តម្លៃ​លក់​ប្រេងសាំង​ធម្មតា និង​ប្រេងម៉ាស៊ូត សម្រាប់​១០​ថ្ងៃដើមខែ​មេសា​នេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 April, 2018 ក+ ក-

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​២ ខែមេសា នេះ ក្រសួងពាណិជ្ជកម្ម បានចេញ​សេចក្តីជូនដំណឹង​ជាថ្មី សម្រាប់​ការកំណត់​តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅតាម​ស្ថា​នី​យ៌​លក់​ប្រេង​នីមួយៗ​ក្នុងប្រទេស​កម្ពុជា សម្រាប់​រយៈពេល​១០​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២​ដល់​ថ្ងៃ​១១ ខែមេសា​ឆ្នាំ​២០១៨​។ ក្នុងនោះ​ប្រេងសាំង​ធម្មតា ត្រូវបាន​កំណត់​តម្លៃ​លក់​មិន​អោយលើស ៣៩៥០​រៀល​ក្នុង​មួយ​លីត្រ​! និង​ប្រេងម៉ាស៊ូត ត្រូវ​លក់​មិនអោយ​លើស​តម្លៃ​៣៧៥០​រៀល​ក្នុង​១​លីត្រ​។ ចំណែក តម្លៃ​លក់រាយ​ប្រេងសាំង​ស៊ុប​ពែរ ដែល​មិន​ត្រូវបាន​គណនា​កំណត់​តម្លៃ​លក់រាយ ក្នុង​តារាង​កំណត់​របស់​ក្រសួងពាណិជ្ជកម្ម នៅថ្ងៃនេះ គឺមាន​តម្លៃ​លក់​ចន្លោះ​៤២០០​រៀល ទៅ​៤២៥០​រៀល ក្នុង​មួយ​លីត្រ នៅតាម​ស្ថា​នី​យ៌​លក់​ប្រេងឥន្ធនៈ​ធំៗ​។ ចំណែក​តម្លៃ​លក់​ប្រេងឥន្ធនៈ​នៅតាម​បណ្តា​ស្ថា​នី​យ៌​លក់​ប្រេង រឺ​ដេប៉ូ​តូចៗ អាចមាន​តម្លៃ​ក្រោម​នេះ​បន្តិចបន្តួច​។

​ទោះជា​យ៉ាងណា តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​នៅតាម​បណ្តា​ស្ថា​នី​យ៌​ប្រេង​ទូទៅ ត្រូវបាន​កត់សំគាល់ថា មានការ​កើនឡើង​ជាប​ន្ត​បន្ទាប់ ចាប់តាំងពី​ខែវិច្ឆិកា​ឆ្នាំ​២០១៧​មក ដែល​នៅពេលនោះ​តម្លៃ​ប្រេងសាំង​ធម្មតា មានតម្លៃ​ប្រមាណ​៣៧០០​ក្នុង​មួយ​លីត្រ ប្រេងម៉ាស៊ូត​តម្លៃ​ប្រមាណ​៣៤០០​រៀល​ក្នុង​មួយ​លីត្រ និង​ប្រេងសាំង​ស៊ុប​ពែរ មានតម្លៃ​ប្រមាណ​៣៩០០​រៀល​តែប៉ុណ្ណោះ​ក្នុង​មួយ​លីត្រ​។

​សូមបញ្ជាក់ថា ការកំណត់​តម្លៃ​លក់​ប្រេងឥន្ធនៈ មិន​ឲ្យ​លើសពី​តម្លៃ​ក្នុង​តារាង​កំណត់ សម្រាប់​រយៈពេល​១០​ថ្ងៃ​ម្តងនេះ គឺ​ផ្អែកទៅលើ​ការសម្រួល​រូបមន្ត​កំណត់​តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​នៅ​កម្ពុជា​របស់​អន្តរក្រសួង ចំនួន​បី គឺ​ក្រសួងពាណិជ្ជកម្ម ក្រសួង​សេដ្ឋកិច្ច​និង​ហិ​រញ្ញា​វត្ថុ និង​ក្រសួង​ធនធាន​រ៉ែ​និង​ថាមពល ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​២០១៧​មក​៕