ភ្នំពេញ ៖ លោក គី ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជ ធានីភ្នំពេញ សម្រេចបន្តឃុំខ្លួនជនត្រូវចោទ កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះ រយៈពេល៦ខែបន្តទៀត ។ នេះបើតាមការបញ្ជាក់របស់លោកសំ សុគង់ មេធាវីមួយរូបក្នុងចំណោម៥រូប ថ្លែងប្រាប់នៅល្ងាចថ្ងៃនេះ ។
មាត្រា២០៨នៃក្រមនីតិវិធីព្រហ្មទណ្ឌ ចែងថា”ចំពោះនីតិជនដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ ការឃុំខ្លួនបណ្ដោះអាសន្នមិនអាចលើសពី៦ខែបានទេ។ ប៉ុន្ដែនៅពេលផុតថិរវេលានេះ ចៅក្រមស៊ើបសួរអាចពន្យារពេលការឃុំខ្លួនម្តងបាន៦ខែ ដោយមានដីកាសំអាងហេតុត្រឹមត្រូវនិងច្បាស់លាស់។ ចៅក្រមស៊ើបសួរអាចពន្យារការឃុំខ្លួនបណ្ដោះអាសន្នបានតែ២ដងគត់។
មន្ត្រីតុលាការពន្យល់ថា មាត្រានេះចង់បង្ហាញថា ជនត្រូវចោទណា ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ អាចត្រូវបានចៅក្រមស៊ើបសួរ ឃុំខ្លួនរហូតដល់ទៅ១៨ខែ បាន ដោយមានដីកា សំអាងហេតុត្រឹមត្រូវនិងច្បាស់លាស់។
លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទ សន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។ បទសន្ទិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឱ្យមានអំពើប្រទូស្តរ៉ាយ ឬឱ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី ១៥ ដល់ ៣០ឆ្នាំ។
លោកកឹម សុខា ត្រូវបានចោទប្រកាន់បទឧក្រិដ្ឋ បើយោងតាមមាត្រា៤៦នៃក្រមព្រហ្មទណ្ឌ ។ មាត្រា៤៦នៃក្រមព្រហ្មទណ្ឌ ចែងថា”បទល្មើសជាបទឧក្រិដ្ឋ នៅក្នុងករណីដែលអតិបរមានៃទោសដាក់ពន្ធនាគារដែលត្រូវ ៖ ទី១ ជាទោសដាក់ពន្ធនាគារអស់មួយជីវិត ទី២ ជាទោសដាក់ពន្ធនាគារលើសពី៥ឆ្នាំនិងក្រោមឬស្មើនឹង៣០ឆ្នាំ។ ទោសដាក់ពន្ធនាគារអាចត្រូវបន្ថែមនូវទោសពិន័យជាប្រាក់ផងដែរ។
គួរបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅពាក់កណ្តាលអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២0១៧។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនលោក កឹម សុខា ទៅឃុំបណ្តោះអាសន្ននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ។ ហើយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ ព្រះរាជអាជ្ញា៣រូបបានទៅដល់ពន្ធនាគារត្រពាំងផ្លុង ដើម្បីសាកសួរលោក កឹម សុខា។ ការសាកសួរនោះ ក៏មានវត្តមានរបស់មេធាវីទាំង ៥រូប របស់លោក កឹម សុខា ដែរ៕