កម្ពុជា​​ប្រាប់​ប្រតិភូ​ពាណិជ្ជកម្ម ហុងកុង ពី​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 March, 2018 ក+ ក-

​ភ្នំពេញ ៖ នៅ​ទីស្តីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​រសៀល​ថ្ងៃទី​១៩ ខែមីនា នេះ លោក សុខ ចិន្តា សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន ទទួល​ជួប​ជាមួយ​គណៈប្រតិភូ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​មួយ ក្រុម ដឹកនាំ​ដោយ​លោក អ៊េ​ត​វឺ​ត យ៉ាវ លេខាធិការ​ទទួលបន្ទុក​កិច្ចការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង ពាណិជ្ជកម្ម ដោយ​ក្នុងជំនួប​នេះ​ឯកឧត្តម​បាន​ជម្រាបជូន​គណៈប្រតិភូ​អំពី​ភាព​អំណោយផល នៃ​បរិយាកាស​វិនិយោគ ជាពិសេស​ស្ថិរភាព​នយោបាយ និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​របស់​
​កម្ពុជា ដែល​ផ្តល់​លទ្ធភាព​អោយ​កម្ពុជា​សម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​ជា​មធ្យម ៧.៧% ក្នុង ១​ឆ្នាំ ក្នុង​រយៈពេល​ជាង ២​ទសវត្សរ៍​កន្លងទៅនេះ ។​

​លោក សុខ ចិន្តា​សោភា បាន​គូសបញ្ជាក់ថា កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ​បែបនេះ បាន ធ្វើអោយ​កម្ពុជា​ធ្វើដំណើរ​យ៉ាង​ក្លៀវក្លា​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ដោយ​ផ្តល់​ទំនុកចិត្ត​ដល់​អ្នក វិនិយោគ​បរទេស​អោយមក​បណ្តាក់ទុន​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា​។

​ជាមួយគ្នានេះ លោក​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការសម្រេចចិត្ត​របស់​អ្នកវិនិយោគ​ហុងកុង ដែល​បានជ្រើសរើស​កម្ពុជា​ជា​គោលដៅ​វិនិយោគ​ដ៏​មាន​សក្តានុពល​ខ្ពស់​ក្នុងការ​ចាប់ផ្តើម ឬ​ពង្រីក​អាជីវកម្ម​របស់ ខ្លួន​។​

​ប្រធាន​គណៈប្រតិភូ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​លោក អ៊េ​ត​វឺ​ត យ៉ាវ បាន​សាទរ​ចំពោះ​ការរីកចំរើន​ខាង​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា និង​បាន​សន្យា​អំពី​ការខិតខំ​ក្នុងការ​ទាក់ទាញ​អ្នក​និ​វិយោគ​ហុងកុង​អោយមក​បណ្តាក់ទុន​នៅ​កម្ពុជា អោយបាន​ច្រើនឡើង​បន្ថែមទៀត ដើម្បី​បន្ត​រឹតចំណង​មិត្តភាព និង​ទំនាក់ទំនង​ខាង​ផ្នែក សេដ្ឋកិច្ច​នៃ​ប្រជាជាតិ​ទាំងពីរ​។​

​យោងតាម​ការកត់ត្រារ​បស់​ក្រុម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានអោយដឹងថា កា​រវិ​និ យោគ​របស់​ហុងកុង​នៅ​កម្ពុជា​ពី​ឆ្នាំ​១៩៩៤ ដល់​ឆ្នាំ​២០១៧​កន្លងទៅ មាន​ចំនួន ២៥៧​គម្រោង មាន​ទុនវិនិយោគ​សរុប​ប្រមាណ ១.៣៣​ពាន់​លាន​ដុល្លារ​អាមេរិក ស្មើនឹង ២,១៤% នៃ​ទុន​វិ​និ យោគ​សរុប​។

​ដោយឡែក​ការវិនិយោគ​របស់​ហុងកុង​ក្នុង​ឆ្នាំ​២០១៧ គឺមាន​ចំនួន ១៣​គម្រោង ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង កាបូប និង​ឧស្សាហកម្ម​ដទៃទៀត ក្នុង​ទឹកប្រាក់ វិនិយោគ​ប្រមាណ ៨៥​លាន​ដុល្លារ​អាមេរិក ស្មើនឹង ១.៦៤% នៃ​ទុនវិនិយោគ​សរុប​ឆ្នាំ​២០១៧៕​