ធនាគារ អេ​ស៊ី​ដា ដាក់​ផែនការ​រកប្រាក់​ចំណេញ ​ជាង​១០០​លាន ​ដុល្លារ​ឆ្នាំ​២០១៨
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 April, 2018 ក+ ក-

​ភ្នំពេញ ៖ ធនាគារ​អេស៊ីលីដា​ភីអិលស៊ី ដែលជា​ធនាគារ​ធំជាងគេ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា បានប្រកាស​ផែនការ​ថា នឹង​រកប្រាក់​ចំណេញ​អោយបាន ១០០​លាន​ដុល្លារ​អាមេរិក នៅក្នុង​ឆ្នាំ​២០១៨​នេះ ខណៈដែល​ប្រាក់ចំណេញ​សុទ្ធ​ក្រោយ​បង់ពន្ធ កាលពី ឆ្នាំ​២០១៧​កន្លងទៅ មាន​ចំនួន​ជាង​៩០​លាន​ដុល្លារ​អាមេរិក​។​

​បើតាម​ការបញ្ជា​ក់រប​ស់លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ការិយាល័យ​កណ្ដាល​កាលពី​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៨ ដើម្បី​បង្ហាញ​ពី​សេវាកម្ម​ថ្មី​មួយទៀត នៅក្នុង​វិស័យ​ធនាគារ​ឌីជីថល បាន​បង្ហាញថា ប្រាក់ចំណេញ​របស់​ធនា​គារ​អេស៊ីលីដា ក្នុង​ឆ្នាំ​២០១៧ កន្លងទៅនេះ មានការ​ថយចុះ បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ដោយសារ​ឆ្នាំ​២០១៧ ធនាគារ​បាន​កែទម្រង់​មួយចំនួន ដែល​ត្រូវ​ចំណាយ​ប្រាក់​ច្រើន ដូចនេះហើយ​ទើប​ធ្វើ​ចំណូល​បាន​ធ្លាក់ចុះ​បន្តិច ។ ចំណែក​នៅក្នុង​ឆ្នាំ ២០១៨​នេះ អេស៊ីលីដា បានកំណត់​ផែនការ​រកប្រាក់​ចំណេញ អោយបាន​១០០​លាន​ដុល្លារ​អាមេរិក ក៏ប៉ុន្តែ វា​ក៏​អាស្រ័យ​លើ​ការកែប្រែ​មួយចំនួន​របស់​ធនាគា​រ​អេស៊ីលីដា និង​ធនាគារជាតិ ។

​លោក​បណ្ឌិត អ៊ិន ចាន់នី បាន​បញ្ជាក់ថា នៅពេល​បច្ចុប្បន្ននេះ ប្រាក់ចំណូល​ធំ​របស់​ធនាគារ បានមកពី​ការប្រាក់​ឥណទាន​របស់​អតិថិជន ដែលមាន​រហូតដល់​ជាង​៨៥​ភាគរយ ។ ក៏ប៉ុន្តែ​ពេលអនាគត ធនាគារ​នឹង​ពង្រឹង​សេវាកម្ម​នានា ដើម្បី​បង្កើន​ប្រាក់ចំណូល តួយ៉ាង​ធនាគារ​អេស៊ីលីដា គ្រោង​នឹង​បង្កើន​ប្រាក់ចំណូល​ពី​សេវាកម្ម​អោយបាន​ជាង​៣០​ភាគរយ ហើយ​ប្រាក់ចំណូល​ពី​ឥណទាន​នឹងត្រូវ​បន្ថយ​មក​នៅត្រឹមតែ ជាង​៦០​ភាគរយ​ប៉ុណ្ណោះ ។

​ដូច្នេះហើយ ដើម្បី​បង្កើន​ប្រាក់ចំណូល​ពី​សេវាកម្ម ធនាគារ​នឹង​ខិតខំ​ពង្រឹង​សេវាកម្ម​នានា​របស់ខ្លួន​បន្ថែមទៀត​។ ជាក់ស្ដែង សមិទ្ធផល​ថ្មី​របស់​អេស៊ីលីដា ដែល​បានដាក់​អោយប្រើ​ប្រាស់ កាន់តែ​ងាយស្រួល និង​កាត់បន្ថយ​នូវ​ហានិភ័យ​ខ្ពស់​ចំពោះ​ការបាត់បង់ និង​ផលវិបាក ។ លោក​ក៏បាន​បង្ហាញ​ដែរ​ថា សមិទ្ធផល​ថ្មី គឺ អេស៊ីលីដា​ទាន់​ចិត្ត ដែល​បាន​បង្កើត​តាំងពី​ឆ្នាំមុន មាន​អ្នក​ចុះឈ្មោះ​ប្រើប្រាស់​រាប់ម៉ឺន​នាក់​ហើយ ។

​អ្វីដែល​ពិសេស​អេស៊ីលីដា ទាន់​ចិត្ត បាន​ត​ភ្ជាប់​ពី​គណនី​ធនាគារ​ផ្ទាល់​ទៅកាន់​សេវាកម្ម​នោះ ដូចនេះ អតិថិជន​អាចធ្វើ​ការទូទាត់​បាន​គ្រប់ពេល​និង​គ្រប់​ទីកន្លែង ដោយ​គ្រាន់​តែមាន​សមតុល្យ​ទឹកប្រាក់​នៅក្នុង​គណនី ៕