ឆ្នេរសមុទ្រ​អូរត្រេះ កំពុង​ពេញនិយម​ជាង​ឆ្នេរ​ផ្សេងទៀត​នៅ​ខេត្ត​ព្រះសីហនុ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 March, 2018 ក+ ក-

​ខេត្ត​ព្រះសីហនុ ៖ ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្ត​ព្រះសីហនុ លោក តាំង សុ​ចិត្ត​គ្រឹះ​ស្នា ស្នើ​ដល់​ប្រតិបត្តិ​ករ​ទេសចរ​ទូទៅ ត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ ដើម្បី​ឈានដល់​រួមសហការ​គ្នា​អភិវឌ្ឍ ឬ​បង្កើត​តំបន់​ទេសចរណ៍​ថ្មីៗ​ឲ្យ​បាន​ច្រើន​ទីតាំង​បន្ថែមទៀត សម្រាប់​ផ្តល់​ជម្រើស​កម្សាន្ត​ជូន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​ចូលមក​ទស្សនា​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ​បាន​ច្រើន​ថែមទៀត​នា​ថ្ងៃ​ខាងមុខ​។​

ដើម្បី​ឆ្នើ​យ​តប​ទៅនឹង​សំណើរ​នេះ ក្រុមហ៊ុន អូរត្រេះ​អ៊ិន​វេស៍​មិន ដែល​កំពុង​វិនិយោគ ប្រប​តាម​តំបន់ ឆ្នេរសមុទ្រ​អូរត្រេះ មាន​ប្រវែង ១៧០០​ម៉ែត្រ ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត ព្រះសីហនុ ។ ក្រុមហ៊ុន​មួយ​នេះ​បានរៀបចំ សួនច្បារ​មាន​ដាំ​ផ្កា និង​ធ្វើ​ខ្ចុះ​អោយមាន សោ​ភណ្ឌ​ភាព ស្រស់បំព្រង សំរាប់​អោយ​ភ្ញៀវ​អង្គុយលេង​និង​ដើម្បី​ស្រូបយក​ខ្យល់អាកាស​ដ៏​បរិសុទ្ធ​អង្គុយ​សំឡឹង មើល​ផ្ទៃសមុទ្រ និង​កោះ​តូចធំ​នៅ​ទីនោះ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ​ភ្ញៀវ​ក៏​អាច​ចុះ​ងូតទឹក​លេង​កំសាន្ត​បាន​ផងដែរ​។​

អ្នកស្រី គឹម ហួង ជា​ភ្ញៀវ​មកពី​ខេត្តកំពង់ឆ្នាំង​បាន​បាន​ប្រសាសន៍​អោយដឹងថា រាល់ថ្ងៃ​ឈប់សំរាក ឬ​ថ្ងៃ​មានបុណ្យ​ទាន អ្នកស្រី​តែងតែ​នាំ​ក្រុមគ្រួសារ ចូលមក​សំរាកលំហែរ លេង​នៅ​ក្រុង ព្រះសីហនុ ដើម្បី​ងូតទឹក​លេង​កំសាន្ត​និង​ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធ​នៅក្នុង​តំបន់ឆ្នេរ​សមុទ្រ អូរត្រេះ នេះ ព្រោះ​ទីនេះ​មាន​បរិស្ថាន​ស្អាត​មាន​អនាម័យ​ល្អ​មាន​សួនច្បារ​លំអរ​ដោយ​ផ្កា​ចម្រុះ​ពណ៌ មាន​ខ្ចុះ​សំរាប់​អង្គុយលេង និង​មាន​សុវត្ថិភាព​ថែមទៀត​ផង​។

​លោក ស្រី គឹម ហួង បន្តថា សូម​ធ្វើការ​ផ្សព្វផ្សាយ​អោយ​បងប្អូន​ភ្ញៀវទេសចរ​ក្នុងស្រុក និង​ក្រៅ​ស្រុក​ទាំងអស់​ចូលមក​លេង​កំសាន្ត​នៅក្នុង​ក្រុងព្រះសីហនុ​អោយបាន​ច្រើន ព្រោះ​ទី​ក្នុង​ព្រះសីហនុ​នាពេល​បច្ចុប្បន្ននេះ មានការ​អភិវឌ្ឍ​គួរអោយកត់សំគាល់​ច្រើន​កន្លែង​មែនទែន ដួច​ជា ធ្វើ​ផ្លូវ ដាក់​ភ្លើង​បំភ្លឺ​ផ្លូវ នៅពេល​យប់ និង​មាន​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ដាក់​កំលាំង​យាមកាម​យ៉ាង​យកចិត្តទុកដាក់ ជូន​ភ្ញៀវ​ចូលមក​លេង​នៅ​ខេត្ត​ទេសចរណ៍​ជាប់មាត់​មុ​ទ្រ​មួយ​នេះ​។​

ចំណែក​បងប្រុស ឈ្មោះ ថៃ គឹម សេង ជា​ភ្ញៀវទេសចរ​មកពី​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ថា ពេល​មាន បុណ្យទាន បងប្រុស​តែងតែ​នាំ​គ្រួសារ​ចូលមក​សំរាក​កំសាន្ត​លេង​នៅ​ឆ្នេរសមុទ្រ អូរត្រេះ​នេះ បើ​មិន​អីចឹង​ទេ បងប្រុស​នាំ​គ្រួសារ​ទៅលេង​នៅ​កោះរ៉ុង​តែម្តង​។​

​សូមបញ្ជាក់ថា ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ មាន​ប្រវែង​ជាង ១៧១​គីឡូម៉ែត្រ (១៧១.៣៥​គីឡូម៉ែត្រ​) មាន​ខ្សាច់​ស​ស្អាត ទឹកសមុទ្រ​ថ្លា ឆ្នេរ​រាក់ ទឹកធ្លាក់ ផ្កាថ្ម ឧទ្យាន​ជាតិ និង​មាន​កោះ​ចំនួន ៣២ មាន​ជីវចម្រុះ​ធម្មជាតិ​ស្រស់ស្អាត ជា​សក្ដានុពល​ក្នុងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​គួរ​ឲ្យ​មោទនភាព​៕