មន្ត្រីរាជការ​គ្រប់ផ្នែក​បាន​ឡើង​ប្រាក់ខែ ហើយ​អាច​បើក​បាន​ពី​ថ្ងៃ​នេះតទៅ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 March, 2018 ក+ ក-

​ភ្នំពេញ ៖ មន្ត្រីរាជការ​ទាំងអស់​នឹងត្រូវ​បាន​ដំឡើង​ប្រាក់បៀវត្សរ៍ ហើយ​អាច​បើក​បាន​នៅ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៨ នេះ គ្រប់ៗ​គ្នា​។​

​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា បានបញ្ជាក់​បែបនេះ នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន គរុ​និស្សិត​-​សិស្ស នៃ​វិទ្យាស្ថាន​ជាតិ​អប់​អប់រំ​ថា កាលពី​ថ្ងៃទី​២២ មីនា នេះ​។

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​ថ្លែង​បញ្ចា​ក់ថា ប្រាក់បៀវត្សរ៍​មន្ត្រីរាជកា​រ​ស៊ីវិល នឹង​ឡើងដល់ ៨៥៣.៥០០ រៀល ដោយ​មិនទាន់​បញ្ចូល​ប្រាក់​ផ្សេងទៀត​។ ចំពោះ​គ្រូបង្រៀន ដែលមាន​ប្រាក់បៀវត្ស​ចាស់ គឺ​៨០០.៥០០​រៀល ដោយ​គិត​ត្រឹម​ខែមករា កន្លងទៅនេះ ឡើងដល់ ៨៥.០៥០​រៀល នេះ​គឺជា​ប្រាក់ខែ​ទាប​បំផុត ហើយ​មកដល់​ខែមេសា ខាងមុខនេះ​នឹង​ឡើងដល់​៩៥៣.៥០០​រៀល​។ ដូច្នេះ ប្រាក់ខែ​គ្រូបង្រៀន​នឹង​កើន​ជាង​១៥​ម៉ឺន​រៀល ហើយ​នៅ​បូក​បញ្ចូល​ប្រាក់​តំបន់​ចំនួន ៨​ម៉ឺន ទៅដល់​១០​ម៉ឺន រៀល បន្ថែមទៀត​។​

​ដោយឡែក មន្ត្រី​នគរបាលជាតិ​ថ្នាក់​ពលបាលត្រី វិញ ប្រាក់បៀវត្ស​កើន​ដល់​៩៣០.៩៧៧​រៀល ដោយ​គិត​ទាំង​របប​អង្ករ​។ ចំណែក​ឯខាង​កងទ័ព​ថ្នាក់​ពលទោ វិញ នឹង​ឡើងដល់​៨៨០.៩៧៧​រៀល ដោយ​មិន​គិត​របប​អង្ករ​នោះទេ​។​

​ក្នុងឱកាស​នោះ សម្ដេច​តេ​ជោ ក៏បាន​អំពាវនាវ​ទៅដល់​មន្ត្រីរាជការ​ទាំង​អស់​ផងដែរ​ថា សូមកុំ​ច្រណែន​នឹង​គ្រូបង្រៀន និង​គ្រូពេទ្យ​ដែលមាន​ប្រាក់បៀវត្សរ៍​ខ្ពស់ជាង ពីព្រោះថា ទាំងពីរ​វិស័យនេះ ពិតជា​សំខាន់​ខ្លាំងណាស់​។ សម្ដេច​តេ​ជោ លើកឡើងថា មិន​ថា​មន្ត្រីរាជការ ឬ​ផ្នែក​កងកម្លាំងប្រដាប់អាវុធ និង​ផ្នែក​ដទៃទៀត​មិនត្រូវ​ច្រណែន​ជាមួយនឹង​គ្រូបង្រៀន និង​គ្រូពេទ្យ​ទេ ព្រោះ​មិន​ថា​កងកម្លាំងប្រដាប់អាវុធ​ក្ដី មន្ត្រីរាជការ​ក្ដី ពេល​មានកូន​របស់គាត់ ចៅ​របស់គាត់​សុទ្ធ​ត្រូវការ​គ្រូបង្រៀន និង​គ្រូពេទ្យ​ទាំងអស់​៕