ក្រុមហ៊ុន​ថ្មី​ជាង ៣​ពាន់ បាន​ចុះបញ្ជី​ពាណិជ្ជកម្ម​ក្រសួង​ពាណិជ្ជកម្ម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 April, 2018

​ភ្នំពេញ ៖ ទិន្នន័យ​របស់​ក្រសួងពាណិជ្ជកម្ម បាន​បង្ហាញថា គិត​ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​២០១៨​នេះ មាន​ក្រុមហ៊ុន និង សហគ្រាស​ថ្មី​ចំនួន​ជាង ៣​ពាន់​៥​រយ បានធ្វើការ​ចុះបញ្ជី​តាម​អន​ឡាញ​របស់​ក្រសួង ដែល​ចំនួន​នេះ គឺ​កើនឡើង​១៥៩​ភាគរយ បើ​ធៀប​ត្រីមាស​ទី​១ កាលពី​ឆ្នាំ​២០១៧​។​

គិត​ត្រឹម​ខែមេសា ឆ្នាំ​២០១៨​នេះ មាន​ក្រុមហ៊ុន និង​សហគ្រាស សរុប​ជាង​៦​ម៉ឺន​ហើយ ដែល​បានធ្វើ​ការចុះបញ្ជី​ត្រឹមត្រូវ និង​ស្របច្បាប់ តាមរយៈ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​។ ជាមួយគ្នានេះ គិត​ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​២០១៨ មាន​ក្រុមហ៊ុន និង សហគ្រាស​ថ្មី​ចំនួន​ជាង ៣​ពាន់​៥​រយ ក្រុមហ៊ុន​បានធ្វើការ​ចុះបញ្ជី​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណិ​ត រឺ​ប្រព័ន្ធ​អន​ឡាញ​របស់​ក្រសួង​។ ចំនួន​នេះ មានការ​កើន ឡើង​១៥៩​ភាគរយ បើ​ធៀប​នឹង​ត្រីមាស​ទី​១ កាលពី​ឆ្នាំ​២០១៧​។ នេះ​បើតាម​ការបញ្ជាក់​របស់ លោក ឱម តារា​រិ​ទ្ធ ប្រធាន​នាយកដ្ឋាន​ចុះបញ្ជី​នៃ​ក្រសួងពាណិជ្ជកម្ម​។

​លោក​បាន​បញ្ជាក់ថា ក្រោយពី​ប្រកាស​ដាក់​ឲ្យ​ដំណើរ​ចុះបញ្ជីរ​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត ឬ​អន​ឡាញ មកដល់ពេលនេះ ការចុះបញ្ជី​ដោយ​ដៃ​ត្រូវ​បានបញ្ចប់​ទាំងស្រុង​១០០​ភាគរយ ដោយសារ ពាណិជ្ជករ ម្ចាស់​ក្រុមហ៊ុន ម្ចាស់​សហគ្រាស បាន​យល់​កាន់តែច្រើន​អំពី​អត្ថ​ប្រ​យោ​ជ​ន៌​នៃ​ការចុះបញ្ជី​តាម​អន​ឡាញ ក្នុងនោះ ម្ចាស់​ក្រុមហ៊ុន ឬ​ម្ចាស់​សហគ្រាស អាច​បង់ប្រាក់​តាម​អន​ឡាញ​សម្រាប់​ថ្លៃ​ចុះបញ្ជី​បាន​យ៉ាង​ងាយ ដោយ​ក្រសួងពាណិជ្ជកម្ម បាន​សហការ​ជាមួយ​ធនាគារពាណិជ្ជ​ជាច្រើន​ក្នុងស្រុក​។ ម្យ៉ាងវិញទៀត ការចុះបញ្ជី​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្មនេះ បាន​កាត់បន្ថយ​ការចំណាយ​ពេលវេលា​ក្នុងការ​ចុះបញ្ជី​ក្រុមហ៊ុន ដែល​ពីមុន​ត្រូវ​ចំណាយពេល​ពី​៥​ទៅ​៦​ថ្ងៃ មក​នៅត្រឹមតែ​រយះពេល​១​ម៉ោង​ប៉ុណ្ណោះ​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​ថ្មី​នេះ​។

​គួររំលឹកថា ដំណើរការ​ការចុះបញ្ជី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត ឬ​អន​ឡាញ របស់​ក្រសួង ពាណិជ្ជកម្ម ត្រូវបាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ចាប់​តាំង​ខែមករា ឆ្នាំ​២០១៦​មក​។ ចំណែក កម្មវិធី រឺ Application របស់​ក្រសួងពាណិជ្ជកម្ម ក៏ត្រូវ​បានដាក់​អោយ​ដំណើរការ កាលពី​ខែធ្នូ ឆ្នាំ​២០១៧​កន្លងមក​ផងដែរ ដែល​អាចអោយ​សាធារណៈជន ចូល​មើល​ព័ត៌មាន រឺ​ទាញយក​របាយ​ការ​ណ៌​នានា​របស់​ក្រសួងពាណិជ្ជកម្ម បាន​លឿន និង​ងាយស្រួល តាមរយៈ​ទូរស័ព្ទដៃ​។

​បើតាម​ការលើកឡើងរ​បស់ លោក​ឧកញ៉ា តែ តាំង​ប៉រ ប្រធាន​សម​ព័ន្ធ​សមាគម​សហគ្រាស​ធន​តូច និង​មធ្យម ហៅ​កាត់​ថា FASMECs បានបញ្ជាក់​ប្រាប់​តាមរយៈ​ទូរ​ទស្ស​ន៌​អាស៊ី​អា​គ្នេ​យ៌ កន្លងមក​ថា ការចុះបញ្ជី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ មាន​ភាពងាយស្រួល ជាង​ការចុះទៅ​បញ្ជី​ដោយផ្ទាល់​ជាមួយ​ក្រសួង ដែលមាន​ដំណើរការ និង​និតិ​វិធី​ស្មុគស្មាញ​។

​គួរ​បញ្ជាក់ថា តាម​របាយ​ការ​ណ៌​របស់ លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ នាពេល​កន្លងមក​បង្ហា​ញ​ថា គិត​ត្រឹម​ដំណាច់ឆ្នាំ​២០១៧ មាន​រោងចក្រ​ធុន​ធំ សរុប ១៥២២​រោងចក្រ បាន​ចុះបញ្ជី​ពាណិជ្ជកម្ម​។ ចំណែកឯ​សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម មាន​ចំនួន​សរុប ១៥​ម៉ឺន ៥៦៤០​មូលដ្ឋាន​៕​