​វិនិយោគិន​ចិន​ខេត្ត​ស៊ី​ឈួន​នឹង​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​ដ៏​ធំ​លើកដំបូង​នៅ​កម្ពុជា នា​ខែមិថុនា ឆ្នាំនេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 April, 2018 ក+ ក-

​ភ្នំពេញ ៖ វិនិយោគិន មួយក្រុម​មកពី​ខេត្ត​ស៊ី​ឈួន ប្រទេស​ចិន ដែល​បាន​បោះទុន​វិនិយោគ​លើ​វិស័យ​សំណង់​នៅក្នុង​ប្រទេស​កម្ពុជា គ្រោង​នឹង​រៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍​ធំ​មួយ នៅ​អំឡុង​ខែ មិថុនា ឆ្នាំ​២០១៨ ខាងមុខនេះ​។​

នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​មជ្ឈមណ្ឌល​សន្និបាត​កោះ​ពេជ្រ កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមេសា នេះ លោក លី តុង​ឈួន អគ្គលេខាធិការ​ជំរុញ ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ នៃ​ខេត្ត​ស៊ី​ឈួន​ប្រទេស​ចិន និង​ជា​អ្នករៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍​នេះ បានអោយដឹងថា ពិព័រណ៍​នៅ​ឆ្នាំនេះ​នឹងធ្វើ​តាម​យុទ្ធសាស្ត្រ​នៃ ” ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ​” សម្រាប់​កសាង​វេទិកា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ដែលមាន​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់ ពង្រីក​ទំហំ​ថ្មី​សម្រាប់​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទ្វេភាគី ដែល​ផ្តោត​សំខាន់​លើ​គ្រឿង​សង្ហា​រឹម សម្ភារៈ​គ្រឿងសំណង់ សម្ភារៈ​បន្ទប់ទឹក ផលិតផល​សេ​រ៉ា​មិច ភ្លើងចង្កៀង​បំភ្លឺ គ្រឿង​សង្ហា​រឹម ឥត​ការ៉ូ ថ្ម​ម៉ាប ថ្នាំលាប​ថ្នាំ​បៀក​ជាដើម ដែល​សុទ្ធសឹង​ជាមាន​ម៉ាក​ល្បី ៗ ក្នុងប្រទេស​ចិន រួមជាមួយ​នឹង​ព្រឹត្តិការណ៍​លក់​បញ្ចុះដម្លៃ​ជាច្រើន​ក្នុង​ពិព័រណ៍​នេះ ។

​លោក​បន្តថា កម្ពុជា​គឺជា​ប្រទេស​សំខាន់​មួយ​ដែល​ខេត្ត​ស៊ី​ឈួន​ចូលរួម​ក្នុង​កសាង​យុទ្ធសាស្ត្រ ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មានការ​អភិវឌ្ឍ​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស ដែលមាន​តម្រូវការ​យ៉ាង​ធំ​នៅក្នុង​វិស័យ​គ្រឿង​សង្ហា​រឹម សម្ភារៈ​គ្រឿងសំណង់ កសិកម្ម គ្រឿងចក្រ​ជាដើម ដែល​ផលិតផល​ភាគច្រើន​ផ្អែកលើ​ការនាំ​ចូល ដែល​នាំមក​នូវ​ការអភិវឌ្ឍ​យ៉ាង​ធំ​សម្រាប់​ឱកាស​អាជីវកម្ម និង​កន្លែង​ខ្វះចន្លោះ ។

​លោក​រំពឹងថា ព្រឹត្តិការណ៍​ពិព័រណ៍​មួយ​នេះ នឹង​អាច​ជំ​រុញអោយ​សកម្មភាព​ពា​ណិ​ជ្ជ​កម្ម នៅក្នុង​ប្រទេស​កម្ពុជា កាន់តែ​ទូលំទូលាយ និង​អាច​ពង្រីក​កិច្ចសហការ​ជាមួយ​ប្រទេស​កម្ពុជា និង​ចិន​បន្ថែមទៀត​អោយស្រប​ទៅនឹង​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ទាំងពីរ ។

​លោក ម៉ៅ ថូ​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​មានប្រសាសន៍ថា តាមរយៈ​សកម្មភាព​នេះ បាន ស បញ្ជាក់​ពី​ទំនុកចិត្ត​របស់​វិនិយោគិន​ចិន មកលើ​ស្ថានភាព​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ព្រោះ​កម្ពុជា បាន​រក្សា​នូវ​ស្ថានភាព និង​ស្ថេរភាព​ល្អ ទាំង​សេដ្ឋកិច្ច និង​នយោបាយ សម្រាប់​ទាក់ទង​វិនិយោគិន​បរទេស​នានា ។​

លោក​បន្តថា វិនិយោគិន​បរទេសមួយ​ចំនួន ដែល​មិនទាន់បាន​មកដល់​ប្រទេស​កម្ពុជា ហាក់​មានការ​រារែក បន្តិច ដោយសារ​តែមាន​អ្នក តែង​និយាយ​អាក្រក់​ពី​កម្ពុជា ដែលជា​ការ​បំ​ផ្លៃ​ពី​ការពិត​។ ក៏ប៉ុន្តែ​ជាក់ស្តែង​នៅពេល​អ្នកវិនិយោគ មកដល់​កម្ពុជា​ផ្ទាល់ ពួកគេ​នឹងមិន​រារែក​ក្នុង​ចិត្ត​ទៀត​ទេ ពោល​ពួកគេ​នឹង​បណ្ដាក់​ទុនវិនិយោគ នៅក្នុង​ប្រទេសមួយ​នេះ ។ ដោយសារ​កម្ពុជា មាន​កម្លាំង​ពលកម្ម​គ្រប់គ្រាន់​សម្រាប់​ផ្ដល់ជូន​វិនិយោគិន ហើយ​អ្វីដែល​ពិសេស​នោះ កម្ពុជា​ក៏បាន​កសាង​ហេ​ដា្ឋ​រចនាសម្ព័ន្ធ ទាំង​ផ្លូវគោក ផ្លូវទឹក ផ្លូវ​ដេក និង​ផ្លូវអាកាស សម្រាប់​ដឹកជញ្ជូន ។

​គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍​ពិព័រណ៍​ដ៏​ធំ​មួយ​នេះ នឹង​ផ្ដោតទៅលើ​វិស័យ​សំណង់ ស្របពេល​វិស័យ​មួយ​នេះ កំពុង​ដើរ​នាទី​សំខាន់ នៅក្នុង​កំណើនសេដ្ឋកិច្ច និង ផលិតផល​ក្នុងស្រុក​សរុប ។

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន ចេង​ទូ​ប៉ា​យី គ្រុប ដែលជា​អ្នករៀបចំ​ព្រឹត្តិការណ៍​នេះ រំពឹងថា​នឹងមាន​ក្រុមហ៊ុន​ចូលរួម​តាំង​បង្ហាញ​សម្ភារៈ​សំណង់ គ្រឿង​សង្ហា​រឹម និង​ផលិតផល​ទាក់ទង​នឹង​សំណង់​យ៉ាងតិចណាស់ ក៏​១០០​ក្រុមហ៊ុន​ដែរ ៕