់មិត្តអ្នកអានគ្រប់ៗគ្នាធ្វើការត្រិះរិះពិចារណារៀងៗខ្លួនដូចខាងក្រោមនេះ ៖
១-ឆ្នាំ ជូត – កណ្តុរ
ឆ្នាំនេះជោគជតារាសីមិនសូវល្អទេ ដោយសារមនុស្ស និងលុយ, យក្ស និងសាច់, ឆ្កែ ឆ្មា ខាំកណ្តុរ។ ដូច្នេះអ្នកកើតឆ្នាំជូតទាំងប្រុស-ទាំងស្រី ត្រូវប្រុងប្រយ័ត្ន កុំឲ្យគេស៊ីឡាក់លើខ្លួន។ ចូរប្រយ័ត្នលុយកាក់កុំឲ្យគេខ្ចី បើមិនអ៊ីចឹងទេ ខ្ចីទៅជាទុំហើយ សូម្បីតែលេងតុងទីនក៏ដោយត្រូវប្រយ័ត្នគេរត់ចោលដែរ។ ពេលណាគេត្រូវការខ្ចី ឬពឹងយើងគេអង្វរកទន់ភ្លន់ណាស់ ប៉ុន្តែដល់ពេលយើងទៅទារគេវិញ គឺដូចទៅខ្ចីបុលអង្ករពីគេអីចឹង។
រយៈពេលពេញមួយឆ្នាំនេះ ត្រូវប្រយ័ត្ននៅក្នុងខែបារាំងចំលើខែ ៣, ៥, ៦, ១០ និងខែ ១២។ ចំពោះដំណើរប្រព្រឹត្តិទៅជារៀងរាល់ថ្ងៃ ក៏ត្រូវប្រយ័ត្នពីម៉ោង ១១ ដល់ម៉ោង ៣ រសៀល។
ទោះជាយ៉ាងណា អ្នកឆ្នាំ ជូត នៅក្នុងអំឡុងឆ្នាំនេះ គឺនៅតែជាមេដឹកនាំគេ មានល្បិចខ្ពស់ហើយត្រូវចេះលាក់ខ្លួននៅក្រោមដី ប្រសិនជាមើលឃើញឱកាសល្អដល់ខ្លួន ចូរសម្រុកវាយលុកឲ្យអស់ពីសមត្ថភាព ប៉ុន្តែបើស្ទាក់ស្ទើរគួរចេះនៅស្ងៀមទៅវិញ។ ចូរចាំថា លោក-អ្នកនៅតែសំខាន់ ដោយត្រូវបានគេរាប់ជាអ្នកទី ១ ក្នុងរយៈពេល ១២ ឆ្នាំម្តង និងក្នុងរយៈពេល ៦០ ឆ្នាំម្តងជានិច្ចកាល។
២-ឆ្នាំ ឆ្លូវ – គោ
ចិន មានសុភាសិតមួយនិយាយថា «ប្រយ័ត្នក្បាលមាន់ កន្ទុយគោ» គឺមានន័យថា ក្បាលមាន់តូចមែនពិតតែជាមេគេ ចំណែកកន្ទុយគោធំវែង តែវាជាកញ្ជះគេទេ ព្រោះវាបានតែធ្វើកិច្ចការតូចៗបក់ដេញរុយ ឬមូសទេ។
រីឯសុភាសិតខ្មែរនិយាយថា «ឆ្កែចេះតែព្រុះ (រទេះ) គោចេះតែទៅមុខ» ព្រោះគោដឹងថា ឆ្កែអត់ហ៊ានធ្វើអីគោទេ ដោយសារគោអាងក្បាលជាមាន់។ ឆ្នាំនេះ គោត្រូវមានល្បិចខ្លះដើម្បីទប់ទល់ និងវាយបកយកជ័យជំនះបានល្អប្រសើរ។
