ប្រទេស​កាណាដា សន្យា​បញ្ជា​ទិញ​វាយនភ័ណ្ឌ​កាត់ដេរ​ពី​កម្ពុជា​បន្តទៀត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 March, 2018 ក+ ក-

​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែមីនា នេះ​ថា ប្រទេស កាណាដា នឹង​បន្ត​បញ្ជា​ទិញ​ទំនិញ​ផ្នែក​វាយ​ន​ភណ្ឌ (​សម្លៀកបំពាក់​) ពី កម្ពុជា​បន្ថែមទៀត ខណៈដែល​ប្រទេស​នេះ បាន​ដក​ការបញ្ជាទិញ​ពី​បណ្តា​ប្រទេស ពាក់ព័ន្ធ​មួយ ចំនួន​។​

មានប្រសាសន៍ប្រាប់​ដល់​ក្រុម​អ្នកសារព័ត៌មាន ក្រោយ​ជំនួប​ពិភាក្សា​ការងារ​ជាមួយ លោក ជំទាវ ដូ​ណា​កា ប៉ូ​តទី (DONICA POTTIE) ឯកអគ្គរដ្ឋទូត កាណាដា ប្រចាំ​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃទី ១៦ ខែមីនា ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ បានបញ្ជាក់​ឱ្យដឹងថា ពេលនេះ កាណាដា បាន​ដក​ការបញ្ជាទិញ​ពី​ប្រទេស​មួយចំនួន ប៉ុន្តែ​ចំពោះ​ប្រទេស​កម្ពុជា កាណាដា នៅតែ​រក្សា​ដដែល មិនមាន​អ្វី​ប្រែប្រួល​ឡើយ​។

​ឯកឧត្តម​បណ្ឌិត​បន្តថា ដោយឡែក​តម្លៃ​នៃ​ការនាំចេញ​ទៅកាន់ ប្រទេស កាណាដា ក៏​ស្ថិត ក្នុងស្ថានភាព​ល្អប្រសើរ ដែល​ភាគី កាណាដា បានផ្តល់​ភាពអនុគ្រោះ​សម្រាប់​ការនាំ​ចូល ដោយ​គិត មកទល់ពេលនេះ មាន​ចំនួន​ជាង ៩០​លាន​ដុល្លារ​អាមេរិក​។

ឯកឧត្តម​រដ្ឋមន្ត្រី​បន្ថែមថា កត្តា​ដែល​ភាគី​កាណាដា នៅតែ​បន្ត​បញ្ជា​ទិញ ដោយសារ រដ្ឋា​ភិ បាល​កម្ពុ​ជាមាន​គោលនយោបាយ​ល្អ ដូចជា​ការដោះស្រាយ​លក្ខ​ខណ្ឌ​ការងារ​ប្រាក់​ឈ្នួល​កើនឡើង និង​ធ្វើ​ឲ្យ​មាន​បញ្ហា​ប្រកួតប្រជែង​មួយចំនួន និង​មាន​ភាពអនុគ្រោះ​ដោយសារ​ថា អ្នកប្រើប្រាស់ ទំនិញ​នៅក្នុង​អរិយ​ប្រទេស មួយចំនួន​ក៏​ពេញចិត្ត នឹង​អ្វី​ដែលជា​លក្ខខណ្ឌ ដែល​បាន​ផ្តល់ជូន ទៅ ដល់ កម្មករនិយោជិត ជាពិសេស​ចុងក្រោយ​នេះ គោលនយោបាយ​គាំពារ​សង្គម របស់​ប្រមុខ រដ្ឋា ភិ​បាល សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បានផ្តល់​គ្រប់បែបយ៉ាង​ដល់ក​ម្មករ និយោជិត ពិសេស​ស្ត្រី​ដែល​ជំរុញ​ឲ្យ​មានការ​ទាក់ទាញ​កាន់តែខ្លាំង ទាំង​អ្នកប្រើប្រាស់ និង​អ្នកបញ្ជា ទិញ ។ កត្តា​ទាំងនេះ​ធ្វើ​ឲ្យ​អ្នកបញ្ជា​ទិញ​កាន់តែ​ចាប់អារម្មណ៍​ខ្លាំង​ឡើង​ថែម​ទៀតផង​។​

​ដោយឡែក​ទាក់ទិន​និង​កិច្ចពិភាក្សា​នាពេលនេះ​វិញ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង​លើក ឡើង​ថា បាន​ផ្តោតទៅលើ​វិស័យ​ការងារ​ជាសំខាន់ ព្រោះ​កាណាដា ជា​ប្រទេសមួយ​ដែល​ទិញ​ទំនិញ ផ្នែក​វាយនភ័ណ្ឌ​ពី​ប្រទេស​កម្ពុជា​ដ៏​សំខាន់​មួយ​ផងដែរ​។ ដូច្នេះ​ភាគី កាណាដា បាន​ស្វែងយល់ អំពី លក្ខខណ្ឌ​ការងារ​និង​ការអនុវត្តន៍​នូវ​គោលនយោបាយ​ចំពោះ​សិទ្ធិសេរីភាព​នៅក្នុង​វិស័យ​កាត់ដេរ សម្លៀកបំពាក់​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា តាមរយៈ​នេះ​ប្រទេស​ទាំងពីរ​បាន​យល់​គ្នា កាន់តែច្បាស់ ពី​អ្វីដែល​ស្ថានភាព​ដ៏​ល្អប្រសើរ​ជាមួយ​លក្ខខណ្ឌ​ការងារ ហើយ​ភាគី​កាណាដា ក៏បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​កម្ពុជា​ហើយ​ចាត់ទុក​ប្រទេស​កម្ពុជា ថា​ជា​ប្រទេស​គំរូ​មួយ​នៅ​ក្នុងការ អនុវត្ត​លក្ខខណ្ឌ​ការងារ ល្អ ប្រសើរ​នេះ​៕