នាំគ្នា​ទៅ​កម្សាន្ត​លើ​វាល​ខ្សាច់​ដីដុះ​ចុះ​លេង​ទឹក​លង់​ស្លាប់​២​នាក់ ​ម្នាក់ទៀត​ជួយ​ស្រង់​ទាន់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 February, 2018 ក+ ក-

ព្រៃវែង ៖ យុវជន​ប្រុស​ស្រី​ចំនួន​៣​នាក់​បាននាំគ្នា​ទៅ​កម្សាន្ត​លើ​វាល​ខ្សាច់​ដីដុះ​មាត់ទន្លេ​មេគង្គ​មួយកន្លែង​ស្ថិតក្នុង​ភូមិ​សាមគ្គី ឃុំ​ស្វាយ​ភ្លោះ ស្រុក​ពាម​ជ័រ ខេត្តព្រៃវែង រួច​នាំគ្នា​ចុះ​ហែល​ទឹក​លេង​បណ្តាល​ឲ្យ​លង់​ស្លាប់​២​នាក់ និង​ម្នាក់ទៀត​កំពុង​ស្ថិ​ត្នុ​ង​ការជួយ​សង្គ្រោះបន្ទាន់​។​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី រសៀល​ថ្ងៃទី​២៥ ខែកុម្ភៈ​ឆ្នាំ​២០១៨​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំង​៣​នាក់​ទី​១​ឈ្មោះ​និល សុ​ផា​នុត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ (​ស្លាប់​) ទី​២​ឈ្មោះ​យស ចាន់​រស្មី ភេទ​ស្រី អាយុ​១៨​ឆ្នាំ​(​ស្លាប់​) និង​ទី​៣​ឈ្មោះ​លន់ វិ​ចិត្ត ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ ត្រូវបាន​គេ​ជួយ​ស្រង់​ទាន់​ឥឡូវ​ដឹក​យកទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​។​ជនរងគ្រោះ​ទាំង​៣​នាក់ មាន​ទីលំនៅ​ភូមិ​តា​អុក សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។

​ប្រភព​និយាយថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​ប្រុស​ស្រី​៣​នាក់​បាននាំគ្នា​មក​កម្សាន្ត​នៅលើ​កោះ​ឆ្នេ​ខ្សាច់​នេះ​រួច​ក៍​នាំគ្នា​ចុះ​ហែល​ទឹកទន្លេ​មេគង្គ​លេង​។​លុះដល់​វេលា​ម៉ោង​ខាងលើ​ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​ថា មាន​មនុស្ស​លង់ទឹក​ធ្វើ​ឲ្យ​អ្នក​ដែល​ទៅលេង​កម្សាន្ត​នៅ​ចំណុច​វាល​ខ្សាច់​នោះដែរ​រួមជាមួយ​ពលរដ្ឋ​កសិករ​ធ្វើ​ចំការ​ក្បែរ​នោះ រត់​ចុះទៅ​ជួយ​ស្រង់​សង្គ្រោះ​ភ្លាមៗ​ផងដែរ តែ​ជា​អកុសល​យុវជន យុវនារី​២​នាក់ បាន​ឈ្លក់ទឹក​ដាច់ខ្យល់​ស្លាប់បាត់​បង់ជីវិត​ទៅហើយ នៅសល់តែ​យុវជន​ម្នាក់​(​ក្នុងចំណោម​៣​នាក់​)​នៅមាន​ចលនា​ដង្ហើម​ក៏​នាំគ្នា​ជួយសង្គ្រោះ​តាមរបៀប​បុរាណ​ទំរាំ​រថយន្ត​សង្គ្រោះបន្ទាន់​មក​ដឹក​យកទៅ​សង្គ្រោះ​បន្ត​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ពាម​ជ័រ ។​

គួរបញ្ជាក់​ផងដែរ​ថា នៅ​ចំណុច​លើ​កោះ​នេះ​ឧស្សាហ៍​មាន​មនុស្ស​លង់ទឹក​ស្លាប់​ជា​ញឹក​ញ៉ាប់​ណាស់ ដូច្នេះ​សូម​ពុក​ម៉ែ​បងប្អូន​ជាពិសេស​យុវជន​យុវនារី​ដែល​តែងតែ​នាំគ្នា​ទៅលេង​កម្សាន្ត​រៀងរាល់​ចុង​សប្តាហ៍ ថ្ងៃ​សៅរ៍ ឬ​ថ្ងៃអាទិត្យ​សូម​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ផង ពិសេស​ពេល​ពិសា​គ្រឿង​ស្រវឹង​ខ្លាំង​កុំ​ចុះ​ហែល​ទឹក​លេង​ទៅ​ផ្នែក​កណ្តាលៗ​ពេក​ព្រោះ​កន្លែង​នេះ​មាន​អណ្តូង​ម៉ាក​ជ្រៅៗ​ណាស់​ប្រយ័ត្ន​សប្បាយ​ក្លាយជា​ទុក្ខ​។ ដោយឡែក អាជ្ញាធរ​មូលដ្ឋាន គួរ​មានការ​រៀបចំ​យ៉ាងណា​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ដូចខាងលើ​នេះ​បន្ទៀ​ត បើ​មិន​ដូច្នេះ​ទេ តំបន់​នេះ​នឹង​លែងមាន​ភ្ញៀវ​ទៅ​កម្សាន្ត​ទៀតហើយ​៕