ដូច្នេះឆ្នាំនេះ លោក-អ្នកកើតឆ្នាំ ឆ្លូវ ត្រូវរក្សាភាពស្ងៀមស្ងាត់ កុំឈ្លោះទាស់ទែងគេឲ្យសោះ ពិសេសបើអ្នកធ្វើការវិញប្រយ័ត្នមេដកចោលដូចស្ពៃ។ ឆ្លូវឆ្នាំនេះ កុំរវល់រឿងគេ គឺទាំងក្នុង ទាំងក្រៅកុំឈ្លោះគ្នាឲ្យសោះ។ ឆ្លូវឆ្នាំនេះ ទាំងប្រុសទាំងស្រីមិនល្អសម្រាប់រៀបការទេ ប៉ុន្តែបើភ្ជាប់ពាក្យទុកដល់ឆ្នាំ ២០១៩ បានការ ហើយដល់ឆ្នាំ ២០២០ យកបានកូនមួយទៀតនោះគឺល្អលេខ។
៣-ខាល – ខ្លា
សុភាសិតខ្មែរពោលថា «វត្ត ១ អាចារ្យ ២, ភ្នំ ១ ខ្លា ២, មេឃ ១ ព្រះអាទិត្យ ២»…» ប៉ុន្តែឆ្នាំនេះ សម្រាប់អ្នកកើតឆ្នាំ ខាល មានទេវតាខ្លា ១ នៅចាំថែរក្សាជាស្រេច ដូច្នេះមានន័យថា មានខ្លា ២ ហើយ។ អីចឹងលោក-អ្នកកើតឆ្នាំ ខាល គឺត្រូវរៀបចំពិធីធ្វើរំដោះគ្រោះចេញ និងលើករាសីឡើង។ មនុស្សចាស់ប្រយ័ត្នដួល ក្មេងៗប្រយ័ត្នរត់ជំពប់ជើង ឯមនុស្សធំពេញវ័យប្រយ័ត្នគ្រោះថ្នាក់ចរាចរណ៍។
ជាប្រចាំថ្ងៃ សូមប្រយ័ត្នគ្រោះកាចនៅវេលាម៉ោង ៤-៥ ទាបភ្លឺ, ពេលល្ងាចថ្ងៃលិច, និងម៉ោង ៩-១១ ព្រឹក ចូរប្រយ័ត្នការបើកបរ។ តាមពិតទៅឆ្នាំ ខាល ត្រូវនឹងឆ្នាំ ចរ មែន ដូច្នេះចូរប្រយ័ត្នប្រយែងចំពោះអ្នកផ្សេងច្រណែនឈ្នានីសលបវាយប្រហារពីក្រោយខ្នង។ យកល្អកុំអង្គុយលើចង្អេរលើកខ្លួនឯង ហើយត្រូវប្រយ័ត្នប្រយែងចំណីអហារហូបចុក និងសុខភាព។
ថ្វីបើហ្វុងស៊ុយឆ្នាំនេះមិនសូវល្អមែន ប៉ុន្តែតាមក្បួនតម្រាបុរាណរបស់ចិន គេឲ្យអ្នកកើតឆ្នាំ ខ្លា ត្រូវទៅរកខ្ទមអ្នកតាចិនដែលមានរូបខ្លា (នៅកម្ពុជា មានខ្ទមអ្នកតា វត្តភ្នំ, ស្តាតអូឡាំពិក, តាខ្មៅ, និងជាពិសេសបើធ្វើដំណើរដល់ខេត្តកំពង់ធំ ពេលទៅដល់រូបដំរីជាន់ខ្លា ខ្លាខាំដំរី) រួចឲ្យធ្វើពិធីឧបកិច្ចចេញទៅ (បើពុំចេះធ្វើពិធីនេះទេ សូមមករកកុងសែ ចាង ហាំងឡុង)។
៤-ថោះ – ទន្សាយ
