កិច្ចប្រជុំ​គណៈកម្មការ​ទន្លេមេគង្គ​លើក​ទី​៣ នៅ​សៀមរាប បានចាប់ផ្តើម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 April, 2018 ក+ ក-

​ភ្នំពេញ ៖ អគ្គលេខាធិការ​អាស៊ាន ចូលជួប​សម្តែង​ការគួរសម សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី មុនពេល​កិច្ចប្រជុំ​កំពូល​គណៈកម្មកា​ទន្លេមេគង្គ​ចាប់ផ្តើម នៅ​ខេត្តសៀមរាប​។​
​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានស្នើ​ដល់​អគ្គលេខាធិការ​ថ្មី​របស់​អាស៊ាន យកចិត្តទុកដាក់​ព​ន្លឿ​ន​ការងារ​អាទិភាព​ចំពោះ​កិច្ចការ​សមាហរណកម្ម​អាស៊ាន​។

​នៅក្នុង​ជំនួប​សំដែង​ការគួរសម ពី​សំណាក់ លោក ដា​តុ លឹម​ចុក​ហ៊ុយ (Dato LiM Chuk huy) អគ្គលេខាធិការ​ថ្មី​របស់​អាស៊ាន នា​ព្រឹក​ថ្ងៃទី​៤ ខែមេសា មុនពេល​កិច្ចប្រជុំ​កំពូល​គណៈកម្មាការ​ទន្លេ​មេគង្គ​លើក​ទី​៣ ចាប់ផ្តើម​នៅក្នុង​ខេត្តសៀមរាប សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ស្នើ​ដល់​អគ្គលេខាធិកា​អាស៊ាន ជម្រុញ​ព​ន្លឿ​ន​កិច្ចការ​ទាំងឡាយណា​ដែល​ថ្នាក់ដឹកនាំ​បាន​ព្រមព្រៀងគ្នា​រួចមកហើយ​។

​ទាក់ទង​នឹង​ការលើកឡើង​នេះ លោក ដា​តុ លឹម​ចុក​ហ៊ុយ បាន​ជំរាបជូន​សម្តេច​តេ​ជោ​ថា អគ្គលេខាធិការ​អាស៊ាន​នឹង​ប្រឹងប្រែង​រៀបចំ​កិច្ចការ​អាស៊ាន​អោយ​កាន់តែ​ល្អប្រសើរ​ឡើង ជាពិសេស​តាមរយៈ​អគារ​ថ្មី​របស់​អគ្គលេខាធិការ​អាស៊ាន ដែលមាន​កម្ពស់​១៦​ជាន់ ស្ថិតនៅក្នុង​ទីក្រុង ចា​ការ​តា ប្រទេស​ឥណ្ឌូនេស៊ី គឺមាន​ទំហំ​ធំ​ល្មម​សាក​សម​សម្រាប់​ប្រើប្រាស់​ក្នុង​កិច្ចប្រជុំ​នានា​របស់​អាស៊ាន​បាន​។

​បន្ថែម​ពីនេះ លោក ដា​តុ លឹម​ចុក​ហ៊ុយ បាន​បញ្ជាក់ថា អគ្គលេខាធិការ​អាស៊ាន នឹង​រៀបចំ​កិច្ចប្រជុំ​នានា​របស់​អាស៊ាន ធ្វើយ៉ាងណា​អោយ​មានការ​សន្សំសំចៃ​ថវិកា​របស់​អាស៊ាន​។ ក្នុង​ចំនុច​នេះដែរ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​លើកឡើងថា អាស៊ាន​មាន​កិច្ចប្រជុំ​ជាច្រើន​មែន ប៉ុន្តែ​កិច្ចប្រជុំ​ទាំងនោះ គឺជា​ការ​ជម្រុញ​កិច្ចការ​សមាហរណកម្ម​អាស៊ាន ។

​ដូចនេះ សម្តេច​ស្នើអោយ​មានការ​យកចិត្ត​ទុកដាក់​ជា​អាទិភាព​ចំពោះ​កិច្ចការ​សមាហរណកម្ម​អាស៊ាន ដែលជា​កិច្ចការ​ចំបង​សម្រាប់​កម្ពុជា និង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​៕​