អាជ្ញាធរ​ភ្នំពេញ ដំឡើង​ស្ថានីយ​បូមទឹក​លូ​ទី​១៤ នៅ​ចំណុច​លូ​៥ តំបន់​វេ​ង​ស្រេង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 March, 2018 ក+ ក-

​ភ្នំពេញ ៖ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ចាប់ផ្តើម​ស្ថាបនា​ស្ថានីយ៍​បូមទឹក​ទី​១៤ ដែល​ស្ថិតនៅ​តំបន់ លូ​៥ នៅក្នុង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​ការ​ជន់​លិច​ដោយ​ជំនន់​ទឹក ភ្លៀង​នៅ រដូវវស្សា ដែល​តែងតែ​លិច​ជា​រៀងរាល់ឆ្នាំ​។
​ក្នុង​ពិធី​បើក​ការស្ថាបនា​ស្ថានីយ​បូមទឹក​លូ​៥ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៦ ខែមីនា ឆ្នាំ​២០១៨​នេះ នៅ​ចំណុច​ភូមិ​ទួល​ពង្រ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង អភិបាល​រាជធានី ភ្នំពេញ បាន​ថ្លែងថា “​នេះ​ជា​សមិទ្ធិផល​ថ្មី​មួយទៀត ដែល​រដ្ឋបាល​រាជធានី ចាប់ផ្តើម​ស្ថាបនា ស្ថា នី​យ លូ​៥ សំរាប់​បូមទឹក ដែល​លិចលង់​ដោយ​ទឹកភ្លៀង​ក្នុង​រដូវវស្សា នៅ​ភាគ​ខាងលិច រាជធានី ភ្នំពេញ នៃ​ខណ្ឌ​ចំនួន​៣ គឺ​ខណ្ឌដង្កោ ពោធិ​សែន​ជ័យ និង​ខណ្ឌមានជ័យ​”​។​

លោក អភិបាល​បញ្ជាក់ថា ទំហំ​ដ៏​ធំធេង​នេះ ពេល​មាន​ភ្លៀង​ធ្លាក់​ម្តង ធ្វើអោយ​មានការ លិចលង់​យ៉ាងធ្ងន់ធ្ងរ ចូល​ផ្ទះ​របស់​ប្រជាពលរដ្ឋ ជា​ដំណោះស្រាយ គឺ​ពឹង​ផ្អែកលើ​ស្ថានីយ៍​បូម ទឹក លូ​៥ ដែល​បូម​បង្ហូរ​ចូលទៅ​បឹង​ជើងឯក ភាគខាងត្បូង​រាជធានី​ភ្នំពេញ និង​បង្ហៀរ​តាម​ស្ទឹង​ព្រែក ត្នោត ចូលទៅក្នុង​ទន្លេបាសាក់​។ ប្រឡាយ​នេះ​វា​ជា​ប្រឡាយ​រណប មួយ​ដែល​បង្ហូរទឹក​ពី​ប្រឡាយ បារាំង ទៅកាន់​បឹង​ជើងឯក​ផងដែរ​។​

​ដើម្បី​កាត់បន្ថយ​នៃ​ការ​ជន​លិច​នៅ​រដូវវស្សា លោក អភិបាល​រាជធានី បាន​សំណូមពរ​ទៅ ដល់ ប្រជាពលរដ្ឋ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ ក៏ដូចជា​អ្នក​ចំណូល​ថ្មី​ត្រូវ​ចូលរួម​ថែរក្សា​បរិស្ថាន និង ត្រូវ​ចេះ​ទុកដាក់​សំរាម​អោយបាន​ល្អ កុំ​យក​សំរាម​ទៅ​ដាក់​មាត់​លូ ឬ​បោះ​សំរាម ចូលទៅក្នុង ប្រឡាយ​ដែល​ធ្វើឱ្យ​កកស្ទះ​ផ្លូវទឹក បណ្តាលអោយ​មានការ​ជន់​លិច​ទឹក លំនៅឋាន និង​ទីក្រុង របស់ យើង​។​

​ជាមួយគ្នា​នោះ លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន បានអោយដឹងថា ការស្ថាបនា​ស្ថានីយ៍​បូម​ទឹកលូ​៥​នេះ គឺ​ត្រូវ​សាងសង់​អគារ​ថ្មី​១ បណ្តោយ ជាង​១៨​ម៉ែត្រ គុណ​និង​១០​ម៉ែត្រ ដាក់​ម៉ាស៊ីន​បូម​៤​គ្រឿង ទំហំ​០,៨​ម៉ែត្រ ដែលមាន​សមត្ថភាព បូម​បាន​៨​ម៉ែត្រគូប​ក្នុង​១​វិនាទី​។
​ប្រធាន​មន្ទីរ​រូបនេះ បន្តថា ការស្ថាបនា​ស្ថានីយ៍​បូម​ទឹកលូ​៥​នេះ គឺ​គ្រោង​សាងសង់​អោយ​រួច រាល់​នា​ចុងឆ្នាំ​២០១៨​ខាងមុខនេះ​។

​សូមបញ្ជាក់ថា បច្ចុប្បន្ន​រាជធានី​ភ្នំពេញ មាន​ស្ថា​នី​យ៏​បូមទឹក​ចំនួន​១៤​កន្លែង គឺ​ស្ថានីយ៍​បូម ទឹក បឹងត្របែក បឹងទំពន់ បឹង​សាឡាង ទួលគោក​១ (​ត្រឡោកបែក​) ទួលគោក​២ ផ្លូវ​លេខ​៧០ ព្រះ គ​ន្ល​ង់​១ ព្រះ​គ​ន្ល​ង់​២ ស្ថានីយ៍​ផ្សារ​ចាស់ ស្ថានីយ៍​ចាក់​តុ​មុខ ស្ថានីយ៍​ស្វាយប៉ាក ស្ថានីយ៍​កប់​ស្រូវ ស្ថានីយ៍​ទួល​សំពៅ ស្ថានីយ៍​បូមទឹក​បុរី​១០០​ខ្នង និង​ស្ថានីយ៍​លូ​៥៕