លោក-អ្នកកើតឆ្នាំថោះ ដែលឡាក់ឆុង (ឆុងខ្លាំង) ជាមួយឆ្នាំ មាន់ កាលពីឆ្នាំមុននេះ តែឆ្នាំថ្មីនេះឡាក់ខាក់ (គ្រោះល្អ) ជាមួយឆ្នាំ ចរ គឺល្អលេខ ១ តែម្តង។ ប៉ុន្តែដោយសារមានតារាមិនល្អ (ផ្កាយចោរ) និងការប្រហែសប្រហោង ដូច្នេះអ្នកកើតឆ្នាំ ថោះ ត្រូវប្រយ័ត្នប្រយែងទ្រព្យសម្បត្តិរបស់ឲ្យមែនទែន ព្រោះខ្លាចចោរលួច-ឆក់-ប្លន់ ឬក៏បាត់បង់ជាដើម។
ឆ្នាំនេះបើចង់ធ្វើការរកស៊ី ឬវិនិយោគទុក សុំកុំចូលរួមជាមួយអ្នកឆ្នាំរកា និងឆ្នាំជូតឲ្យសោះ។ ហាមឈ្លោះគ្នាជាមួយមិត្តភក្តិ ជាពិសេសពាក់ព័ន្ធរឿងសាសនា និងនយោបាយ។ ចូរកុំធ្វើដំណើរឆ្លងទឹកក្នុងខែសែនលោកខែរបស់ចិន និងខែភ្ជំបិណ្ឌខ្មែរ។ ឆ្នាំនេះទន្សាយមានទេវតាមួយឈ្មោះឡេងតិច នៅចាំថែរក្សា ដូច្នេះយកល្អរៀងរាល់រាត្រីថ្ងៃ ១៥ កើត ចន្លោះម៉ោង ៧-១១ យប់ ត្រូវធ្វើពិធីសែនព្រះច័ន្ទនៅមុខផ្ទះ ដោយរំឭកហៅឈ្មោះទេវតាឡេងតិច មកផងគឺជាការប្រសើរល្អ។
៥-រោង – នាគ
ដួងជតារាសីឆ្នាំរោង គឺឡាក់ឆុងទៅហើយ ប៉ុន្តែមានអ្នកខ្លះនៅតែល្អដែរដោយសារបានថ្ងៃ ឬខែយោង។ ចូរចាំថា នៅពេលដែលនាគជាប់គាំងនៅតាមឈូងសមុទ្រ ឬដីខ្សាច់នោះ គឺក្តាម បង្គារ បង្កង កំពិស ក៏មើលងាយដែរ។ ហើយត្រូវតម ៣ខ ជាដាច់ខាង ទី ១-កុំទៅកន្លែងមានក្តាមឈូស ឬបុណ្យសព (សូមផ្ញើរតែលុយដាក់ស្រោមសំបុត្រចូលរួមសិនបានហើយ), ទី ២-កុំសាងសង់ផ្ទះ ឬទៅការដ្ឋានសាងសង់ (ប៉ុន្តែអាចទិញផ្ទះស្រាប់បាន ហើយត្រូវឲ្យប្តី ឬប្រពន្ធ ជាអ្នកកើតឆ្នាំផ្សេងមើលជំនួស), ទី ៣-កុំទៅឆាឆៅគេថើបគ្នា, ដឹកដៃកូនក្រមុំចូលបន្ទប់ផ្សំដំណេក, កុំមើលគេសែនផ្សេងៗ និងកុំទៅទស្សនកិច្ច។
ក្រៅពីនេះ នៅឆុងនឹងខែចូលឆ្នាំខ្មែរ (ខែ ៤ បារាំង) និងខែ ១។ ឆ្នាំនេះ រោង គឺយ៉ាប់ណាស់ ប្រយ័ត្នចាញ់បោកគេរឿងលុយកាក់ ទាំងការប្រគល់ឲ្យគេ និងការទទួលលុយពីគេ គឺត្រូវមានសាក្សី-បញ្ជីស្នាម និងអ្នកត្រួតពិនិត្យឲ្យច្បាស់លាស់។
