ស្រវឹងជោកបើករថយន្ត​ BMW​ បុក​រះ​ដើមឈើ ម៉ូតូ​៤​គ្រឿង និង​របួស​មនុស្ស​២​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 April, 2015 ក+ ក-

​ភ្នំពេញ​៖​បុរស នារី ៣​នាក់ បាន​បើករថ យន្ត​ម៉ាកBMWស៊េរី​ទំនើប​មួយគ្រឿង​ទាំង​ស្ថានភាព​ស្រវឹង​ជោកជាំ​ក្នុង​ល្បឿន​លឿន​ដូច​ហោះ រេ​ចង្កូត​ទៅបុក​បើក​ឈើ​នៅ​សងខាង​ផ្លូវ និង​ជ្រុល​រះ​ម៉ូតូ​៤​គ្រឿង ថែមទាំង​បុក​មនុស្ស បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​២​នាក់​ទៀត​។​

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​១០​នាទី​ទាបភ្លឺ​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៥ នៅតាម​បណ្តោយ​ផ្លូវ​លេខ​២៦៨ ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា រថយន្ត​បង្កហេតុ​នោះ​ម៉ាក​BMW(X5) ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AE-1113 បើកបរ​ដោយ​ឈ្មោះ អ៊ុង កុល​ហ្សា​និ​ច ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ​លក់​រថយន្ត​ឲ្យ​ក្រុមហ៊ុន​BMW(AWO) និង​មានមុខ​របរ​បើក​ក្រុមហ៊ុន​ទេសចរណ៍ ស្នាក់​នៅផ្ទះ​លេខ​២០CE២ ផ្លូវ​លេខ​១៧៨ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ​។ អ្នករួមដំណើរ​ជាមួយ​២​នាក់​ទៀត​ទី​១-​ឈ្មោះ តាន់ គឹម​លី ភេទ​ស្រី មុខរបរ​និស្សិត​សកលវិទ្យា​ល័យ​ជាតិ​គ្រប់គ្រង និង​ទី​២-​ឈ្មោះ ខា ខេង​ឈូង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​លក់ដូរ​ស្នា​ក់នៅ​ផ្ទះ​លេខ​១ ផ្លូវ​សហព័ន្ធរុស្ស៊ី សង្កាត់​កា​កាប ខណ្ឌ ពោធិ​សែន​ជ័យ ត្រូវ​ឃាត់ខ្លួន​បញ្ជូនទៅ​ការិយាល័យ​ចរាចរ ជើងគោក​រាជធានី​ទាំងអស់​តែម្ដង​។​

​សមត្ថកិច្ច​បន្តទៀតថា ចំណែក​អ្នករបួសធ្ងន់​ចំនួន​២​នាក់ ទី​១.​ឈ្មោះ យិន ចាន់​ធួន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ឋានៈ​ឧ​ត្ត​ម​សេនីយ៍​ទោ មុខរបរ​អង្គរក្ស​ស្នាក់​នៅក្នុង​បន្ទាយ​រងរបួស​ធ្ងន់​ជាំ​ឈាម​ប្រអប់ជើង ខាងស្តាំ​ង ទី​២.​ឈ្មោះ សឹង សុជាតិ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ឋានៈ​ជា​ឧ​ត្ត​ម​សេនីយ៍​ទោ មុខរបរ​អង្គរក្ស ស្នាក់​នៅក្នុង​បន្ទាយ ត្រូវរបួស​ក្បាល ឈាម​តាម​ត្រចៀក និង​ក្បាលជង្គង់​ខាងឆ្វេង កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ាក​BMW​សេរី​ទំនើប​មួយគ្រឿង តំលៃ​ប្រហែល​១៥​ម៉ឺន​ដុល្លារ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AE-1113 ដែល​បើកបរ​ដោយ​នារី​ស្រវឹងធ្លាក់ភ្នែក និង​អ្នករួមដំណើរ​ជាមួយ​២​នាក់​ទៀត ដែល​ទើប​ចេញពី​ក្លិប​រាត្រី​បាន​បើក​បោះពួយ​យ៉ាង​លឿន​ធ្វើដំណើរ​តាម បណ្តោយ​ផ្លូវ​នរោត្តម​ពី​ត្បូង​មក​ជើង​មកដល់​រង្វង់​មូល​វិមានឯករាជ្យ ស្រាប់តែ​ជ្រុល​ហោះ​ឡើង​ចិញ្ចើមផ្លូវ​ទៅបុក​អង្គរក្ស​ដែល​ឈរ​យាម​នៅ​ទីនោះ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​២​នាក់ ដោយ​រថយន្ត​នោះ​នៅ​មិនទាន់​អស់​ល្បឿន​ក៏​ជ្រុល​បុក ដើមឈើ​បាក់​អស់​មួយ​ដើម និង​បុក​រះ​ម៉ូតូ​ចំនួន​៤​គ្រឿង​ទៀត ទើប​រថយន្ត​ទៅមុខ​លែងរួច​។​

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។ ចំណែក រថយន្ត​បង្ក​រួមទាំង​ម្ចាស់​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​កិច្ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោល​ដើម្បី​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕theoun2

4455