សម រង្ស៊ី ៖ រដ្ឋាភិបាល​នាំ​តែ​អ្នកវិនិ យោគ​មិនល្អ មក​កេ​ញ​ចំណេញ​និង​កាប់បំផ្លាញ​ព្រៃឈើ​ខ្មែរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 April, 2015 ក+ ក-

ភ្នំពេញ៖​ថ្ងៃ​ម្សិលមិញ​នេះ លោក សម រង្ស៊ី បាន​ចោទប្រកាន់ថា រដ្ឋាភិបាល​សព្វថ្ងៃ​នាំ​តែ​អ្នកវិនិយោគទុន​មិនល្អ មក​កេ​ញ​ចំណេញ​លើទឹក​ដី​ខ្មែរ និង​កាប់បំផ្លាញ​ព្រៃឈើ​ខ្មែរ​។ នៅ​ចំពោះមុខ​យុវជន​រាប់រយ​នាក់ នៅ​ខេត្តព្រៃវែង ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​លើក​ពី​បញ្ហា​យុវជន​អត់​ការងារ​នាពេល​បច្ចុប្បន្ន ហើយ​លោក​បាន​ពន្យល់​ពី​វិធី​បង្កើត​ការងារ​ផងដែរ​។ ប៉ុន្តែ​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​តប​វិញ​ថា លោក សម រង្ស៊ី យល់ឃើញ​តែមួយ​ជ្រុង និង​ថា ការលើកឡើង​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គឺ​គ្រាន់តែ​ជាការ​ឃោសនា​រក​ការគាំទ្រ​តែប៉ុណ្ណោះ​។​

​បន្ថែម ពីនេះ លោក សម រង្ស៊ី បាន​សន្យាថា បើ​គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​ប្រទេស​នៅពេល​អនាគត គឺ​លោក​នឹងធ្វើ​យ៉ាងណា​ឲ្យ​យុវជន​មានការ​ងារ​ធ្វើ​គ្រប់ៗ​គ្នា ប៉ុន្តែ​មិនមែន​បាន​ភ្លាមៗ​ទាំងអស់គ្នា​នោះទេ​។ ការ​ថ្លែង​យ៉ាង​ដូច្នេះ គឺ​បាន​ផ្សាយ​តាម​វីដេអូ​ខ្លី រយៈ​ជាង​៧​នាទី​នៅក្នុង​ហ្វេ​ស​បុក​ផ្លូវការ​របស់លោក នៅ​ថ្ងៃទី​៤​មេសា​នេះ​។ បើតាម​លោក សម រង្ស៊ី អ្នកវិនិយោគទុន​មិនល្អ រួមទាំង​ការមិន​ខ្នះខ្នែង​របស់​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​ជន​មិន​ស្អាតស្អំ គឺជា​ប្រភព​នៃ​ការ​អត់​ការងារ​ធ្វើ​របស់​យុវជន​។​
​បញ្ហា​អត់​ការងារ ធ្វើ​ល្អ​និង​សមរម្យ​នៅក្នុង​ស្រុក បានធ្វើ​ឲ្យ​យុវជន​ខ្មែរ​ជាច្រើន​រត់ទៅរក​ការងារ​នៅ​ប្រទេសជិតខាង និង​នៅ​បរទេស​ជាដើម ដែល​មួយចំនួន​បាន​បណ្តាល​ឲ្យ​ប្រឈម​នឹង​ការលំបាក​ជាច្រើន រាប់ទាំង​ផ្នែក​សិទ្ធិមនុស្ស​និង​សុវត្ថិភាព​។ ថ្មីៗ​នេះ ក្រសួងការបរទេស​ក​ម្ពុ​ជា និង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន បាន​សហការ​ជួយ​ពលករ​ខ្មែរ​ដែល​រងគ្រោះ​នៅ​បរទេស​ឲ្យ​ត្រឡប់មក​ស្រុក​វិញ ជាច្រើន​នាក់​ផងដែរ​។

​អ្នកស្រី ជា វណ្ណាត អ្នកវិភាគ​សង្គម ក៏បាន​មើលឃើញ​ដែរ​ថា អ្នកវិនិយោគ​ក្រុមហ៊ុន​បរទេស​ធំៗ និង​ប្រកបដោយ​សីលធម៌​ខ្ពស់ មិនទាន់​បានមក​បណ្តា​ក់​ទុក​វិនិយោគ​ច្រើន​នៅ​កម្ពុជា​នៅឡើយ​ទេ​។​

​ទោះយ៉ាងណា លោក ផៃ ស៊ី​ផាន បាន​អះអាងថា កំណើន​នៃ​ការបណ្តាក់ទុន​នៅ​កម្ពុជា​មានការ​កើនឡើង ហើយ​ត្រូវបាន​វាយតម្លៃ​យ៉ាង​វិជ្ជមាន​ពី​ស្ថាប័ន​អន្តរជាតិ​សំខាន់ៗ ដូចជា ស្ថាប័ន​រូបិយវត្ថុ​អន្តរជាតិ (FMI) ធនាគារពិភពលោក និង​ធនាគារ​អភិវឌ្ឍ​អាស៊ី​ជាដើម​។ អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​រូបនេះ ក៏​ថ្លែង​ដែរ​ថា អង្គការ​អន្តរជាតិ​ផ្នែក​ការងារ (ILO) ក៏បាន​វាយតម្លៃថា អត្រា​អ្នក​អត់​ការងារ​ធ្វើ​នៅ​កម្ពុ​ជាមាន​តិចជាង​ប្រទេស​នៅ​ជិតខាង​។​

​ឆ្លើយតប​នឹង​ការកាប់បំផ្លាញ​ព្រៃឈើ​ដោយ​ក្រុមហ៊ុន​មួយចំនួន លោក ផៃ ស៊ី​ផាន បាន​បំភ្លឺថា គម្រប់​ព្រៃឈើ​ត្រូវបាន​ជំនួស​មកវិញ​ដោយ​ដំណាំ​និង​ដើម​កៅស៊ូ ដែលជា​កត្តា​ជំរុញ​យ៉ាងសំខាន់​ដល់​វិស័យ​កសិឧស្សាហកម្ម​របស់​កម្ពុជា និង​ដែល​ប្រទេស​នេះ​អាច​នឹង​ចំណេញ​បាន​ច្រើន​នាពេលខាងមុខ តាមរយៈ​ការយកពន្ធដារ​ជាដើម​៕rfi/

Samrangsy 11លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។​RFI/