៦-ម្សាញ់ – ពស់
ឆ្នាំម្សាញ់ គឺពស់ និងឆ្កែ ឆ្នាំចរនេះ គឺនៅក្នុងព្រៃពេលវាជួបគ្នាតែងតែភ្ញាក់ផ្អើលគ្នាទៅវិញទៅមក អត់ហ៊ាននឹងគ្នាទេ។ ដូច្នេះ ត្រូវតមកុំឈ្លោះគ្នាឡើងតុលាការ បើពុំនោះទេមានភាគីណាមួយរងគ្រោះហើយ ឬក៏មានភាគីទី ៣ ចូលមកឆ្លៀតឱកាសមិនខាន។ បើជ្រុលជាឈ្លោះទាស់ទែងគ្នា ចូរដោះស្រាយស្ងាត់ៗគ្នាឯងទៅ។
ម្សាញ់ឆ្នាំនេះ អ្នកវ័យចំណាស់កុំដើរទស្សកិច្ចទៅក្រៅប្រទេស ព្រោះនឹងមានជំងឺផ្សេងៗតាមយាយីយ៉ាប់ហើយ ប៉ុន្តែបើដើរលេងកម្សាន្តតាមរមណីយដ្ឋានក្នុងស្រុក គឺល្អណាស់។ បើក្មេងៗវ័យសិក្សាគឺល្អ ហើយបើម្សាញ់ជាពស់វែករាងរាវ គឺមានជាញ៉ែចែចូវគឺល្អហើយការតែម្តងទៅ ប៉ុន្តែបើម្សាញ់ពស់ថ្លាន់ធាត់ គឺយ៉ាប់ហើយ ដូច្នេះត្រូវសម្រកគីឡូរង់ចាំដល់ ២០២០ ទើបរៀបការបានល្អ។
៧- មមីរ – សេះ
សេះឆ្នាំនេះយីអ៊ន់ឡើងខ្ពស់ល្អ ប៉ុន្តែអំឡុងពេលនេះ កុំបណ្តោយខ្លួនទទួលទានស្រារហូតដល់ស្រវឹង (នាំឲ្យមានគ្រោះចង្រៃ) បើប្រុសទៅរួមសង្វាសជាមួយស្រីផ្សេងប្រយ័ត្នកើតរោគឆ្លងផ្សេងៗដល់ស្លាប់ តែបើស្រីវិញហាមធ្វើដឹងឮ ឬរវីរវល់រឿងរបស់គ្រួសារអ្នកដទៃ ប្រយ័ត្នគ្រោះចង្រៃនោះធ្លាក់មកលើខ្លួនឯងវិញ គឺត្រូវនឹងពាក្យខ្មែរថា «ធ្វើបុណ្យ បានបាប»។
អ្នកកើតឆ្នាំមមីរទាំងប្រុសទាំងស្រី ក្នុងឆ្នាំនេះហាមដាច់ខាតការធានាអះអាងជំនួសគេ ដូចជា ធានាអ្នកជាប់ទោស (ជាប់គុក) ឬធានារឿងលុយកាក់ជាដើម។ បើចង់រកស៊ី ឬវិនិយោគអ្វីផ្សេងៗ ហាមមិនឲ្យចូលហ៊ុនជាមួយអ្នកឆ្នាំជូត និងឆ្នាំឆ្លូវទេ។
៨- មមែ – ពពែ
ឆ្នាំនេះដំណើរជីវិតរបស់ពពែរមិនសូវល្អទេ ព្រោះអ្នកគង្វាលពពែរ នៅម៉ុងហ្គោលលីទាំងអស់តែងតែប្រើឆ្កែប៊ែរហ្ស៊េធំៗ ដើម្បីឲ្យជួយគៀងដោយព្រុះកំញើញសត្វពពែរឲ្យដើរត្រង់ជួរចូលហ្វូង។ ដូច្នេះបើអ្នកធ្វើការងារផ្សេងៗ ចូររៀបចំខ្លួនឲ្យបានត្រឹមត្រូវ ខិតខំធ្វើការងារ កុំមាត់ករ ឬតវា ប្រយ័ត្នថ្នាក់លើគេមើលឃើញទាស់ភ្នែកគេបញ្ឈប់ពីការងារ។
