ភ្នំពេញ ៖ កម្មវិធីប្រកួតទាញព្រ័តនេះ រៀបចំធ្វើឡើងកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ នេះ មានការចូល រួមលេងកំសាន្តពីបណ្តាកងកម្លាំងមួកខៀវ នៃប្រទេសផ្សេងៗជាច្រើនទៀត។
ក្នុងឱកាសដែលកងកម្លាំងវិស្វកម្មកម្ពុជាកំពុងបំពេញបសកកម្មរក្សាសន្តិភាពអន្តរជាតិនៅប្រទេសលីបង់ បានរៀបចំពិធីអបអរសារទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលត្រូវបានទទួលការចាប់ អារម្មណ៍ពីសំណាក់កម្លាំងជាតិប្រចាំនៅតំបន់បេសកកម្មនានាដែលកំពុងបំពេញភារកិច្ចនៅ ប្រទេស លីបង់ ហើយបានចូលរួមលេងកំសាន្តនូវល្បែងប្រជាប្រិយខ្មែរយ៉ាងសប្បាយរីករាយ។
សូមបញ្ចាក់ថា នៅពេលដែលកម្ពុជា ទទួលបាននូវសន្តិភាពពេញលេញ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហុន សែន បានសម្រេចធ្វើការបញ្ជូនកម្លាំងមួកខៀវកម្ពុជា ទៅ បំពេញការងារមនុស្សថម៌ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដែលបានធ្វើអោយកម្ពុជា មានសិទ្ធិស្មើមុខ ស្មើ មាត់ជាមួយប្រទេសនានាផ្សេងៗទៀតនៅលើឆាកអន្តរជាតិ។
ចាប់តាំងពីឆ្នាំ២០០៦ មក កម្ពុជាបានបញ្ជូនកម្លាំងចំនួនសរុបប្រមាណជាង៥ពាន់នាក់ ហើយ ក្នុងនោះមានស្ត្រីចំនួនប្រមាណជាង២០០នាក់ ទៅចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ ខណៈបច្ចុប្បន្នកម្ពុជាមានកម្លាំងចំនួនជិត១ពាន់នាក់ ដែលកំពុងបំពេញ បេសកកម្មនៅប្រទេស ស៊ូដង់ ខាងត្បូង អាហ្វ្រិកកណ្តាល លីបង់ និងម៉ាលី។ កម្លាំងមួកខៀវទាំងអស់នេះ ដែលធ្វើអោយប្រទេសកម្ពុជា ជាប្រទេសបរិច្ចាគកម្លាំងរក្សាសន្តិភាពច្រើនជាងគេលំដាប់ទី២ នៅក្នុងតំបន់អាស៊ាន៕