ថៃ ជំរុញអោយមាន​ការវិនិយោគ​បន្ថែម​លើ​វិស័យ​គ្រឿងបន្លាស់​រថយន្ត​នៅ​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 March, 2018 ក+ ក-

​ភ្នំពេញ ៖ ដើម្បី​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ថៃ ប្រទេស​ទាំងពីរ បាន​ខិតខំ​ប្រឹងប្រែង​រក​ការវិនិយោគ​នានា​បន្ថែមទៀត ជាក់ស្ដែង​វិស័យ​យានយន្ត​និង​គ្រឿងបន្លាស់​រវាង​ប្រទេស​ទាំងពីរ ក៏​ជា​ផ្នែក​មួយ​ជំរុញ​អោយ​ទំហំ​ពាណិជ្ជកម្ម​ទាំងមូល​សម្រេចបាន​នៅ​ឆ្នាំ ២០២០​ផងដែរ ។

​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​រសៀល​ថ្ងៃទី ១៤ មីនា ២០១៨ នៅ​ស្ថានទូត​ថៃ លោក ជី​រ៉ា​វុ​ឍ សុ​វណ្ណា​អាត អគ្គទីប្រឹក្សា​ពាណិជ្ជកម្ម​ប្រចាំ​ស្ថាន​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា ដើម្បី​ផ្ដលឱកាស​ដល់​ពាណិជ្ជករ រវាង​កម្ពុជា និង​ថៃ ក្នុងការ​វិនិយោគ​និង​ធ្វើ​អាជីវកម្ម​លើ​វិស័យ​យានយន្ត ថៃ​គ្រោង​រៀបចំ​ព្រឹត្តិការណ៍​ធុរកិច្ច​មួយ នៅ​ខែមេសា ឆ្នាំ ២០១៨​ខាងមុខនេះ និង​មានការ​អញ្ជើញ​ចូលរួម​ពី​ធុរជន​តាម​បណ្ដា​ប្រទេស​នានា ។

​លោក​បន្តថា​កាលពីមុន​ប្រទេស​ថៃ ជា​ចំណាប់អារម្មណ៍​មួយ​សម្រាប់​វិនិយោគិន​បរទេស ក្នុងការ​បណ្ដាក់ទុន​ដំឡើងរថយន្ត សម្រាប់​នាំចេញ​ទៅកាន់​ទីផ្សារ​នានា លើ​ពិភពលោក ។ ជាក់ស្ដែង​បច្ចុប្បន្ន ថៃ បាន​ផលិត​រថយន្ត​ជាច្រើន​ម៉ាក​នៅក្នុង​ប្រទេស ដូចនេះហើយ​ទើប​ធ្វើអោយមាន​តម្រូវការ​គ្រឿងបន្លាស់រ​ថយ​ន្ត សម្រាប់​មក​ដំឡើង​នៅក្នុង​បណ្ដា​នានា​ក្នុងប្រទេស​ថៃ ។ លោក​ថា លោក​បាន​សម្លឹង​មើលឃើញ​ពី​សក្ដានុពល​វិនិយោគ លើ​ការផលិត​គ្រឿងបន្លាស់​រថយន្ត​នៅក្នុង​ប្រទេស​កម្ពុជា ក៏ប៉ុន្តែ​ពាក់​ព​ន្ធ័​នឹង​ការវិនិយោគ ទុកអោយ​វិស័យ​ឯកជន​ជា​អ្នក​ជជែក​ស្វែងរក​ការបណ្ដាក់ទុន​ដោយ​ខ្លួនគេ​ចុះ ។

​លោក​បន្ថែមថា កន្លងមក មាន​ក្រុមហ៊ុន​នៅ​ប្រទេស​មួយចំនួន​បាន​ផ្លាស់​ពី​ថៃ មក​ដំឡើង​រោងចក្រ​នៅ​កម្ពុជា ដើម្បី​ផលិត​គ្រឿងបន្លាស់​រថយន្ត​ហើយ​នាំ​ចេញទៅ​ប្រទេស​ថៃ​វិញ ហើយ​សព្វថ្ងៃនេះ ក៏មាន​ក្រុមហ៊ុន​ផ្សេងៗ​ទៀតផង​ដែរ កំពុង​រកមើល​ការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា លើ​វិស័យ​គ្រឿងបន្លាស់​រថយន្ត​នេះដែរ ព្រោះ​នៅ​កម្ពុជា ក៏មាន​ធនធានមនុស្ស​ដែលមាន​ជំនាញ ហើយ​កម្លាំង​ពលកម្ម​ក៏​នៅមានកម្រិត ដែល​អាចអោយ​ពួកគេ បង្វែរ​មក​បណ្ដាក់ទុន​នៅ​កម្ពុជា​វិញ ៕​