បើនៅក្នុងគ្រួសារកុំឈ្លោះទាស់ទែងគ្នា បើជាកូនចៅត្រូវទ្រាំតស៊ូធ្វើជាកូនកត្តញ្ញូតទៀតទៅ កុំឲ្យម៉ែឪខឹង។ បើប្រតិបត្តិបានល្អហើយ តែគ្រោះចង្រៃនៅតែតាមយាយីទៀត នោះលោក-អ្នកដាច់ខាតកុំរារែក គឺត្រូវតែសកម្មប្រយុទ្ធដោះស្រាយទៅនោះនឹងបានជោគជ័យជាក្រោយជាមិនខាន។
៩- វក – ស្វា
អ្នកកើតឆ្នាំស្វា មានរាសីធម្មតាទេក្នុងអំឡុងឆ្នាំចរនេះ។ លោក-អ្នកអាចមានសំណាង ឬត្រូវរង្វាន់ជាឆ្នោតធំៗ ប្រសិនបើជាអ្នកទិញឆ្នោត ផឹក ឬប្រើប្រាស់សម្ភារៈអ្វីៗ ដែលមានគម្រប ឬសន្លឹកឆ្នោតរបស់វាជាឆ្នោតសំណាងនោះ អាចមានលាភត្រូវសំណាងធំ។
នៅក្នុងឆ្នាំចរនេះ អ្នកកើតឆ្នាំវក ត្រូវហាម ២ខ ទី ១-កុំទៅបុណ្យសព, ទី ២-កុំទៅហែសព។ ប៉ុន្តែបើខានពុំបានត្រូវសាកសួរទៅគ្រូចិនសែឲ្យជាក់ច្បាស់ តាំងពីពេលវេលា និងអ្វីខ្លះត្រូវប្រយ័ត្ន ឬត្រូវធ្វើនាពេលនោះ។ នៅអំឡុងឆ្នាំនេះត្រូវទុកដាក់លុយកាក់ឲ្យបានត្រឹមត្រូវ ប្រយ័ត្នខែចូលឆ្នាំខ្មែរ (ខែ ៤ បារាំង), ខែ ៨ និងខែ ១០ ជាពិសេសស្រីៗដែលមានកាន់កាបូបដៃ ពេលដើរឆ្លងផ្លូវ ដើរតាមផ្លូវ (ទោះបីក្នុងកាបូបនោះ មានតែ ២-៣ ពាន់រៀលលុយខ្មែរ ក៏ដោយត្រូវប្រយ័ត្នចោរឆក់)។
១០- រកា – មាន់
ជោគជតារាសីរបស់អ្នកកើតឆ្នាំមាន់បានកន្លងផុតឡាក់ឆុងហើយ ហើយឆ្នាំនេះឆ្កែនៅតែតាមរករឿងមាន់ដដែល ប៉ុន្តែមាន់មិនខ្លាចឆ្កែទេ ព្រោះមានតែមាន់ល្ងង់ទេ ដែលឆ្កែខាំងាប់ ចំណែកមាន់ឆ្លាត គឺហើរទំលើមែកឈើរងាវហើយជុះនោមដាក់ក្បាលឆ្កែទៀត។ ទោះជាយ៉ាងណា កុំឆាឆៃដល់គេ គឺកុំមាត់ច្រើន។
