ឆ្នាំ​២០១៧ ពលករ​ខ្មែរ​ទៅ​បំរើការ​នៅក្រៅ​ប្រទេស​ជិត​១០​ម៉ឺន​នាក់​ក្នុងនោះ​ទៅ​ថៃ​ច្រើនជាងគេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 March, 2018 ក+ ក-

​ភ្នំពេញ ៖ ក្នុង​ឆ្នាំ​២០១៧ កម្ពុជា​បាន​បញ្ជូន​កម្លាំង​ពលកម្ម​ទៅ​បម្រើ​ការងារ​នៅក្រៅ​ប្រទេស ជិត​១០​ម៉ឺន​នាក់ ដែល​ចំនួន​នេះ មានការ​កើនឡើង ១២,៦% បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៦ មានតែ​ជាង​៨​ម៉ឺន​នាក់​ប៉ុណ្ណោះ​។​

​យោងតាម​របាយការណ៍​ថ្មី របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានចេញ​ផ្សាយ នៅ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៨ បានអោយដឹងថា ក្រសួង​ការងារ​បាន​បញ្ជូន​ពល​ករ​ទៅ​ធ្វើការ​នៅ ក្រៅប្រទេស​ក្នុង​ឆ្នាំ​២០១៧ មាន​ចំនួន​៩៦.៣៣៨​នាក់ (​ស្រី​៣៨.១៩៨​នាក់​) បើ​ធៀប​នឹង​ឆ្នាំ​២០១៦ មាន​ចំនួន​៨៥.៥៧៦​នាក់ (​ស្រី ៣៤.៧៣០​នាក់​)​។​
របាយការណ៍​ដដែល​ឲ្យ​ដឹង​ទៀតថា ពលករ​ដែល​ត្រូវបាន​បញ្ជូនទៅ​ក្រៅប្រទេស​រួមមាន ៖ ថៃ​ចំនួន​៨៧.៩០៩​នាក់ (​ស្រី​ចំនួន ៣៥.១៦៤​នាក់​),​កូរ៉េ​ចំនួន​៥.៩៦៧​នាក់ (​ស្រី​ចំនួន​១.៦៣១​នាក់​), ជប៉ុន​ចំនួន​២.២៨០​នាក់ (​ស្រី​ចំនួន​១.២៤១​នាក​), ម៉ាឡេស៊ី​ចំ​នួ ២៧​នាក់ (​ស្រី​ចំនួន​៧​នាក់​), សិង្ហ​បុរី​ចំនួន​១៣៨​នាក់ (​ស្រី​ចំនួន ១៣៨​នាក់​) ,​អារ៉ាប់​ប៊ី​សា​អូឌីត​ចំនួន​១២​នាក់ (​ស្រី​ចំនួន​១២​នាក់​) និង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​ចំនួន​៥​នាក់ (​ស្រី​៥​នាក់​)​។​

សូមបញ្ជាក់ថា គិត​ចាប់ពី​ឆ្នាំ​២០០៧ រហូតមកដល់​ឆ្នាំ​២០១៧ ពលរដ្ឋ​កម្ពុជា​ទទួលបាន​ការងា​រ​ធ្វើ​សរុប​ចំនួន ៩១​ម៉ឺន​៦​ពាន់​២​រយ​៤៩​នាក់ ក្នុងនោះ​ធ្វើការ​នៅក្នុង​ប្រទេស​ចំនួន​៥៩៣.០៨៧​នាក់ នៅក្រៅ​ប្រទេស​ចំនួន ២៧០.៩២៧​នាក់ មានដូចជា​នៅ​ប្រទេស​ថៃ​ចំនួន​២២០.៨៩៧​នាក់ , កូរ៉េ​ចំនួន​៥៦.៧១០​នាក់ , ជប៉ុន​ចំនួន​៦.៣០​នាក់ , ម៉ាឡេស៊ី​ចំនួន ៣៨.៧៨៣​នាក់ ,​សិង្ហ​បុរី​ចំនួន​៦២៥​នាក់ , អារ៉ាប់​ប៊ី​សា​អូឌីត​ចំនួន​១២​នាក់ និង​តំបន់​រដ្ឋបាល​ពិសេស ហុងកុង​ចំនួន​៥​នាក់​៕​