គិត​ត្រឹម​ឆ្នាំ​២០១៧ កម្ពុជា​មានវិនិយោគ ទុន​បរទេស​ជាង​២​ពាន់​ក្រុមហ៊ុន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 March, 2018 ក+ ក-

​ភ្នំពេញ ៖ គិត​ត្រឹម​ចុងឆ្នាំ​២០១៧​កន្លងមកនេះ មាន​ក្រុមហ៊ុន​បរទេស​សរុប​ចំនួន​២១៥២​ក្រុមហ៊ុន កំពុង​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​។

ក្នុងចំណោម​ក្រុមហ៊ុន​ទាំងនោះ រួមមាន​ការវិនិយោគ​លើ​វិស័យ​សំខាន់ៗ​ចំនួន​៤ ក្នុងនោះ វិស័យ​ទេសចរណ៍​មាន​ចំនួន​១៥៨​ក្រុមហ៊ុន វិស័យ​កសិកម្ម​ចំនួន​១៩៣​ក្រុមហ៊ុន វិស័យ​ហេ​ដ្ឋា​រចនា​សម្ព​ន្ឋ​ចំនួន ១៣១​ក្រុមហ៊ុន និង​វិស័យ​រោងចក្រ សហគ្រាស​ផ្សេងៗ​ចំនួន​១៦៧០​ក្រុមហ៊ុន​។ តួលេខ​នេះ​គឺ​យោងតាម​របាយ​ការ​ណ៌ ដែល​បង្ហាញ​ដោយ​ក្រសួងមហាផ្ទៃ​។

ចំពោះ​ការកើនឡើង​នៃ​ការវិនិយោគ​របស់​ក្រុមហ៊ុន​អន្តរជាតិ​នៅ​កម្ពុជា​នេះ អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​ជាច្រើន​យល់ឃើញថា គឺ​ដោយសារ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា កាន់តែ​ប្រសើរ ពិសេស​កំនើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ​ក្នុង​រង្វង់​៧​ភាគរយ​របស់​កម្ពុជា បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១​នៅ​អាស៊ាន ដែលមាន​កំនើនសេដ្ឋកិច្ច​ល្អ​ជាងគេ និង​មានការ​រីកចម្រើន​លឿន​ជាងគេ​”​។ ក្នុងចំណោម​ក្រុមហ៊ុន​វិនិយោគ​បរទេស​សរុប​នេះ ភាគច្រើន​គឺ ជា​ក្រុមហ៊ុន​មកពី​ប្រទេស​ចិន កោះ​ត៉ៃ​វ៉ាន់ និង​ក្រុង​ហុងកុង​ដែល​បានមក​វិនិយោគ​នៅក្នុង​វិស័យ​រោងចក្រ សហគ្រាស វិស័យ​សំណង់ និង​អចលនទ្រព្យ​ជាដើម ដោយសារ​កម្ពុជា​ជា​ប្រទេស​ស្ថិតនៅក្នុង​គោលនយោបាយ​ផ្លូវ​សូត្រ ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ​របស់​ប្រទេស​ចិន​។ ប៉ុន្តែ​ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា នៅ​មិនទាន់​ដល់​កម្រិត​សម្រាប់​អ្នកវិនិយោគ​ពី​អឺរ៉ុប​ចង់បាន​នៅឡើយ​ទេ​។

​សូម​បញ្ចា​ក់ថា តាម​របាយការណ៍ របស់​ក្រុមប្រឹក្សា​ភិ​វឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា CDC បង្ហាញថា ក្នុង​ឆ្នាំ ២០១៧ រាជរដ្ឋាភិបាល​កម្ពុជា​បានផ្តល់​សិ​ទិ្ធ​ដល់​គម្រោង​ស្នើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រុមហ៊ុន​បរទេស សរុប​មានតម្លៃ​ជា​ទឹកប្រាក់ ៦​ពាន់​៣០០ លាន​ដុល្លារ​អាមេរិក​។ ក្នុងនោះ មាន​ទុនវិនិយោគ​របស់​ពាណិជ្ជករ​ក្នុងស្រុក ប្រមាណ​ពាក់កណ្តាល ខណៈដែល​ទុនវិនិយោគ​ពាក់កណ្តាល​ផ្សេងទៀត​ជា​គម្រោង​ស្នើសុំ​វិនិយោគ​ដោយផ្ទាល់​ពី​បរទេស (FDI) ហើយ​ភាគច្រើន​ជា​គម្រោង​ស្នើសុំ​វិនិយោគ​ពី​វិនិយោគិន​ជនជាតិ​ចិន​។

គួរ​បញ្ជាក់ថា គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​ដែល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​បរទេស បណ្តាក់ទុន​វិនិយោគ​១០០% ដោយ​មិន​ទាមទារ​ឲ្យ​មាន​ភាគហ៊ុន​ក្នុងស្រុក គឺជា​ចំនុច​ទាក់ទាញ​សំខាន់​មួយ ដល់​អ្នកវិនិយោគទុន​បរទេស​មក​បណ្តាក់ទុន​កាន់តែច្រើន​ក្នុងប្រទេស​កម្ពុជា​។ ជាមួយនិង​ការ​ផ្តល់នូវ​ភាពអនុគ្រោះ​ជាពិសេស​នោះ រាជរដ្ឋាភិបាល​ក៏បានផ្តល់​ឲ្យ​ក្រុមហ៊ុន​បរទេស អាច​ប្រើប្រាស់​នូវ​រូបិយ​បណ្ណ​បរទេស ក្នុងការ​បើកប្រាក់​បៀវត្ស​ដល់​បុគ្គលិក​កម្មករ​ផងដែរ​៕