អ្នកកើតឆ្នាំមាន់ ក៏មិនត្រូវបង្ហាញចរិកជាវីរជន វីរនារីទេ ឬកតាំងខ្លួនថា លោកិយនេះមានតែអញមួយនោះ ចូរចាំថា នៅពេលទទួលបានជោគជ័យចាំរងាវទើបល្អ។ ពាក្យចិន ថា «ជំងឺចូលតាមមាត់ចង្រៃចេញតាមមាត់» ហើយប្រយ័ត្នគេបោកតាមបច្ចេកវិទ្យា (អ៊ីនធឺណិត)។ មាន់ឆ្នាំនេះ គឺជាមាន់ប្រយុទ្ធមែន (ជល់) ប៉ុន្តែកុំឆ្លោះគ្នាប្រយ័ត្នគេយកទៅស្ងោរ ឬការី ចូររក្សាភាពស្ងាត់ល្អជាងគឺ «ងើយស្កក អោនដាក់គ្រាប់»។
១១- ចរ – ឆ្កែ
ចរឆ្នាំនេះជាន់ឆ្នាំមែនទែនមិនល្អទេ។ ដូច្នេះកុំឈ្លោះជាមួយគេ កុំព្រុះខ្លាំងពេក កុំអួតអាង ត្រូវស្តាប់យោបល់គេ បើគេមកជាមិត្តយើងកុំមើលងាយគេ ចូររាប់អានគ្នាទៅ តែបើដល់កម្រិតថា នាំគ្រោះថ្នាក់ដល់ខ្លួនខ្លួន ចូរធ្វើការវាយតប់ដោយកម្លាំងចុះ។ គេថា ឆ្កែព្រុះអត់ខាំ។
អ្នកកើតឆ្នាំចរ មានភាពស្មោះត្រង់ជាមួយមិត្តភក្តិណាស់។ ប្រសិនបើកម្លោះច្រេះចាប់ ចូរចិញ្ចឹមឆ្កែប៊ែរហ្ស៊េលេងទៅ ដើម្បីទទួលបានអាយុវែង។ ដោយសារឆ្នាំនេះឆុង អ្នកត្រូវតម ៣ខ ដែរ ១-កុំសង់ផ្ទះ ឬជួសជុលការដ្ឋាន, ២-កុំទៅបុណ្យសព ឬកន្លែងក្តាមឈូស, ៣-អាពាហ៍ពិពាហ៍ កុំទៅរៀបគ្រែ ឬចងមុងឲ្យគេ។
១២- កុរ – ជ្រូក
គេតែងនិយាយលេងសើចថា «ជ្រូកកុំធាត់ជាងក្របី និងកុំធំជាងដំរី» ទោះជាជ្រូកយ៉ាងណាក៏ដោយ ត្រូវតែកុំដេកដល់ថ្ងៃចាំងគូថឲ្យសោះ ព្រោះឆ្នាំនេះជ្រូកត្រូវគ្នាជាមួយឆ្កែល្អណាស់។ ប៉ុន្តែទាល់តែចេះក្តាប់ឱកាស នឿយហត់ពេក លុយកាក់ច្រើនពេកអាចនាំឲ្យឈឺដែរ។
យកល្អ ខែ ៥ (បារាំង) ខៃ ៨ ខែ ១១ នៅម៉ោង ៩-១០-១១ ព្រឹក និងយប់ រីឯល្ងាចម៉ោង ៣-៤-៥ ល្ងាច មិនត្រូវទៅមន្ទីរពេទ្យ ដើម្បីសាកសួរអ្នកជំងឺធ្ងន់ណា ដែលមានលក្ខណៈជាជំងឺឆ្លងផ្សេងៗនោះទេ។ រីឯពេលចូលឆ្នាំចិន ឬឆ្នាំខ្មែរ បើទៅលេងតំបន់មាត់សមុទ្រកុំក្លាហានពេក ប្រយ័ត្នខ្យល់ព្យុះ និងទឹករលកខ្ពស់។ ឆ្នាំនេះ ប្រសិនជាអាចកើតកូន អាចមានកូនទោះស្រី ឬប្រុសគឺល្អដូចគ្នា៕