ពន្ធដារ​កម្ពុជា តម្រូវ​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញ វត្ថុ​បញ្ជូន​របាយការណ៍​ព័ត៌មាន​ពី​គណនី​ជនជាតិ​អាមេរិក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 April, 2018 ក+ ក-

​ភ្នំពេញ ៖ ជាការ​អនុវត្តតាម​កិច្ចព្រមព្រៀង​ស្តីពី​ច្បាប់​ពន្ធ​អន្តរជាតិ រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក អគ្គនាយកដ្ឋាន​ពន្ធដា​រ តម្រូវ​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​សហគ្រាស​ធានារ៉ាប់រង បញ្ជូន​របាយការណ៍​ព័ត៌មាន​គណនី​ជនជាតិ​អាមេរិក​។​

​អគ្គនាយក​ពន្ធដារ (GDT) បាន​ជូនដំណឹង​មួយ​កាល​ពីស​ប្តា​ហ៌​មុន ដែល​តម្រូវអោយ​ធនាគារ ក្រុមហ៊ុន​ធានារ៉ាប់រង និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ទាំងអស់​នៅ​កម្ពុជា ត្រូវបញ្ជូន​របាយការណ៍​ព័ត៌មាន​ដែល​ទាក់ទង​នឹង​គណនី​របស់​ជនជាតិ​អាមេរិក សម្រាប់​ឆ្នាំ​២០១៧ អោយបាន​មុន​ថ្ងៃទី ២៩ ខែមិថុនា ដើម្បី​អគ្គនាយកដ្ឋាន​ពន្ធដារ ពិនិត្យ​និង​បញ្ជូន​របាយ​យ​ការ​ណ៌​ទាំងនោះ ទៅកាន់ អាជ្ញាធរ​ចំណូល​ក្នុងស្រុក​សហរដ្ឋអាមេរិក (US Internal Revenue Service-IRS) អោយបាន​ទាន់ពេលវេលា​។

​អគ្គនាយកដ្ឋាន​ពន្ធដា​រ បានបញ្ជាក់​ក្នុង​សេចក្តីជូនដំណឹង​នេះ​ថា ក្នុងករណី​ផ្ញើ​របាយការណ៍​យឺត​ពេល​កំណត់ ត្រឹម​ថ្ងៃទី​២៩ ខែមិថុនា​នោះ ធនាគារ សហគ្រាស​ធានារ៉ាប់រង និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដែលមាន​កាតព្វកិច្ច​ត្រូវ​រាយការណ៍​ស្ថិតក្រោម​កិច្ចព្រមព្រៀង FATCA នឹងត្រូវ​ទទួលខុសត្រូវ និង​រង​ពិន័យ​ណាមួយ យោងតាម​កិច្ចព្រមព្រៀង​នេះ​។ ការធ្វើ​របាយ​ការ​ណ៌​ប្រចាំឆ្នាំ​ដែល​ទាក់ទង​នឹង គណនី​របស់​ជនជាតិ​អាមេរិក​នេះ គឺជា​ការអនុវត្ត តាម​កិច្ចព្រមព្រៀង​មួយ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​អាមេរិក ដើម្បី​ធ្វើអោយ​ប្រសើរឡើង​នូវ​អនុលោមភាព​ពន្ធ​អន្តរជាតិ និង​ដើម្បី​អនុវត្ត​តាមច្បាប់ ស្តីពី​អនុលោមភាព​ពន្ធចំពោះ​គណនី​ក្រៅប្រទេស​របស់​សហរដ្ឋ​អាមេរិក (FATCA)៕​