ឆ្នាំនេះ អគារ​ទំនើប​ក្នុង​រាជធានី​ភ្នំពេញ កើន​ដល់ ៣៦៥​គំរោង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 April, 2018 ក+ ក-

​ភ្នំពេញ ៖ ខណៈដែល​រាជធានី​ភ្នំពេញ និង​ទីប្រជុំជន​នានា​ក្នុងប្រទេស​កម្ពុជា មាន​តម្រូវការ​ជា​មធ្យម​ប្រមាណ​ជា​5​ម៉ឺន​លំនៅដ្ឋាន ក្នុង​មួយឆ្នាំៗ តម្រូវការ អា​ផាត​មិន ក៏​កាន់តែ​កើនឡើង​ច្រើន​ផងដែរ ដោយ​អ្នកជំនាញ​អចលនទ្រព្យ បាន​ឲ្យ​ដឹងថា នាពេល​បច្ចុប្បន្ន នៅ​រាជធានី​ភ្នំពេញ​មាន អា​ផាត​ម៉ិ​ន ចំនួន ៣៦៥​គំរោង​។​

​តាម​ការបញ្ជាក់​របស់​ក្រុមហ៊ុន Century21 Mekong បាន​និយាយ​ឲ្យ​ដឹងថា គិត​ត្រឹម​ដំណាច់ត្រីមាស​ទី​១​ឆ្នាំនេះ នៅ​រាជធានី​ភ្នំពេញ​មាន​អា​ផាត​ម៉ិ​ន​ចំនួន​៣៦៥​គំរោង ក្នុងនោះ អា​ផាត​ម៉ិ​ន​ចំនួន​១៤៨ ត្រូវបាន​បញ្ចប់​ការសាងសង់​និង​ដាក់​ឲ្យ​ដំណើរការ​ហើយ ដែល​ធ្វើ​ឲ្យ​ទីផ្សារ កាន់តែ​មានការ​ប្រកួត​ប្រជែង​កាន់តែខ្លាំង​។ បើទោះបីជា​កំនើន​នៃ​ការផ្គត់ផ្គង់ និង​សាងសង់​ក្តី ប៉ុន្តែ​តម្លៃ​ជួល​អា​ផាត​ម៉ិ​ន​ទាំងនោះ​មិនបាន​ធ្លាក់ចុះ​នោះទេ ដោយសារ​ចំនួន​អ្នក​ជួល​នៅតែ​កើនឡើង​នៅក្នុង​ទីផ្សារ​នេះ​។

​តាម​ការវាយតម្លៃ​រប​ស់​ក្រុមហ៊ុន​អចលន​ទ​ព្យ បង្ហាញថា​ក្នុង​អា​ផាត​ម៉ិ​ន​មួយ​បន្ទប់​គេង​នៅ​តំបន់​ទួល​ទំពូង និង​ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ អាច​ជួល​បាន​ក្នុងតម្លៃ​ចន្លោះ​៤០០​ទៅ​៧០០​ដុល្លារ​អាមេរិក​។

ចំណែក​អា​ផាត​ម៉ិ​ន​ដែលមាន​ពីរ​បន្ទប់​គេង​មានតម្លៃ​ចន្លោះ​ពី​៧០០ ទៅ​១៥០០​ដុល្លារ​អាមេរិក​។ និង​អា​ផាត​ម៉ិ​ន មាន​៣​បន្ទប់​គេង​មានតម្លៃ​ចន្លោះ​ពី​១៥០០ ទៅ​២៥០០​ដុល្លារ​អាមេរិក​ក្នុង​មួយខែ​។ មូលហេតុ​ដែលមាន​កំណើន​នៃ​តម្រូវការ​ស្នាក់នៅ​ក្នុង​អា​ផាត​មិន​នេះ គឺ​ដោយសារ កំនើន​អ្នកវិនិយោគ​អន្តរជាតិ និង​អ្នកជំនាញ​អន្តរជាតិ​កាន់តែច្រើន ចូលមក​រស់នៅ​ក្នុងប្រទេស​កម្ពុជា​។

​គួរ​បញ្ជាក់ថា តាម​ការសិក្សា​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​រកឃើញថា សម្រាប់​រយៈពេល 15​ឆ្នាំ​ទៀត គិត​ចាប់ពី​ឆ្នាំ 2015 ដល់ 2030 តម្រូវការ​លំនៅដ្ឋាន​ស​ម្រា​ប់​ក្នុង​រាជធានី​ភ្នំពេញ និង​ទីប្រជុំជន​នានា​ក្នុងប្រទេស​កម្ពុជា មាន​ប្រមាណ 80​ម៉ឺន​លំនៅដ្ឋាន​ទៀត ដោយសារ​តម្រូវ​ជា​មធ្យម ក្នុង​មួយឆ្នាំៗ មាន​ប្រមាណ​ជា 5​ម៉ឺន​លំនៅដ្ឋាន ៕