ទូត​តួ​ក​គី ចង់​ឲ្យ​ក្រ​កម្ពុជា​បញ្ជូន​ឯកអគ្គរាជទូត​ទៅ​ប្រចាំ​សាធារណរដ្ឋ​តួ​ក​គី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 March, 2018 ក+ ក-

​ភ្នំពេញ ៖ ក្នុងជំនួប​សវនាការ ជាមួយ​សម្តេច​វិបុល​សេនា​ភក្តី​សាយ ឈុំ មុខ​រដ្ឋ​ស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរ ដ្ឋ​តួ​ក​គី​បានបង្ហាញ ពី​បំណង​ច ង់​ឲ្យ កម្ពុជា​បញ្ជូន ឯកអគ្គរាជទូត​រប​ស់​ខ្លួន ប្រចាំ​នៅ​សាធារណរដ្ឋ​តួ​ក​គី​។​
​លោកជំទាវ Ayda Ünlü ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​តួ​ក​គី​លើកឡើង​ក្នុងជំនួប ជាមួយ​សម្តេច​ប្រមុខរដ្ឋ ស្តីទី ខណៈដែល​លោកស្រី ចូល​ជូន​សារតាំង និង​សម្តែង​ការគួរសម នា​ព្រឹក​ថ្ងៃទី​១៤​មីនាឆ្នាំ​២០១៨ នៅ​វិមាន​ព្រឹទ្ធសភា​។​
​នៅក្នុង​ឱកាស​នោះ លោកជំទាវ Ayda Ünlü បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​ប្រមុខរដ្ឋស្តីទី ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ​អនុញ្ញាត​ឲ្យ​លោកជំទាវ​បាន​ចូល​ជូន​សារតាំង និង​សម្តែង​ការគួរសម​។

​លោកជំទាវ​ឯកអគ្គរដ្ឋទូត បាន​ជម្រាបជូន​សម្តេច​ប្រមុខរដ្ឋស្តីទី​ថា “​ទោះបីជា​ទីតាំង​ភូមិសាស្ត្រ​ប្រទេស​ទាំងពីរ នៅ​ឆ្ងាយ​ពីគ្នា​ក៏ពិតមែន ប៉ុន្តែ​បេះដូង​នៃ​ប្រទេស​ទាំងពីរ​នៅ​ជិតគ្នា ជាពិសេស​ប្រទេស​ទាំងពីរ​មាន​ទំនាក់ទំនង មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​ជា​យូរលុង​មកហើយ​”​។​

​លោកជំទាវ​មានប្រសាសន៍​ទៀតថា ការបង្កើត​និវេសនដ្ឋាន​តួ​ក​គី​ប្រចាំ​កម្ពុជា មាន​ចាប់តាំងពី​ឆ្នាំ​២០១៣​មក ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង ប្រទេស​ទាំងពីរ មានការ​កើនឡើង​។ ក្នុងអំឡុងពេល​បេសកកម្ម​ការទូត​នេះ លោកជំទាវ នឹង​ខិតខំ​ពង្រឹងពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​លើ​គ្រប់​វិស័យ ។ ប្រទេស​ទាំងពីរ​បាន​ចុះ​កិច្ចព្រមព្រៀង ជាមួយគ្នា​ជាច្រើន ដែល​នឹង​នាំ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច របស់​គណៈប្រតិភូ​ជាន់ខ្ពស់ នៃ​ប្រទេស​ទាំងពីរ​ទៅវិញទៅមក និង​មាន​ការចុះ​កិច្ចព្រមព្រៀង​ថ្មី​បន្ថែមទៀត ព្រមទាំង​កិច្ចសហការ​ប្រតិបត្តិកា​រលើ​គ្រប់​វិស័យ ពិសេស វិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ និង​វិស័យ​វប្បធម៌​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​មាន​សន្ទុះ​កាន់តែខ្លាំង​ឡើង​ថែមទៀត ក្នុង​គោលដៅ​បង្កើន​ឲ្យ​ដល់​៥០០​លាន​ដុល្លារ នៅ​ឆ្នាំ​២០២០​។ លោកជំទាវ បាន​ស្នើសុំ​ការគាំទ្រ​ពី​កម្ពុជា ចំពោះ​សាធារណរដ្ឋ​តួ​ក​គី ក្នុងការ​ផ្សារភ្ជាប់​ទំនាក់​ទំនង និង​កិច្ចសហប្រតិបត្តិការ ពហុភាគី​ជាមួយនឹង​អាស៊ាន​។​

​ក្នុង​ព្រះបរមនាម ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្នុងនាម​ព្រឹទ្ធសភា រដ្ឋសភា និង​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​សម្តែង​នូវ​ការស្វាគមន៍​ដ៏​កក់ក្តៅ​ជាទីបំផុត​ចំពោះ​លោកជំទាវ​ឯកអគ្គរដ្ឋទូត និង​មាន​ជំនឿ​ជឿជាក់ថា នឹង​ខិតខំ​បន្ត​រក្សា​ប្រពៃណី​ដ៏​ល្អ​នៃ​ចំណងមិត្តភាព និង​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ លើ​គ្រប់​វិស័យ​ឲ្យ​កាន់តែ​ទូលំទូលាយ ដើម្បី​ជា​គុណប្រយោជន៍​សម្រាប់​ប្រទេស និង​ប្រជាជន​ទាំងពីរ​។​

​សម្តេច​ប្រមុខរដ្ឋស្តីទី បាន​សម្តែង​នូវ​សេចក្តី​រីករាយ​ដោយបាន​មើលឃើញថា ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រជាជន និង​ប្រទេស​ទាំងពីរ មានការ​រីកចម្រើន​ជា​បន្តបន្ទាប់​។ ទំនាក់ទំនង​នេះ ស្តែងឡើង​តាមរយៈ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ និង​បាន​គាំទ្រ​គ្នា​ទៅវិញទៅមក ក្នុង​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​លើ​ឆាក​អន្តរជាតិ ជាពិសេស​ក្នុង​ក្របខណ្ឌ​អង្គការសហប្រជាជាតិ​។​

​សម្តេច​ប្រមុខរដ្ឋស្តីទី បាន​បញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រៀមខ្លួន​ជានិច្ច ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ​ជាមួយនឹង​លោកជំទាវ​ឯកអគ្គរដ្ឋទូត ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ឈាន​ឡើង​កំរិត​ថ្មី​មួយទៀត ដើម្បី​ផលប្រយោជន៍​ដ៏​ធំធេង​សម្រាប់​ប្រជាជន និង​ប្រទេស​ទាំងពីរ​ទៅវិញទៅមក​៕​