រោងចក្រ​ចំនួន​៣​ថ្មី​ទៀត​នឹង​បង្កើត​នៅ​ភ្នំពេញ ប្រើ​ទុន​ជាង​១០​លាន​ដុល្លារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 May, 2018 ក+ ក-

​ភ្នំពេញ ៖ ក្នុង​សប្តាហ៍​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា CDC បាន​ចុះបញ្ជី​អនុញ្ញាត​ឲ្យ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ចំនួន​២ និង​ផលិត​ស្បែកជើង​ថ្មី ចំនួន​១ បើក​ដំណើរការ​នៅ​កម្ពុជា ក្រោម​ទុនវិនិយោគ​ជាង​១០​លាន​ដុល្លារ​អាមេរិក ដែល​រំពឹងថា​នឹង​ផ្តល់​ការងារ​ថ្មី​ជាង ៣​ពាន់​កន្លែង​។​

​បើតាម​ព័ត៌មាន​លើ​ទំព័រ Facebook ផ្លូវការ​របស់ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅថា CDC នៅ​ថ្ងៃទី​៣០ ខែមេសា​នេះ​ថា បាន​បង្ហាញថា គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ «​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​» ដល់​ក្រុមហ៊ុន​វិនិយោគ​បរទេស​ថ្មី​ចំនួន​៣ ដែលជា​រោងចក្រ​ដំណើរការ​លើ​ការផលិត​សំលៀកបំពាក់ និង ផលិត​ស្បែកជើង ក្នុងនោះ​មាន ៖

១៖ ក្រុមហ៊ុន JIN YUNJIN (CAMBODIA) GARMENT CO.,LTD. គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៤ ភូមិ​ផ្សារ​កំបូល សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ជាង ២​លាន​៣​សែន ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ៨៦០​កន្លែង​។

២៖ ក្រុមហ៊ុន HOTA FOOTWEAR CO., LTD.: គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ជាង ៥​លាន​៤​សែន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ជាង ១​ពាន​៦​រយ​កន្លែង​។

៣៖ ក្រុមហ៊ុន CAMBO H.D.Y.L GARMENT CO.,LTD. :​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ជាង​២​លាន​៣​សែន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ៨៦០​កន្លែង​។

​ជារួម ការចេញ​វិញ្ញ​បន​ប័ត្រ​ចុះបញ្ជី អនុញ្ញាត​របស់ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ដល់​រោងចក្រ​ចំនួន​៣​ថ្មី​នេះ មាន​ទុនវិនិយោគ​សរុប​ជាង​១០​លាន​ដុល្លារ​អាមេរិក និង​អាច​ផ្តល់​ការងារ​ថ្មីៗ​ជូន​ប្រជាពលរដ្ឋ​បាន​ជាង​៣​ពាន់​កន្លែង​។

​គួរ​បញ្ជាក់ថា តាម​របាយការណ៍ របស់​ក្រុមប្រឹក្សា​ភិ​វឌ្ឍន៍​កម្ពុជា ក្នុង​ឆ្នាំ ២០១៧ រាជរដ្ឋាភិបាល​កម្ពុជា​បានផ្តល់​សិ​ទិ្ធ​ដល់​គម្រោង​ស្នើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រុមហ៊ុន​បរទេស សរុប​មានតម្លៃ​ជា​ទឹកប្រាក់ ៦​ពាន់​៣០០ លាន​ដុល្លារ​អាមេរិក​។ ចំណែក​យោងតាម​ទិន្នន័យ​របស់​ក្រសួងមហាផ្ទៃ គិត​ត្រឹម​ចុងឆ្នាំ​២០១៧ មាន​ក្រុមហ៊ុន​បរទេស​សរុប​ចំនួន​២១៥២​ក្រុមហ៊ុន កំពុង​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​៕​0 00