លោក អ៊ិត សំហេង ជំនួបពិភាក្សា ការងារជាមួយ លោក Dato’ Lim Jock Hoi អគ្គលេខាធិការអាស៊ាន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 April, 2018 ក+ ក-

សៀមរាប ៖ បន្ទាប់ពីចូលរួមក្នុងពិធី ផ្តល់ពានរង្វាន់របស់បណ្តាញសុខភាព និងសុវត្ថិភាពការងារដល់សហគ្រាសដែលមានស្នាដៃល្អ និងល្អឥតខ្ចោះដែលមានសហគ្រាសចំនួន ១៩ មកពីបណ្តាលប្រទេសអាស៊ាន លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោក Dato’ Lim Jock Hoi អគ្គលេខាធិការអាស៊ាន បានជំនួបពិភាក្សាការងារ អំពីវឌ្ឍនភាពទាំងឡាយរបស់កម្ពុជាក្នុងក្របខណ្ឌអាស៊ាន ដែលបានអនុវត្តបានយ៉ាងល្អប្រសើរ។ លោក Dato’ Lim Jock Hoi បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអ្វីដែលកម្ពុជាបានកំពុងខិតខំសម្រេចបានទាំងកិច្ចការងារបណ្តាញសុខភាព និងសុវត្ថិភាពការងារ (ASEAN-OSHNET) និងទាំងក្នុងក្របខណ្ឌអាស៊ានទាំងមូល ជាពិសេសសេដ្ឋកិច្ចរបស់កម្ពុជាដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការធានា គាំពារ ជម្រុញដល់កំណើនសេដ្ឋកិច្ច និងមិនត្រឹមតែបង្កើននូវធនធានមនុស្សសម្រាប់ទាក់ទាញវិនិយោគ ពាណិជ្ជកម្មផ្សេងៗប៉ុណ្ណោះទេ តែវាក៍ជាផ្នែកមួយធានានូវនិរន្តភាពនៃកំណើនសេដ្ឋកិច្ចជាតិផងដែរ។

តាមរយៈជំនួបពិភាក្សាការងាររវាងថ្នាក់ដឹកនាំទាំងពីរនេះដែរ នឹងផ្តល់នូវគុណប្រយោជន៍បន្ថែមទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខភាព និងសុវត្ថិភាពការងារ ជាពិសេសការគាំទ្រផ្នែកបច្ចេកទេសក្នុងការរៀបចំច្បាប់ បទដ្ឋាន និងគោលការណ៍ណែនាំផ្សេងៗដល់កម្ពុជា ព្រមទាំងបានរួមចំណែកដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្តាលវិជា្ជជីវៈក្នុងការលើកកម្ពស់សុខភាព និងសុវត្ថិភាពការងារ និងលើកមុខមាត់ដល់ព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ ព្រមទាំងជំរុញដល់វិស័យទេសចរណ៍ផងដែរ៕