ភ្នំពេញ៖ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានស្នើសុំទៅនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រយោជន៍ការពារខ្លួនចំពោះបណ្តឹងពីបទឆបោកប្រាក់ប្រមាណជាង៧ម៉ីនដុល្លារអាមេរិក។
ប្រភពព័ត៌មានបានរាយការណ៍ថា លោក ខឹម វាសនា ត្រូវបានគេប្តឹងពីបទឆបោក និងបទកំហែងយក ពាក់ព័ន្ធទៅនឹងការខ្ចីប្រាក់ជាង ៧ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ពីកសិករម្នាក់ដែលគាំទ្រគណបក្សរបស់លោកកាលពីអំឡុងឆ្នាំ២០០៩ ដល់ឆ្នាំ២០១១ ហើយនៅថ្ងៃទី០៦ ខែមេសាម្សិលមិញនេះ លោកខឹម វាសនា បានចេញលិខិតស្នើសុំ អន្តរាគមន៍ពី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្វែងរកយុត្តិធម៌ដល់រូបលោក។
ការស្នើឱ្យលោក ហ៊ុន សែន ជួយស្វែងរកយុត្តិធម៌នេះ ធ្វើឡើងបន្ទាប់ពីលោកខឹម វាសនា បានអះអាងថា តុលាការបានលម្អៀងទៅកាន់ដើមបណ្តឹងឈ្មោះឌុក មឿន ដែលមានលោកឈឹម ផលវរុណ ជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅពីក្រោយរឿងក្តីនេះ។ លោកខឹម វាសនា បានលើកឡើងថា បើទោះបីជាលោកជាគណបក្សប្រឆាំង ធ្លាប់បានរិះគន់រដ្ឋាភិបាលក៏ពិតមែន ប៉ុន្តែលោកបានជឿជាក់ថា លោកហ៊ុន សែន ក៏មិនពេញចិត្តអំពើអយុត្តិធម៌នោះដែរ ហើយបើលោកហ៊ុន សែន ចេញអន្តរាគមន៍នោះ ប្រាកដជាឃើញរឿងនេះ ថាជាអំពើអយុតិ្តធម៌មិនខាន។
គួរបញ្ជាក់ថា ដើមបណ្តឹងក្នុងសំណុំរឿង ប្តឹងលោក ខឹម វាសនា គឺលោក ឌុក មឿន ជាកសិករម្នាក់ ដែលគាំទ្របក្សរបស់លោក ខឹម វាសនា។ ដើមបណ្តឹង បានលើកឡើងថា លោក ខឹម វាសនា បានឆបោកលោកអស់ជាង ៧ម៉ឺនដុល្លារអាមេរិក ពាក់ព័ន្ធនឹងការទិញដីធ្លី និងខ្ចីប្រាក់ កាលពីក្នុងអំឡុងឆ្នាំ២០០៩ និងឆ្នាំ២០១១។ ប៉ុន្តែលោក ខឹម វាសនា មិនព្រមសងទាល់តែសោះ រហូតមានការប្តឹងផ្តល់ទៅតុលាការតែម្តង៕លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