បន្លែ និង​ផ្លែឈើ​ជិត​៣០០​តោន បាន​នាំចូល​ពី​វៀតណាម​មក​ផ្គត់ផ្គង់​ទីផ្សារ​កម្ពុជា ក្នុង​១​ត្រីមាស​ដើមឆ្នាំ​នេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 March, 2018 ក+ ក-

​តាកែវ ៖ លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត តាកែវ បាន​មានប្រសាសន៍ថា បន្លែ និង​ផ្លែឈើ​ជា ច្រើន​ប្រភេទ ត្រូវបាន​នាំចូល​មកពី​ប្រទេស​វៀត ណា​ម​តាម​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន ហើយ​នៅក្នុង​រយៈពេល ៣​ខែ​ដើមឆ្នាំ​២០១៨​នេះ បន្លែ និង​ផ្លែឈើ ត្រូវបាន​នាំចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន មាន​ចំនួន​២៧០ តោន ហើយ​បើ​គិត​ជា​មធ្យមភាគ​ក្នុង​មួយថ្ងៃៗ​មាន បន្លែ ផ្លែឈើ នាំចូល​យ៉ាងតិច​ក៏​១០​តោន​ដែរ​។​

​លោក​បន្តថា បន្លែ និង​ផ្លែឈើ​ទាំងនេះ មុននឹង​នាំ​ចូលមក​ចរាចរណ៍​លើ​ទី​ផ្សារលើ​ប្រទេស​កម្ពុជា ត្រូវបានធ្វើ​ការត្រួតពិនិត្យ និង​ធ្វើ​ត្តេ​ស៍​បឋម ដោយ​មន្ត្រី​ជំនាញ​កាំកុងត្រូល ដែល​ឈរជើង​នៅ​ច្រកទ្វារ​អន្តរជាតិ​មួយ​នេះ ហើយ​បើសិនជា​ក្នុងករណី​ពិនិត្យ​រកឃើញ​នូវ ប្រភេទ​បន្លែ ឬ​ក៍​ផ្លែឈើ​ណា ដែលមាន​សារធាតុ​គីមី ថ្នាំ​កសិកម្ម ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សុខ ភាព​អ្នក​បរិភោគ មន្ត្រី​ជំនាញ​កាំកុងត្រូល នឹងធ្វើ​ការហាមឃាត់​ប​ន្លែ ផ្លែឈើ​ទាំងនោះ​មិន​ឲ្យ​នាំចូល​មកកាន់​ទីផ្សារ​ប្រទេស​កម្ពុជា​នោះឡើយ ។​

​មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​នាំចូល​បន្លែ ផ្លែ ឈើ​ពី​ប្រទេស​វៀតណាម​យ៉ាងច្រើន​បែប​នេះ គឺ​បណ្តាលមកពី​ការផ្គត់ផ្គង់​និង​តម្រូវការ​ទីផ្សារ​ក្នុងស្រុក ដែល​ពឹង​ផ្អែកទៅលើ​បងប្អូន​ប្រជាកសិករ​ធ្វើ​ការដាំដុះ មិនបាន​គ្រប់គ្រាន់ និយាយ​ជារួម​ផលិតផល​បន្លែ​ផ្លែ ឈើ​ក្នុងស្រុក​មិនអាច​បំពេញតម្រូវការ​នៅលើ​ទីផ្សារ​កម្ពុជា​យើង​បាន​នោះទេ​។​

​ក្នុង​រយៈពេល​១​ត្រីមាស​ដើមឆ្នាំ​២០១៨​នេះ​មាន​បន្លែ ផ្លែឈើ​ប្រមាណ​ជិត​៣០០​តោន ត្រូវបាន​នាំចូល​ពី​ប្រទេស​វៀតណាម​ឆ្លងកាត់​តាម​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន ដែលមាន​ទីតាំងនៅ​ឃុំ​ភ្នំ​ដិ​ន ស្រុក​គីរីវង់ ខេត្តតាកែវ ។ បន្លែ​និង​ផ្លែឈើ​នាំចូល​ទាំងអស់នោះ​ភាគច្រើន​នាំចូល​ស្ពៃក្ដោប ប៉េង​បោះ ខ្ទឹមស ជាដើម​៕