កាណូត​ចាប់ផ្តើម​ដឹក​អ្នកដំណើរ​ព្រែក​ព្នៅ​-​ភ្នំពេញ​-​តាខ្មៅ ដោយ​ឥតគិតថ្លៃ ពី​ពេលនេះ ដល់​ថ្ងៃទី​១ សីហា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 April, 2018 ក+ ក-

ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជ​ន​នៅ​ព្រឹក​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៨​នេះ បាន ចាប់ផ្តើម​ដាក់​ឲ្យ​ដំណើរការ​ជា​បណ្តោះអាសន្ន​នូវ​កាណូត​ដឹក​អ្នកដំណើរ ព្រែក​ព្នៅ​-​ភ្នំពេញ​-​តាខ្មៅ​នៅ​ស្ថានីយ​នាវា​ដឹក​អ្នកដំណើរ​ឬ​ស្សី​កែវ គីឡូម៉ែត្រ​លេខ​៦ ចំណុច​ទីលាន​ប្រជាធិបតេយ្យ​ថ្មី តាមផ្លូវ​ជាតិ​លេខ​៥​។​

​លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​មាន ប្រសាសន៍​ឱ្យដឹងថា​ការដាក់ឱ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​គម្រោង​កាណូត​ដឹក​អ្នកដំណើរ​ព្រែក​ព្នៅ​-​ភ្នំពេញ​-​តាខ្មៅ​នេះ បាន​ចូលរួមចំណែក​ដល់​ការផ្តល់​មធ្យោបាយ​ធ្វើដំណើរ​បន្ថែមទៀត​ជូន​ប្រជា ពលរដ្ឋ ចំណេញ​ពេលវេលា និង​កាត់បន្ថយ​ការចំណាយ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ចូលរួម​កាត់ បន្ថយ​ការកកស្ទះ​ចរាចរណ៍​នៅតាម​ដងផ្លូវ​ផងដែរ​។ ប្រជាពលរដ្ឋ​អាចធ្វើ​ដំណើរ​តាម​កាណូត​ដឹក​អ្នកដំណើរ​នេះ ដោយ​ឥតគិតថ្លៃ រហូតដល់​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៨​។​

សូមបញ្ជាក់ថា​ការដឹកជញ្ជូន​អ្នកដំណើរ​តាមផ្លូវ​ទឹក​ពី​កំពង់​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ទៅ​ក្រុង​តាខ្មៅ​ខេត្តកណ្តាល ដោយ​ឆ្លងកាត់​ស្ថានីយ៍​រង់ចាំ​អ្នកដំណើរ​ចំនួន​៦​កន្លែង មានដូចជា​៖ កំពង់ផែ​ព្រែក​ព្នៅ ,​កំពង់ផែ​មុខ​ឃ្លាំង​សាំង​ឫស្សីកែវ ,​កំពង់ផែ​ផែបណ្តែត ,​កំពង់ផែ​ណាហ្គា ,​កំពង់ផែ​ភូមិ​ដើម​ចាន់​ច្បារអំពៅ និង​កំពង់ផែ​សួនច្បារ​តាខ្មៅ​។​

គម្រោង​នេះ​ប្រើប្រាស់​កាណូត​ចំនួន​៤​គ្រឿង ក្នុងនោះ​២​គ្រឿង ត្រូវបាន​បញ្ជា​ទិញ​ពី​ប្រទេស​វៀតណាម និង​២​គ្រឿង​ទៀត ជាការ​ជួសជុល​កាណូត ដែលមាន​ស្រាប់​នៅក្នុង​ស្រុក​ឡើងវិញ​។ កាណូត​ដែល​ដាក់ឱ្យ​ដំណើរការ​នេះ​ជា​របស់​ក្រុមហ៊ុន Royal Express Boat អាច​ផ្ទុក​មនុស្ស ៦០​នាក់ និង​ជា​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ដែល​កំពុង​សាងសង់ អាច​ផ្ទុក​បាន ៥៤​នាក់ បំពាក់​ដោយ​ម៉ាស៊ីនត្រជាក់ និង​ពោង​សុវត្ថិភាព​។​

ជា​ជំហាន​ដំបូង​នេះ កាណូត​នឹងធ្វើ​ចរាចរណ៍​ផ្តល់​សេវា ចេញដំណើរ​ពី ព្រែក​ព្នៅ ទៅ​ក្រុង​តាខ្មៅ ចម្ងាយ​សរុប​ប្រមាណ​២៥​គីឡូ ម៉ែត្រ ចំណាយពេល​វេលា​ជា​មធ្យម ៣៤​នាទី​។​

ទន្ទឹមនឹង​ការដាក់​ដំណើរការ​កាណូត​ដឹក​អ្នកដំណើរ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ មន្ត្រី​នៃ​កម្ពុជា បាន​ឲ្យ​រថយន្តក្រុង​សាធារណៈ​របស់​សាលា រាជធានី ភ្នំពេញ រត់​នៅលើ​ផ្លូវជាតិ​លេខ ១, ៣, ៤, ៥ និង​លេខ​៦ ដើម្បី​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​នៅមុន​និង​ក្រោយ​បុណ្យចូលឆ្នាំថ្មី ដោយ​ឥត គិតថ្លៃ​ផងដែរ ដែល​ការដឹកជញ្ជូន​នេះ នឹងត្រូវ​ចាប់ផ្តើម​ពីថ្ងៃ​ទី​១២ ដល់​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ ២០១៨៕​

សូមមើលតារាងបង្ហាញទីតាំងចំណតរថយន្ត តាមគោលដៅចេញទៅតាមបណ្តាខេត្ត  ៖